ការវិលត្រឡប់របស់លោក ត្រាំ ធ្វើឱ្យគ្មាននរណាចង់ប្រជែងតំណែងប្រមុខ WTO
  • ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ១១:៣១ នាទី ព្រឹក
ការវិលត្រឡប់របស់លោក ត្រាំ ធ្វើឱ្យគ្មាននរណាចង់ប្រជែងតំណែងប្រមុខ WTO

មិនទាន់កាន់តំណែងជាប្រធានាធិបតីផង ឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ចាប់ផ្ដើមធ្វើឱ្យគេឯងរអាទៅហើយ។ នៅអង្គការពាណិជ្ជកម្មពិភពលោក ការប្រជែងតំណែងអគ្គនាយក មិនមានបេក្ខជនផ្សេងឡើយ ក្រៅពីអគ្គនាយិកាបច្ចុប្បន្នជនជាតិនីហ្សេរីយ៉ា ដែលបន្តឈរឈ្មោះមួយអាណត្តិទៀត។
TTN-Free-Banner-In-Article-PC
 
លោកស្រី​ Ngozi Okonjo-Iweala អគ្គនាយិកា WTO បច្ចុប្បន្ន ជាបេក្ខជនតែម្នាក់គត់ សម្រាប់ការប្រជែងតំណែងមេដឹកនាំអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។​ ដំណើការចុះឈ្មោះប្រជែងកៅអីអគ្គនាយក បានចប់នៅពាក់កណ្ដាលយប់ថ្ងៃទី៨ ខែវិច្ឆិកា។ 
 
មិនមានការប្រជែងពេលនេះ ក៏មិនមែនជារឿងភ្ញាក់ផ្អើលខ្លាំងអ្វីដែរ។ នេះក៏ព្រោះតែ WTO ទំនងជួបបញ្ហាភាពរញ៉េរញ៉ៃជាថ្មី និងការប្រទាំងប្រទើសផ្នែកពន្ធគយដែលរំពឹងនឹងមាននៅក្រោមប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលចូលកាន់តំណែងក្នុងខែមករា។
 
ក្នុងអំឡុងពេលអាណត្តិទី១ ២០១៧-២១ លោក ត្រាំ បានធ្វើឱ្យស្ថាប័នដោះស្រាយ​វិវាទពាណិជ្ជ​កម្ម​អន្តរជាតិមួយនេះ ជួបបញ្ហាជាច្រើន។ រដ្ឋបាលរបស់លោក បានពរារាំងការតែងតាំងចៅក្រមនៅ​ស្ថាប័ន​ដោះស្រាយជម្លោះ ដែលនៅបន្តជាប់គាំងទល់ថ្ងៃនេះ និងបានប្រកាសពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមថែមទៀត។ នៅអាណត្តិលើក​នេះ ​លោក ត្រាំ ​បាន​ព្រមាន​ថា​នឹង​ដំឡើង​ពន្ធ១០ភាគរយ​លើ​ការ​នាំ​ចូល​ទាំង​អស់។
 
ការឡើងកាន់តំណែងជាថ្មីរបស់លោក ត្រាំ ក៏ធ្វើឱ្យមានក្ដីបារម្ភពីការថមថយឥទ្ធិពលរបស់ WTO ដែរ ។ លោក Alan Yanovich ធ្វើការនៅស្ថាប័ន Akin Gump Strauss Hauer & Feld និយាយថា មន្រ្តីរដ្ឋបាលលោក ត្រាំ អាចមើលឃើញការធ្លាក់ចុះនៃតម្លៃ WTO ឬប្រកាន់ជំហរមានអរិភាពដោយបើកចំហទៀតផង ។
 
លោកស្រី Okonjo-Iweala អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនីហ្សេរីយ៉ា ដែលបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអគ្គនាយកស្ត្រីដំបូងគេរបស់ស្ថាប័ន បានប្រកាសក្នុងខែកញ្ញាថា នឹងបន្តប្រជែងកៅអីនេះទៀតដើម្បីបញ្ចប់ការងារសេសសល់។ ទាក់ទងលទ្ធភាពដំឡើងពន្ធលោក ត្រាំ វិញ លោកស្រីអះអាងថា សំណើពន្ធនេះនឹងក្លាយជាស្ថានភាពចាញ់-ចាញ់ ដែលអាចធ្វើគាស់រំលើងប្រព័ន្ធពាណិជ្ជកម្ម។
 
ទោះបីជាមិនមានដៃគូប្រកួតប្រជែងក៏ដោយ លោកស្រី Okonjo-Iweala ក៏មិនទាន់ប្រាកដអាចបន្តដឹកនាំ WTO ដែរ ដោយហេតុថា រដ្ឋបាលលោក ត្រាំ អាចជំទាស់។ អតីតតំណាងពាណិជ្ជកម្មរបស់លោក ត្រាំ លោក Robert Lighthizer ធ្លាប់បានហៅលោកស្រីថា សម្ព័ន្ធមិត្តរបស់ចិននៅទីក្រុងហ្សឺណែវថែមទៀត៕
 

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា