ទំនាក់ទំងរវាងពលរដ្ឋកម្ពុជា-ជប៉ុន​ កាន់តែខិតជិតគ្នាតាមរយៈខ្សែភាពយន្ត
  • ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី យប់
ទំនាក់ទំងរវាងពលរដ្ឋកម្ពុជា-ជប៉ុន​ កាន់តែខិតជិតគ្នាតាមរយៈខ្សែភាពយន្ត
ទស្សនិកជនជាតិ និងអន្តរជាតិ ទស្សនាភាពយន្ត នាមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២៤ ខេត្តសៀមរាប។

សៀមរាប៖ មហោស្រពភាពយន្តជប៉ុន នៅខេត្តសៀមរាប សម្រាប់ឆ្នាំនេះ មានខ្សែភាពយន្តចំនួន៧ ត្រូវបានបញ្ចាំង។ លើសពីការទស្សនាភាពយន្តកម្សាន្តហើយនោះ  មហោស្រពភាពយន្តជប៉ុន ជាឱកាសនៃការផ្លាស់ប្ដូរវប្បធម៌ និងរឹតចំណងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ជប៉ុន ថែមទៀត។
TTN-Free-Banner-In-Article-PC
 
នៅពេលគេឮពីខ្សែភាពយន្តជប៉ុន ទំនងនឹកដល់ខ្សែភាពយន្តតុក្កតាជប៉ុន ឬAnime ដែលមានភាពល្បីល្បាញ និងមានគុណភាព។ ពីរឿង Godzilla Minus One ដែលជាប់ពាន Best Visual Effect ឆ្នាំ២០២៤ ពី Academy Award ត្រូវបានបញ្ចាំង នៅថ្ងៃបើកមហោស្រព ទី២៥ ខែតុលា។ 

ថ្ងៃបើកមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend Cinema ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៤។ 

Godzilla Minus One ជាខ្សែភាពយន្តមួយ ក្នុងចំណោមភាពយន្តទាំង៧ ត្រូវបានយកមកបញ្ចាំង ក្នុងមហោស្រពភាពយន្តជប៉ុន ឬ Japan Film Festival ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ខ្សែភាពយន្តទាំង៧នេះ មានគ្រប់រសជាតិ ទាំងកំសត់ សប្បាយ រន្ធត់ កំប្លែង ស្រមើស្រមៃ​ វៃកាប់ចាក់ និងស្នេហារ៉ូមេទិកបែបយុវវ័យ ជាដើម។ 

រឿងទាំង៦ ដែលត្រូវបានយកមកបញ្ចាំង នៅថ្ងៃមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend Cinema ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ និង២៧ ខែតុលា​ ឆ្នាំ២០២៤។ 

ចាប់ផ្ដើមដោយរឿង The Imaginary សម្រាប់ការចាក់បញ្ចាំងថ្ងៃទី២៦ ខែតុលា។ The Imaginary ជាខ្សែភាពយន្តតុក្កតា និយាយពីមិត្តម្នាក់ ដែលកើតចេញពីការស្រមើស្រមៃរបស់កុមារី Amanda ហើយបាននាំមិត្តនោះទៅកាន់ពិភពដ៏អស្ចារ្យ ដែលនាងបានប្រឌិតឡើង។ 
 
ទី២រឿងស្នេហាយុវវ័យ Our Secret Diary ជារឿងមនោសញ្ចេតនាជប៉ុន និយាយអំពីក្មេងស្រីវិទ្យាល័យម្នាក់ឈ្មោះ Nozomi បានរកឃើញសំបុត្រស្នេហានៅក្នុងតុរបស់នាង។ សំបុត្រនេះគឺមកពី Jun ដែលជាក្មេងប្រុសល្បីល្បាញបំផុតនៅក្នុងសាលា។ ស្នេហាសិស្សសាលានេះ ចាប់ផ្ដើមពីសំបុត្រសារភាពស្នេហ៍ តែត្រូវបានរកឃើញដោយអ្នកទទួលផ្សេងទៅវិញ ហើយបេះដូងយុវវ័យទាំងពីរផ្សារភ្ជាប់គ្នាដោយសម្ងាត់។ 
 
OUT ជាខ្សែភាពយន្តទី៣ ជាប្រភេទរឿងបែប វាយប្រហារ និងដំណើរផ្សងព្រេង និយាយពីជីវិតក្រុមក្មេងស្ទាវជប៉ុន Komae Gang។ សាច់រឿងនេះ មានមេធំអាយុ១៧ឆ្នាំ Tatsuya ដែលព្យាយាមរស់នៅក្នុងជីវិតធម្មតា បន្ទាប់ពីត្រូវបានដោះលែងពីការឃុំឃាំងជាអនីតិជន។ 
 
ភាពយន្ត៣ទៀត ត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី២៧ ខែតុលា​ ដែលចាប់ផ្ដើមដោយរឿង Let’s Go Karaoke។ នេះជាខ្សែភាពយន្ត និយាយអំពីការកសាងមិត្តភាពដែលមិនទំនងមួយ រវាងក្រុមចម្រៀងជាសិស្សវិទ្យាល័យ និងក្មេងទំនើង Yakuza។ 
 
ខ្សែភាពយន្តទី៥គឺ Sand Land ជាខ្សែភាពយន្តតុក្កតាបែបផ្សងព្រេង និយាយពីពិភពវាលខ្សាច់ដ៏ធំល្វឹងល្វើយ Sand Land ដែលជាពិភពមួយដែលមនុស្ស និងបិសាចរស់នៅជាមួយគ្នា។ 
 
ព្រះអង្គម្ចាស់ Beelzebub ដែលជាបិសាចវ័យក្មេង បានសហការគ្នាជាមួយមនុស្សឈ្មោះ Rao និងបិសាចផ្សងព្រេង ដើម្បីស្វែងរកប្រភពទឹក ដើម្បីអាចជួយសង្គ្រោះពិភពលោករបស់ពួកគេ។
និងចុងក្រោយភាពយន្ត Matched សាច់រឿងបាននិយាយពីរឿងរ៉ាវដ៏អាក្រក់នៃអំពើឃាតកម្ម ដែលបានកើតឡើងដោយបុរសឈ្មោះ Tom នៅពីក្រោយកម្មវិធី ជួបគូណាត់។ 
 
ជាឆ្នាំទី១០ហើយ​ ដែលមហោស្រពភាពយន្តជប៉ុន បានរៀបចំឡើង ពោលគឺតាំងពីឆ្នាំ២០១៥មកម្ល៉េះ។  នៅថ្ងៃបញ្ចាំងភាពយន្តរយៈពេល២ថ្ងៃ នៅរោងភាពយន្ត Legend Cinema ក្រុងសៀមរាប សាធារណជនជាច្រើនឈរតម្រង់ជួរយកសំបុត្រ​ ដើម្បីបានទស្សនាខ្សែភាពយន្តទាំងនោះ។  
 
មិនមែនគ្រាន់តែចាក់បញ្ចាំងសម្រាប់ការកម្សាន្តឡើយ វត្តមានខ្សែភាពយន្ត នៅលើផ្ទាំងកំណាត់សទាំងនោះ ជាផ្នែកមួយនៃការផ្លាស់ប្ដូរវប្បធម៌ និងការរឹតចំណងមិត្តភាពរវាងប្រជាជនទាំង២ កម្ពុជា-ជប៉ុន។ នេះជាអ្វីដែលលោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឹគិ នាយកការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន ឬ Japan Foundation និយាយប្រាប់អ្នកសារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃបើកមហោស្រពភាពយន្ត ថ្ងៃទី២៥ ខែតុលា។ 

លោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឹគិ (ឈរកណ្ដាល)នាយកការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន កំពុងផ្ដល់បទសម្ភាសដក់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃបើកសម្ពោធមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២៤ ខេត្តសៀមរាប។ 

លោក អ៊ិសុង៉ាយ៉ា ​បានលើកឡើងថា តាមរយៈភាពយន្តជប៉ុននេះ ជាវិធីសាស្ត្រមួយ ដែលអាចផ្សព្វផ្សាយពីវប្បធម៌ ព័ត៌មា​ននានា ជីវភាពរស់នៅប្រចាំថ្ងៃ ប្រពៃណី និងសិល្បៈរបស់ប្រទេសជប៉ុន ទៅដល់ប្រជាជនកម្ពុជា យល់ដឹងពីប្រទេសជប៉ុនមួយកម្រិតបន្ថែមទៀត។
 
មហោស្រពភាពយន្តជប៉ុននេះ​​ ជាឱកាសដ៏ល្អមួយ សម្រាប់ប្រជាជាតិទាំង២ ក្នុងការផ្លាស់ប្ដូរបទពិសោធគ្នា និងការសហការគ្នាបន្ថែមទៀត ក្នុងវិស័យភាពយន្តនេះ។ នេះជាការលើកឡើងរបស់លោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឹគិ ដោយបច្ចុប្បន្នមូលនិធិជប៉ុន កំពុងជួយដល់យុវជនកម្ពុជា តាមរយៈសិក្ខាសាល ការសិក្សាវគ្គខ្លី លើការផលិតភាពយន្តផងដែរ។
 
ប្រទេសជប៉ុន ត្រូវបានគេស្គាល់ និងល្បីល្បាញ ផ្នែកការផលិតខ្សែភាពយន្តផងដែរ​ជាពិសេសគំនូរជីវចល (anime)។ លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី វាយតម្លៃប្រទេសជប៉ុនជាប្រទេសមួយ ដែលផលិតខ្សែភាពយន្តដែលមានគុណភាព ល្បីល្បាញ និងជាប់ពានលំដាប់អន្តរជាតិផងដែរ។

លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាកុលស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប កំពុងផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ នៅថ្ងៃបើកសម្ពោធមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២៤ ខេត្តសៀមរាប។ 

តាមរយៈខ្សែភាពយន្ត លោក យ៉ូណេហ្សាវ៉ា ថាវាជាឱកាសល្អមួយសម្រាប់ប្រជាជនកម្ពុជា កាន់តែយល់ដឹងបន្ថែមពីសង្គម វប្បធម៌ ការរស់នៅប្រទេសជប៉ុន ដែលមានច្រើនបែបយ៉ាង និងចម្រុះ។ លោកបន្ថែម៖«តាមរយៈការទស្សនាភាពយន្តនេះ ផ្ដល់ឥទ្ធិពលល្អៗ ចំពោះអារម្មណ៍ទស្សនិកជន។ ភាពយន្តផ្ដល់គំនិតវិជ្ជមាន ចំពោះអារម្មណ៍ ស្មារតី របស់ទស្សនិកជន»។
 
លោកក៏សង្ឃឹមថា តាមរយៈមហោស្រពនេះ ប្រជាជនកម្ពុជា ជាពិសេសប្រជាជនខេត្តសៀមរាប កាន់តែចាប់អារម្មណ៍មកកាន់សង្គមជប៉ុន ហើយតាមរយៈមហោស្រពនេះដែរ ក៏ធ្វើឱ្សចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត។ 

លោក លី សារី អភិបាលរងខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប៕

ជាមួយគ្នានេះ លោក លី សារី អភិបាលរងខេត្តសៀមរាប លើកឡើងក្នុងថ្ងៃបើកសម្ពោធកម្មវិធីថា មហោស្រពភាពយន្តជប៉ុននេះ គឺបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការនៃទំនាកទំនងរវាងប្រទេសទាំងពីរ គឺកម្ពុជា​និងជប៉ុន។ 
 
គួរជម្រាបផងដែរថា មហោស្រពភាពយន្តជប៉ុន ត្រូវបានរៀបចំឡើងដោយមូលនិធិជប៉ុន និងសហការដោហស្ថានទូតជប៉ុនប្រចាំកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យាស្ថានបារាំងនៅកម្ពុជា។ មហោស្រពភាពយន្តនេះ ត្រូវបានរៀបចំនៅតាមបណ្ដារាជធានី-ខេត្តចំនួន៥ រួមមានរាជធានីភ្នំពេញ, បាត់ដំបង, កំពត, សៀមរាប និងខេត្តកំពង់ចាម៕ 


 ទស្សនិកជនជាច្រើន មកទស្សនាខ្សែភាពយន្ត នៅថ្ងៃបើកមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី