ចម្លាក់បដិមាទ្វារបាលចំនួន១២ ប្រទះឃើញនៅខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស
- ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

បុរាណវិទូ លោក សន ចាន់ថន ថតជាមួយទ្វារបាល ដែលប្រទះឃើញនៅកំណាយស្រាវជ្រាវជួសជុលខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ចម្លាក់បដិមាទ្វារបាលចំនួន១២ ដែលធ្វើពីថ្មភក់ ត្រូវបានក្រុមបុរាណវិទ្យាខ្មែរ និងចិន ប្រទះឃើញនៅក្នុងការដ្ឋានកំណាយជួសជុលខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស ដែលជាអតីតព្រះបរមរាជវាំង ក្រុងអង្គរធំ។

ក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស និងបានប្រទះឃើញទ្វារបាលជាបន្តបន្ទាប់សរុបចំនួន ១២ ដែលកប់ក្នុងរណ្ដៅកំណាយ។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៨ ខែតុលា។

ចម្លាក់ទ្វារបាលដែលកប់ក្នុងរណ្ដៅកំណាយជួសជុលខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលទាំង១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងរណ្ដៅដីជម្រៅ១៤០សង់ទីម៉ែត្រ គឺនៅស្រទាប់ដីគ្រឹះសម័យកាលកសាង ហើយដែលចម្លាក់ទាំងនេះ អាចធ្លាក់អស់រយៈពេលយូរមកហើយ។ «ចម្លាក់បដិមាទ្វារបាលទាំង១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ»។ លោក ចាន់ថន បញ្ជាក់ដូចនេះ មុនបន្តថា ជាទូទៅគេរៀបចំចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ ដែលមួយចំនួននៅមានរូបរាងនៅល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ បុរាណវិទូដដែលបន្តថារូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។
បច្ចុប្បន្ន ក្រុមការងារអាជ្ញាធរជាតិអប្សរា និងចិន បានកំណត់ទីតាំងដើមសម្រាប់ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកបដិមាទៅសម្អាត និងជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាលដែលប្រទះឃើញនេះ គឺស្ថិតក្នុងរចនាប័ទ្មឃ្លាំង គឺស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំង នៅសតវត្សរ៍ទី១១៕
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com