និស្សិតពេទ្យ៣រូប ប្តេជ្ញាយកចំណេះពីបារាំង មកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា
- ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

ភ្នំពេញ៖ និស្សិតពេទ្យ៣រូ បដែលប្រឡងជាប់អាហារូបករណ៍រយៈពេល១ឆ្នាំ នឹងទៅបន្តកម្មសិក្សានៅតាមមន្ទីរពេទ្យ នៅទីក្រុងបារីស ក្នុងប្រទេសបារាំង យល់ថា «ពេទ្យ» ជាជំនាញមួយដ៏សំខាន់ និងអាចជួយដល់ការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។ ពួកគេ ប្តេជ្ញាយកចំណេះពីបារាំង មកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា ។
សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
កញ្ញា វណ្ណ ពេជ្ជនី ជានិស្សិតពេទ្យផ្នែកវេជ្ជសាស្រ្តទូទៅ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជាប់ជ័យលាភីទៅសិក្សានៅបារាំង រយៈពេល១ឆ្នាំ ក្នុងឆ្នាំសិក្សា២០២៤ ដល់២០២៥។ ចង់ស្វែងយល់ពីប្រព័ន្ធអប់រំផ្នែកសុខាភិបាល ទាំងការផ្តល់សេវាព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសបារាំង បានធ្វើឱ្យកញ្ញា ពេជ្ជនី សង្វាតដាក់អាហារូបករណ៍ទៅសិក្សានៅបារាំង។
កញ្ញា វណ្ណ ពេជ្ជនី លើកឡើងថា៖ «ខ្ញុំទៅបន្តការសិក្សានៅបាំងផ្នែកតម្រងនោម និងលាងឈាម។ ខ្ញុំមើលឃើញថា នៅក្នុងវិស័យសុខាភិបាលផ្នែកតម្រងនោមនៅកម្ពុជា មិនទាន់យល់ដឹងច្រើននៅឡើយទេ។ អ៊ីចឹងនៅពេលខ្ញុំត្រឡប់មកវិញ ខ្ញុំអាចនឹងយកមុខវិជ្ជានេះ ដើម្បីមកផ្សព្វផ្សាយនៅកម្ពុជា ឱ្យបានដឹងទូលំទូលាយ ជាពិសេសជួយអភិវឌ្ឍន៍ការថែទាំតម្រងនោមឱ្យបានល្អ ចៀសផុតពីការលាងឈាមនាពេលអនាគត»។

កញ្ញា វណ្ណ ពេជ្ជនី ជានិស្សិតពេទ្យផ្នែកវេជ្ជសាស្រ្តទូទៅ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
តាមរយៈមុខជំនាញវេជ្ជសាស្រ្តដែល ពេជ្ជនី កំពុងសិក្សានាងមានជំនឿចិត្តថា អាចចូលរួមដោះស្រាយបញ្ហាក្នុងវិស័យសុខាភិបាលមានភាពល្អប្រសើរ។ និស្សិតពេទ្យផ្នែកវេជ្ជសាស្រ្តទូទៅរូបនេះ ចង់ក្លាយខ្លួនជាធនធានមនុស្សដ៏មានគុណភាពក្នុងវិស័យសុខាភិបាលនាថ្ងៃអនាគត។ ជាមួយគ្នានេះ កញ្ញា វណ្ណ ពេជ្ជនី បន្ទាប់ពីចប់វគ្គសិក្សាខ្លីនៅបារាំង កញ្ញា នឹងស្ម័គ្រចិត្តនបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត។
មិនខុសគ្នាពីកញ្ញា វណ្ណ ពេជ្ជនី ប៉ុន្មាននោះទេ លោក សាន្ត យូណាន់ ជានិស្សិតពេទ្យផ្នែកបេះដូង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល យល់ថា វិស័យសុខាភិបាល ជាផ្នែកមួយដ៏សំខាន់សម្រាប់សង្គម និងការពារពលរដ្ឋ។ លោក យូណាន់ លើកឡើងថា មូលហេតុដែលលោកបន្តសិក្សានៅបារាំងផ្នែកបេះដូង ដើម្បីការប្រយុទ្ធប្រឆាំងជាមួយមេរោគ ជាពិសេសយកចំណេះដឹងមកជួយសង្គ្រោះអ្នកជំងឺបេះដូងនៅកម្ពុជា។

លោក សាន្ត យូណាន់ ជានិស្សិតពេទ្យផ្នែកបេះដូង នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
និស្សិតឆ្នាំទី៣រូបនេះ សប្បាយចិត្តដែលខ្លួនជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេស ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ បន្ថែមពីនេះ និស្សិតពេទ្យផ្នែកបេះដូងរូបនេះ លើកទឹកចិត្តឱ្យនិស្សិតពេទ្យទាំងអស់ សាកល្បងប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសក្រៅ ដើម្បីទទួលបានបទពិសោធថ្មីៗ និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍការសិក្សាស្រាវជ្រាវប្រពន្ធអប់រំវិស័យសុខាភិបាលនៅកម្ពុជា។
«ខ្ញុំសង្ឃឹមថានៅពេលចប់វគ្គសិក្សានៅប្រទេសបារាំងរយៈពេល១ឆ្នាំ ខ្ញុំនឹងចូលរួមអភិវឌ្ឍជាមួយរដ្ឋាភិបាលលើវិស័យសុខាភិបាល និងចែករំលែកចំណេះដឹងនានាដល់សិស្សប្អូន ដើម្បីឱ្យវិស័យសុខាភិបាលនៅកម្ពុជារីកចម្រើនទៅមុខកាន់តែល្អ»។
នេះជាការបញ្ជាក់បន្ថែមរបស់លោក សាន្ត យូណាន់។
ទន្ទឹមនឹងនោះ កញ្ញា ខឹម មុន្នីរតនា ជានិស្សិតឯកទេសផ្នែកដាក់ថ្នាំសណ្តំ និងប្រពោធនកម្ម គិតថាក្រោយបញ្ចប់សិក្សានៅបារាំង កញ្ញា នឹងយកចំណេះដឹងមកបម្រើការងារនៅកម្ពុជា។ កញ្ញា ខឹម មុន្នីរតនា មានបំណងចង់ចូលបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាម ដើម្បីជួយសង្រ្គោះកុមារនៅទីនោះ។

កញ្ញា ខឹម មុន្នីរតនា ជានិស្សិតឯកទេសផ្នែកដាក់ថ្នាំសណ្តំ និងប្រពោធនកម្ម
មូលហេតុដែលកញ្ញា មុន្នីរតនា ជ្រើសរើសប្រទេសបារាំង ដើម្បីបន្តការសិក្សា ព្រោះនាងយល់ឃើញថា ប្រទេសមួយនេះ ធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធជាមួយប្រទេសខ្មែរ ពិសេសកញ្ញាគិតថា ប្រទេសនេះប្រហែលជាមានឯកទេសល្អលើវិស័យសុខាភិបាល។ កញ្ញា ខឹម មុន្នីរតនា បញ្ជាក់ថា៖ «គោលបំណងចង់ងដើម្បីផ្លាស់ប្ដូរបទពិសោធ ទាំងទ្រឹស្ដី និងការអនុវត្តលើផ្នែកដាក់ថ្នាំសណ្តំ និងប្រពោធនកម្ម។ ខ្ញុំចង់ឃើញវិស័យសុខាភិបាលរីកចម្រើន ជាពិសេសមានធនធានល្អបម្រើការងារមួយនេះ»។
សូមជម្រាបថា និស្សិត និងគ្រូពេទ្យកម្ពុជា ១១៥ នឹងទៅបន្តកម្មសិក្សានៅតាមមន្ទីរពេទ្យ នៅទីក្រុងបារីស ក៏ដូចជាតំបន់ផ្សេងៗ ក្នុងប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៤-២០២៥ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា៩ឆ្នាំនៅកម្ពុជា។ ការបន្តការសិក្សារបស់និស្សិតកម្ពុជានេះ ធ្វើក្រោមកិច្ចសហប្រតិបត្តការវាងកម្ពុជា និងបារាំង លើវិស័យសុខាភិបាល ដែលចាប់ ផ្តើម តាំងពីឆ្នាំ១៩៩៦មក៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: