មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ នឹងចូលរួមលើកស្ទួយគុណតម្លៃអ្នកនិពន្ធ
- ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរ បង្កើតឡើងដើម្បីចូលរួមជំរុញចលនាស្វែងយល់ពីសារសំខាន់នៃការតែងនិពន្ធ និងគុណតម្លៃរបស់អ្នកនិពន្ធ។ នេះជាលើកទី៧ហើយ ដែលមហោស្រពអក្សរសិល្ប៍ខ្មែរ នឹងត្រូវប្រារព្ធឡើង។

មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ក្នុងឆ្នាំនេះ នឹងប្លែកភ្នែក ព្រោះរៀបចំនៅសាលារៀន ចំនួន៣ ក្នុងខេត្តកំពង់ចាម ដែលមានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចូលរួមផងដែរ។ អក្សរសិល្ប៍បៃតង ជាប្រធានបទចម្បង នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ ដែលនឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនិពន្ធ សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ ថាគោលបំណងសំខាន់ក្នុងមហោស្រពនេះ គឺដើម្បីលើកកម្ពស់គុណតម្លៃអ្នកនិពន្ធ និងអ្នកធ្វើការក្នុងវិស័យអក្សរសិល្ប៍ខ្មែរ ជាពិសេសចង់ផ្លាស់យោបល់ និងបទពិសោធគ្នារវាងអ្នកធ្វើការក្នុងវិស័យអ្នកនិពន្ធដែលបានខិតខំថែអត្តញ្ញាណជាតិ។
បន្ថែមពីនេះ អ្នកនិពន្ធ សូ ភីណា បន្តដូច្នេះ៖ «មហោស្រពអក្សរសិល្ប៍ខ្មែរ មានគោលបំណងធំៗបី រួមមាន កសាងសហគមន៍អក្សរសិល្ប៍ សម្រាប់ទស្សនិកជនកម្ពុជា, បង្កើនគុណតម្លៃរបស់អ្នកនិពន្ធ ជាពិសេសផ្តោតលើគុណតម្លៃអភិវឌ្ឍន៍សង្គម និងចុងក្រោយចង់ពង្រីកឱកាសដៃគូ និងទីផ្សារសម្រាប់អ្នកនិពន្ធ និងអ្នកបោះពុម្ពកម្ពុជា»។

អ្នកនិពន្ធ សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ
ជាមួយគ្នានេះ ប្រធានបទ«អក្សរសិល្ប៍បៃតង»នេះ អ្នកនិពន្ធចង់បង្ហាញឱ្យឃើញថាអ្នកធ្វើការងារក្នុងវិស័យនេះ ក៏បានចូលរួមសរសេរទាក់ទងទៅនឹងបរិស្ថាន អាកាសធាតុ ជាពិសេសចង់បង្ហាញបទពិសោធអ្នកនិពន្ធ។ ដោយឡែកតាមរយៈមហោស្រពអក្សរសិល្ប៍ខ្មែរ នឹងជំរុញយុវជនស្វែងយល់ពីតម្លៃអក្សរសិល្ប៍ខ្មែរ ជាពិសេសគុណតម្លៃអ្នកនិពន្ធផងដែរ។ ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែររូបនេះ យល់ថានៅពេលមនុស្សអានកាន់តែច្រើន ពួកគែនឹងមានការគិតបែបស៊ីជម្រៅ ជាពិសេសស្វែងយល់តម្លៃសៀវភៅកាន់តែច្រើនផងដែរ។
«ទស្សនិជន និងអ្នកនិពន្ធមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយពីវប្បធម៌និងអក្សរសាស្ត្រខ្មែរ មាននៅគ្រប់ទីកន្លែង។ មហោស្រពនេះ នឹងជួយបង្កើនធនធានដល់សង្គមទាំងមូល។ ខ្ញុំសូមអំពាវនាវដល់អ្នកនៅភ្នំពេញ និងខេត្តផ្សេងៗទៅចូលរួមមហោស្រព ដើម្បីឈ្វេងយល់ពីគុណតម្លៃ និងមរតករស់នៃអក្សរសិល្ប៍ខ្មែរ ព្រមទាំងបានស្គាល់ពីសិល្បៈវប្បធម៌ នៅក្នុងខេត្តកំពង់ចាមផង»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនិពន្ធ សូ ភីណា។
ក្រៅពីនេះ ទីកន្លែងដែលប្រារព្ធមហោស្រពនេះ គឺនៅវិទ្យាល័យព្រះសីហនុ សាលាជំនាន់ថ្មីក្រុងកំពង់ចាម និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ មហោស្រពអក្សរសិល្ប៍ខ្មែរ សម្រាប់ឆ្នាំទី៧នឹងមានកម្មវិធីជាច្រើន ដូចជា មហោស្រពកំណាព្យតូច, កម្មវិធីណែនាំសៀវភៅ «រលកថ្មី៖ ស្នាដៃអក្សរសិល្ប៍ពី ២០២១ ដល់ ២០២៣», ពិព័រណ៍ «បៃតង», សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ, វេទិកាពិភាក្សា «តួនាទីប្រតិបត្តិករវប្បធម៌ក្នុងការលើកកម្ពស់ និងចូលរួមការពារបរិស្ថាន», អំណានតាមទីតាំងជាក់លាក់ស្ដីអំពីខេត្តកំពង់ចាម។
សូមជម្រាបថា មហោស្រពអក្សរសិល្ប៍ខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧មក៕
អ្នកសរសេរអត្ថបទ
កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២ កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។ បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥ ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: