៧១ឆ្នាំ ដែលកម្ពុជា ទទួលបានឯករាជ្យពីបារាំង
- ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:៥៩ នាទី ព្រឹក

កម្ពុជាប្រារព្ធខួបលើកទី៧១ ដែលទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង នៅថ្ងៃទី៩ វិច្ឆិកា ២០២៤
ថ្ងៃនេះ កម្ពុជា ប្រារព្វខួបលើកទី៧១ នៃការទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង ៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ឆ្នាំ២០២៤)។ ព្រះកុរណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងប្រទានភ្លើងជ័យនៃពិធីឯករាជ្យជាតិ នៅវិមានឯករាជ្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមទាំងពលរដ្ឋជាច្រើននាក់។

ទិវាបុណ្យឯករាជ្យជាតិលើកទី៧១ ក៏ត្រូវជាខួបលើកទី៧១ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ សមិទ្ធផលថ្ងៃនេះ កើតចេញពីព្រះរាជបេសកកម្មរបស់ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមតនកោដ្ឋ ដែលបានលះបង់ព្រះរាជកម្លាំងកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងការតស៊ូទាមទារឯករាជ្យពីអាណាព្យាបាលបារាំង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរ។
តាមសន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនោះគ្រាន់តែជាគោលការណ៍ច្បាប់ប៉ុណ្ណោះ ដោយកម្ពុជានៅខ្វះឯករាជ្យជាច្រើនវិស័យដូចជា អធិបតេយ្យខាងយុត្តិធម៌ ប៉ូលិស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ជាដើម។

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសន្យាយ៉ាងឱឡារិកចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា «ព្រះអង្គនឹងដណ្តើមយកឯករាជ្យទាំងស្រុងនេះដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត»។
នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យសម្រាប់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង ។

ក្រោយជំនួបជាបន្តបន្ទាប់ ដោយមានការចូលរួមពីសំណាក់ឥស្សរជនកំពូលនាសម័យនោះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តមសីហនុ បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ថា «ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ» ។
ឈានដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយនៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា ។
កងទ័ព និងអគ្គសេនាធិការរបស់បារាំងបានដកថយពីព្រះរាជាណាចក្រកម្ពុជា ។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់៕



អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: