ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នឹងរៀបចំឡើងនៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ
- ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

ផ្ទាំងពាណិជ្ជកម្ម នៃការពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍៕
សៀមរាប៖ ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នៅថ្ងៃទី២៦ និង២៧ ខែតុលា ចុងសប្តាហហ៍នេះ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍នេះ នឹងមានស្តង់បង្ហាញនូវម្ហូបអាហារល្បីៗ របស់ប្រទេសទាំងពីរ ប្រមាណ ១០០ស្តង់។

ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន រៀបចំឡើង ដើម្បីផ្សព្វផ្សាយពីមុខម្ហូប និងសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។ ពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍រវាងរដ្ឋ និងឯកជន នៃប្រទេសទាំងពីរ និងដើម្បីជំរុញយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤»ផងដែរ។
ក្រៅពីពិព័រណ៍នេះ ក្រសួងទេសចរណ៍ ក៏រៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ «Good Food for All»ដែរ ដោយមានការចូលរួមចែករំលែកបទពិសោធន៍ ស្ដីពីម្ហូបអាហារកម្ពុជា និងចិន ពីវាគ្មិនល្បីៗ។
ក្រសួងទេសចរណ៍ ក៏អំពាវនាវដល់ប្រតិបត្តិករ និងសមាគមទេសចរណ៍ និងស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធ ស្ថាប័នសារព័ត៌មាន និងសាធារណជន ចូលរួមព្រឹត្តិការណ៍នេះ ឱ្យបានច្រើនកុះករ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: