ម្ចាស់ជ័យលាភី «រតនសម្បត្តិនៃខេត្តសៀមរាប» បន្តឆន្ទៈផ្សព្វផ្សាយខេត្តសៀមរាប
  • ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ២:៤៩ នាទី រសៀល
ម្ចាស់ជ័យលាភី «រតនសម្បត្តិនៃខេត្តសៀមរាប» បន្តឆន្ទៈផ្សព្វផ្សាយខេត្តសៀមរាប
ម្ចាស់់ជ័យលាភីទាំង៥រូប ក្នុងការប្រកួតវីដេអូឯកសារ «រតនសម្បត្តិនៃខេត្តសៀមរាប» ឆ្នាំ២០២៤។

សៀមរាប៖ កម្មវិធីប្រកួតវីដេអូឯកសារ «រតនសម្បត្តិនៃខេត្តសៀមរាប» បានរកឃើញម្ចាស់ជ័យលាភីទាំង៥ក្រុមហើយ កាលពីរសៀលថ្ងៃទី២១តុលា ម្សិលមិញនេះ នៅរោងកុន Legend Cinema ផ្សារ​ Heritage Walk ក្រុងសៀមរាប។ ម្ចាស់ជ័យលាភីខាងលើ បង្ហាញឆន្ទៈរបស់ពួកគេរៀងៗខ្លួនថា ពួកគេ នឹងបន្តផលិតវីដេអូ ដើម្បីផ្សព្វផ្សាយពីខេត្តសៀមរាប។
TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖ 

 

ម្ចាស់ជ័យលាភីលេខ១ បានទៅកញ្ញា Maddy Baxter ជាជនបរទេសពីប្រទេសអូស្ត្រាលី នាងកំពុងធ្វើជាគ្រូបង្រៀន រស់នៅក្នុងខេត្តសៀមរាប។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ កញ្ញាបានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ដោយលើកឡើងថានាង មិនបានរំពឹងសោះឡើយ ថានាងនឹងជាប់ចំណាត់ថ្នាក់ណាមួយ នៃការប្រកួតនេះ។ នាងបន្តថា នាងគ្រាន់តែចង់ចែករំលែកនូវបទពិសោធល្អៗរបស់នាង ទៅកាន់ពិភពលោក ពេលនាងមករស់នៅសៀមរាបប៉ុណ្ណោះ។  

ម្ចាស់ជ័យលាភីលេខ១ កញ្ញា Maddy Baxter ជាគ្រូបង្រៀននៅខេត្តសៀមរាប មកពីប្រទេសអូស្ត្រាលី។ 

ម្ចាស់ជ័យលាភីលេខ២ បានទៅក្រុមលោក សន សំណាង។ លោក សំណាង ជាមគ្គុទេសក៍ ហើយលោកក៏មានជំនាញផ្នែកថតរូប និងវីដេអូផងដែរ។ លើសពីអារម្មណ៍សប្បាយរីករាយ ដែលក្លាយខ្លួនជាម្ចាស់ជ័យលាភីលេខ២ លោកក៏សង្ឃឹមដែរថា វីដេអូរបស់លោក ដែលគ្រោងផ្សាយនៅលើបណ្ដាញផ្សព្វផ្សាយសង្គម នឹងក្លាយជាឯកសារសំខាន់ សម្រាប់ឱ្យទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីខេត្តសៀមរាប លើសពីសំណង់ប្រាសាទ ដ៏អស្ចារ្យ។ 

 ម្ចាស់ជ័យលាភីលេខ២ លោក សន សំណាង ជាមគ្គុទេសក៏ នៅខេត្តសៀមរាប។ 
 
ក្រុមលោក អន ហ៊ត់ ជាអ្នកស្រឡាញ់ខាងផលិតវីដេអូ និងការដើរកម្សាន្ត លោកបានចូលរួម ការប្រកួតនេះផងដែរ។ លោកថា លោកមិនមានការអាក់អន់ចិត្តអ្វីឡើយបើទោះលោក ជាប់ចំណាត់ថ្នាក់ទី៣ក៏ដោយ។ ផ្ទុយមកវិញ លោកសប្បាយចិត្តទៅវិញទេ ដោយវីដេអូរបស់ខ្លួន បានជួយផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប។ លោកក៏សង្ឃឹមដែរថា វីដេអូរបស់ខ្លួន នឹងជះឥទ្ធិពលជាវិជ្ជមាន សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប​និយាយដោយឡែក និងជារួមសម្រាប់កម្ពុជា។ 

លោក អន ហ៊ត់ ម្ចាស់ជ័យលាភីលេខ៣។ 

លោក ប៉ាន់ បូនី ជាម្ចាស់ជ័យលាភីទី៤ ក្នុងការប្រកួតនេះ។ លោកបូនី ជាបុគ្គលិកបម្រើការងារ នៅស្ថាប័នសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ។ តែលោកបានអវត្តមាន នៅថ្ងៃប្រកាសលទ្ធផល។ 

លោក ប៉ាន បូនី ម្ចាស់ជ័យលាភីលេខ៤ លោកជាបុគ្គលិកបម្រើការងារ នៅស្ថានីយទូរទស្សន៍មួយ នៅរាជធានីភ្នំពេញ។ 

ចំពោះជ័យលាភីចុងក្រោយ គឺក្រុមកញ្ញា ជូន ស៊ីណា។ ស៊ីណា ជាអ្នកផលិតមាតិកាមួយរូប នៅខេត្តសៀមរាប។ ជាម្ចាស់ជ័យលាភីចុងក្រោយ តែវីដេអូរបស់នាង ក៏មានភាពទាក់ទាញ ប្រកបដោយអត្ថន័យ និងខ្លឹមសារ មិនចាញ់វីដេអូទាំង៤ខាងលើប៉ុន្មានដែរ។ 

កញ្ញា ជូន ស៊ីណា ជាម្ចាស់ជ័យលាភីលេខ៥ កញ្ញាជាអ្នកបង្កើតមាតិកាទេសចរណ៍ នៅខេត្តសៀមរាប។ 

ជាអ្នកបង្កើតមាតិកា​និយាយពីតំបន់ទេសចរណ៍នៅខេត្តសៀមរាបស្រាប់ ស៊ីណា នឹងបន្តការផលិតមាតិកា ធ្វើឱ្យវិស័យទេសចរណ៍ខេត្តរបស់ខ្លួន  កាន់តែមានការអភិវឌ្ឍ និងកាន់តែទាក់ទាញភ្ញៀវទេសចរ មកកាន់ខេត្តនេះ ដើម្បីជួយសេដ្ឋកិច្ចក្នុងតំបន់។  ជាពិសេស គឺជួយដល់ប្រតិបត្តិករទេសចរណ៍ និងប្រជាជនរបស់ខេត្តសៀមរាបផ្ទាល់តែម្តង។ 
 
គួរជម្រាបផងដែរថា ការប្រកួតវីដេអូ «រតនសម្បត្តិនៃខេត្តសៀមរាប»  ជាគម្រោងសហការរួមគ្នារវាងក្លិបទេសចរណ៍ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងសារព័ត៌មានឌីជីថលថ្មីៗ។ បេក្ខជនចំនួន១៩ក្រុម បានចូលរួមផលិតវីដេអូដ៏អស្ចារ្យអំពីរតនសម្បត្តិខេត្តសៀមរាប ក្នុងនោះ មានបរទេសមួយក្រុមផងដែរ។
 
ជុំវិញការដាក់ពិន្ទុនៃវីដេអូនីមួយៗ គណៈកម្មការជំនាញមកពី ៥ស្ថាប័ន បានយកចិត្តទុកដាក់ និងដាក់ពិន្ទុយ៉ាងប្រចក្ស ដើម្បីស្វែងរកម្ចាស់ជ័យលាភីល្អជាងគេទាំង៥។ គណៈកម្មការដាក់ពិន្ទុ បានចំណាយពេលជិត១ខែ ដើម្បីពិនិត្យវីដេអូទាំង១៩ក្រុមយ៉ាងហ្មត់ចត់។ តាមការវាយតម្លៃរបស់ក្រុមគណៈកម្មការវីដេអូទាំងអស់ មានគុណភាព វីដេអូទាក់ទាញ និងបានផ្ដិតយកទិដ្ឋភាពជាច្រើនកន្លែងក្នុងខេត្តសៀមរាប។ 
 
ចំពោះប្រាក់រង្វាន់វិញ ជ័យលាភីលេខ១ទទួលបានទឹកប្រាក់ ៨លានរៀល។ ជ័យលាភីលេខ២ទទួលបានទឹកប្រាក់ ៦លានរៀល។ ជ័យលាភីលេខ៣ទទួលបានទឹកប្រាក់ ៤លានរៀល និងជ័យលាភីលេខ៤ និងលេខ៥ ទទួលបានរង្វាន់ស្នាក់នៅ និងពិសាអាហារនៅក្នុងខេត្តសៀមរាប។ 
 
កម្មវិធីប្រកួតវីដេអូដ៏ធំនេះ ដំណើរការទៅបានក្រោមការឧបត្ថម្ភថវិកាដោយភាគីជាច្រើន។ គណៈកម្មការប្រកួត សូមអរគុណដល់ សណ្ឋគារ Memoire Palace, ភោជនីយដ្ឋានម៉ែឌី, សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ, សណ្ឋាគារ Peak Elite Boutique, សួនកម្សាន្ត Angkor Wildlife Aquarium, សុខៈស្ប៉ា រីវើសាយ, ភោជនីយដ្ឋាន Felini Italy, Angkor Market, សច្ចៈ, Sarai Resort, Jaya House River Park, Naiya Sea Resort, SATA ANGKOR Café and Restaurant and Pizza Roma, HOT STONE Restaurant, និង ULS៕  

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី