កវី វ៉ែន សុន ទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ
  • ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ១០:៣៤ នាទី ព្រឹក
កវី វ៉ែន សុន ទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ
រូបថតកវីនិពន្ធ ព្រឹទ្ធាចារ្យវ៉ែន សុន នៅលើក្របស្នាដៃកម្រងកំណាព្យ អនិច្ចាជីវិត Miserable Life

លោក វ៉ែន សុន កវីនិពន្ធដ៏ល្បីល្បាញមួយរូប បានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ ដោយជរាពាធ នាថ្ងៃទី២៨ ខែតុលា។ នេះបើតាមសារលិខិតរំលែកមរណទុក្ខពីសំណាក់សមាគមអ្នកនិពន្ធខ្មែរ។
TTN-Free-Banner-In-Article-PC
 
គរុវិជ្ជាចារ្យកវីនិពន្ធ វ៉ែន សុន ជាគរុវិជ្ជាចារ្យ កវីនិពន្ធជាតិ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលបានបន្សល់ស្នាដៃតែងនិពន្ធ ជាពិសេសកំណាព្យអប់រំ ជាច្រើន។ លោកជាកវីនិពន្ធខ្មែរម្នាក់ដែលទទួលបានពានរង្វាន់អាស៊ីអាគ្នេយ៍ S.E.A Writer Award កាលពីឆ្នាំ២០១៩។
 
កាលពីខែមិថុនា កន្លងមក កវីនិពន្ធ វ៉ែន សុន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល។
 
ព្រឹទ្ធាចារ្យ វ៉ែន សុន មានកូនចំនួន៨នាក់ស្រី៥ ហើយកូនទាំងអស់របស់លោក ពុំមាននរណាម្នាក់ចាប់ជំនាញសិល្បៈ ឬជំនាញតែងនិពន្ធឡើយ។ ព្រឹទ្ធាចារ្យ បានខកខានតែងនិពន្ធ ជាច្រើន ដោយសារលោកធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយវះកាត់ពោះវៀនដុះខ្នែង កាលពីក្នុងជន្មាយុ៨១ឆ្នាំ។ 
 
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ វ៉ែន សុន គឺជាកវីនិពន្ធជំនាន់ទសវត្សរ៍ឆ្នាំ១៩៦០។ ព្រឹទ្ធាចារ្យ វ៉ែន សុន មានជំនាញខាងនិពន្ធទំនុកច្រៀង និពន្ធកំណាព្យ ជាសិល្បករផ្នែកតន្ត្រី និងជាអ្នកនិពន្ធរឿងខ្លីអប់រំកុមារផងដែរ។  លោកដែលមាននាមដើមថា រិត សុន្ទសារី ជាអ្នកនិពន្ធបទចម្រៀង «លលកវាយំ» ដ៏ល្បីល្បាញដែលច្រៀងដោយអ្នកនាង សូ សាវឿន។
 
ព្រឹទ្ធាចារ្យធ្លាប់ជាទីប្រឹក្សាកណ្ដាល សមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ និងជាសាស្ត្រាចារ្យបង្រៀននៅ មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។
 
ក្នុងជីវិតជាកវីនិពន្ធ ព្រឹទ្ធាចារ្យ វ៉ែន សុន ធ្លាប់ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស និងទទួលបានពានរង្វាន់មេដាយមាស ផ្ដល់ជូនដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះស្នាដៃរបស់លោក ដែលបានចំណាយពេលនិពន្ធចងក្រង សៀវភៅកំណាព្យជាច្រើនក្បាល។ 
 
បន្ថែមពីនោះ លោកក៏ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេសមួយទៀត ចំពោះស្នាដៃនិពន្ធរឿងចំណងជើង “ឋានសួគ៌ក្នុងសុបិន”។ កវីនិពន្ធរូបនេះ ក៏បានទទួលពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ កាលពីឆ្នាំ២០១០ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ នៅឆ្នាំ២០១៣ លោកបានទទួលពានរង្វាន់កវីអាស៊ាន ក្នុងចំណោម១០ប្រទេស ដែលរៀបចំដោយប្រទេសថៃ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម