លោក សឿយ កែម និងលោក សេង ស៊ុន ចែករំលែកវិធីសាស្រ្តចាំងថ្មជួសជុលប្រាសាទ
  • ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
លោក សឿយ កែម និងលោក សេង ស៊ុន ចែករំលែកវិធីសាស្រ្តចាំងថ្មជួសជុលប្រាសាទ
កម្មករកំពុងចាំងថ្មជួសជុលកំពែងក្រុងអង្គរធំ។

សៀមរាប៖ ការដាប់ថ្ម ឬចាំង ជាការងារមួយដ៏សំខាន់សម្រាប់ការដ្ឋានជួសជុលប្រាសាទ ឬបុរាណដ្ឋាននីមួយៗ។ ការចាំងត្រូវមានការប្រិតប្រៀន ចាំងឱ្យស្មើ ទើបអាចរៀបត្រូវកន្លែង និងរឹងមាំ។
TTN-Free-Banner-In-Article-PC
នៅការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ កម្មករសរុបជិត២០នាក់ ខ្លះនៅផ្នែករៀបថ្ម ចាំងថ្ម និងជញ្ជូនថ្ម កំពុងញាប់ដៃញាប់ជើង សម្រុកបង្ហើយការដ្ឋានជួសជុលកំពែងបុរាណ ដែលជាដំណាក់កាលទី៦ មានប្រវែង២៥ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នៅផ្នែកចាំងថ្ម កម្មករចាស់ក្មេង៦ទៅ៧នាក់ ក្នុងដៃមានញញួរ ដែកចាំង ម៉ូទ័រកាត់ និងសម្ភារវាស់ខ្នាត កំពុងចាំង ដាប់ និងកាត់ ផ្ទាំងថ្មបាយក្រៀម លាន់ឮសំឡេងដូចវង់ភ្លេងម្យ៉ាងដូច្នោះដែរ។ ទីនោះ មានលោក សឿយ កែម ក៏កំពុងមមាញឹកនឹងការវាស់ថ្មបាយក្រៀម មុននឹងចាំងទៅតាមទំហំ​ដែលចង់បាន ដើម្បីឱ្យក្រុមការងារផ្សេងទៀត ជញ្ជូនយកទៅផ្នែករៀបថ្ម។  
 
អ្នកជំនាញចាំងថ្ម លោក សឿយ កែម ប្រាប់ថា ដើម្បីវាស់ថ្មឱ្យបានស្មើគ្នា គេមិនអាចខ្វះកែង និងដាម បានទេ។ ក្រោយវាស់ប្រវែងរួច គេត្រូវដាប់ ឬចាំងថ្មផ្នែកខាងលើៗឱ្យស្មើ ហើយត្រង់​មុននឹងយកថ្មទាំងនោះទៅតម្រៀបតាមកំពែងជាថ្នាក់ៗ។ ចំពោះការរៀបនេះ គេត្រូវចាំងថ្ម៣ជ្រុង ដោយទុកផ្នែកខ្លះសម្រាប់ការសារេតាមក្រោយ ដ្បិតថ្មមានកម្ពស់ខុសគ្នា។ 
 
ចំណែកលោក សេង ស៊ុន ឯណោះវិញ មានវ័យ៧០ឆ្នាំ ប៉ុន្តែកម្លាំងដៃដែលកាន់ញញួរចាំងថ្ម នៅតែម៉ឺង និងខ្លាំងនៅឡើយ មិនចាញ់ក្មេងៗឡើយ។ លោកតាប្រាប់ថា មានតួនាទីជាអ្នកដាប់ថ្ម និងចាំងថ្ម​នេះជាង១០ឆ្នាំមកហើយ ក្រោយចេញពីការងារជាឆ្មាំប្រាសាទ។ មែនទែនទៅ ការងារចាំងថ្មនេះ បានក្លាយជាការងារធម្មតា និងងាយស្រួលទៅហើយសម្រាប់លោក សេង ស៊ុន ប៉ុន្តែវាអាចជាការងារ​លំបាកបន្តិច​​សម្រាប់អ្នកដែលមិនធ្លាប់ធ្វើ។ 
 
ដូចលោក សឿយ កែម ដែរ លោក សេង ស៊ុន ប្រាប់ថា ការចាំងថ្មដែលល្អ និងត្រឹមត្រូវ គឺត្រូវការប្រិតប្រៀន ដោយមិនអាចចេះតែចាំង ឬដាប់ៗនោះទេ។ គេត្រូវចាំងយកសាច់ថ្ម​ដែលលើសទំហំចេញ វាស់ឱ្យស្មើគ្នាទៅនឹងសាច់ថ្មដុំមួយទៀត ដើម្បីដាក់ទៅកិបគ្នាល្អ។ លោក សេង ស៊ុន ប្រាប់ថា ក្នុងមួយថ្ងៃ លោកនិងក្រុមការងារម្នាក់ទៀត អាចចាំងថ្មបានពី២ទៅ៣ដុំប៉ុណ្ណោះ គឺអាស្រ័យតាមសាច់ថ្មរៀងផុយ និងរឹងខ្លាំង។ 
 

 លោក សេង ស៊ុន កំពុងចាំងថ្មលើកំពែងក្រុងអង្គរធំ។ 

មានបទពិសោធន៍ផ្នែកជួសជុលច្រើនឆ្នាំ លោក សេង ស៊ុន ប្រាប់ថា ក្រៅពីកំពែងក្រុងអង្គរធំ លោកធ្លាប់បានជួសជុលខ្លោងទ្វារជ័យ កសិន្ធុអង្គរវត្ត ខ្លោងទ្វារតាកាវ និងប្រាសាទតាព្រហ្មកិលជាដើម។ ជាអ្នកជួសជុលមួយរូប លោក សេង ស៊ុន តែងលួចញញឹមជាប់ជានិច្ច ក្រោយពេលឃើញប្រាសាទ ឬបុរាណដ្ឋានដែលធ្លាប់ជួសជុល ងើបឈរ និងរឹងមាំឡើងវិញ។ 
 
ទោះបីរាងកាយកាន់តែទ្រុឌទ្រោមបន្តិចក្តី ប៉ុន្តែអ្នកភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី រូបនេះ ប្រាប់ថា លោកនៅតែស្រឡាញ់ការងារជួសជុលប្រាសាទ ហើយមានក្តីប្រាថ្នាចូលរួមការងារនេះរហូតដល់លោក ធ្វើលែងកើត។ លោក សេង ស៊ុន ក៏រំពឹងថា នឹងមានយុវជនស្របាលក្រោយ ចូលរួមការងារជួសជុលប្រាសាទ​​នះ បន្តបន្ទាប់ទៀត ដើម្បីថែរក្សាមរតកបេតិកភណ្ឌមួយនេះ ឱ្យគង់វង្សជាដរាប៕

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី