«អង្ករសែនក្រអូប» ឈ្នះពានរង្វាន់មាសពីរឆ្នាំជាប់គ្នា ក្នុងកម្មវិធីវាយតម្លៃគុណភាព និងរសជាតិ ចិន-អាស៊ាន
  • ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ១០:៣២ នាទី ព្រឹក
«អង្ករសែនក្រអូប» ឈ្នះពានរង្វាន់មាសពីរឆ្នាំជាប់គ្នា ក្នុងកម្មវិធីវាយតម្លៃគុណភាព និងរសជាតិ ចិន-អាស៊ាន

ភ្នំពេញ៖  «អង្ករសែនក្រអូប» របស់កម្ពុជា ឈ្នះពានរង្វាន់មាស ជាពូជស្រូវល្អជាងគេ លើកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករគ្រាប់វែង ចិន-អាស៊ាន លើកទី២ នៅប្រទេសចិន។ កម្មវិធីនេះ រៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវ នៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមជ្ឈមណ្ឌលការគ្រប់គ្រងគ្រាប់ពូជ នៃតំបន់ស្វយ័ត Guangxi Zhuang កាលពីថ្ងៃទី ៨ ខែវិចិ្ឆកា។
TTN-Free-Banner-In-Article-PC


សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRA-OB) ត្រូវបានគណៈកម្មាធិការប្រកួតទទួលស្គាល់ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ និងបានផ្ដល់ពានរង្វាន់មាសទៀតផង។ សហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកសមិទ្ធផលនេះ កើតចេញពីខិតខំប្រឹងប្រែងរបស់ប្រជាកសិករកម្ពុជា ក្នុងការ​ដាំដុះ និងថែទាំ ដោយផលិតចេញជាអង្ករមានគុណភាព  និងឱជារស។
 
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ពានរង្វាន់មាសនេះ នឹងជួយលើកតម្លៃអង្ករសែនក្រអូប ឱ្យមានការទទួលស្គាល់កាន់តែច្រើន និងមានទីផ្សារកាន់តែធំទូលាយ។ បន្ថែមពីនេះ សហព័ន្ធស្រូវអង្ករកម្ពុជា លើកទឹកចិត្តដល់កសិករទាំងអស់ បន្តការដាំដុះស្រូវប្រកបដោយគុណភាពប្រសើរថែមទៀត។  
  


សហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់កសិករឱ្យបន្តការងារដាំដុះ ប្រកបដោយគុណភាព និងមោទក​ភាពនេះថែមទៀត។​  អង្ករសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវ ហើយត្រូវបានដាំដុះដោយប្រជាកសិករខ្មែរ តាំងពីពាក់កណ្ដាលទសវត្សរ៍៩០។ 
 
សូមរលឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋាន កសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់។ ឆ្លងកាត់តាមការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូបមួយដ៏ល្អ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០១៩ ក្រោម ឈ្មោះជាផ្លូវការថា«សែនក្រអូប ០១»៕ 

អ្នកសរសេរអត្ថបទ

កញ្ញា សែម ប្រាក់ដាវ ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០២២  កញ្ញា សែម ប្រាក់ដាវ បានចូលបម្រើការងារនៅសារព័ត៌មានថ្មីៗ ២៥ ដោយជាអ្នកហាត់ការងារ។  បច្ចុប្បន្ន កញ្ញា សែម ប្រាក់ដាវ ជាអ្នកសារព័ត៌មានថ្មីៗ ២៥  ដែលផ្តោតលើព័ត៌មានទេសចរណ៍ និងផលិតវីដេអូខ្លីតាមទូរស័ព្ទ។ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម ប្រាក់ដាវ