ជនស៊ីវិលនិងយោធា២០នាក់ ស្លាប់ក្នុងការបំផ្ទុះនៅស្ថានីយ៍រថភ្លើងនៅប៉ាគីស្ថាន
- ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៥:១៩ នាទី ល្ងាច

មនុស្សយ៉ាងហោចណាស់២០នាក់ដែលមានយោធានិងជនស៊ីវិល បានស្លាប់ និង៥៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះមួយនៅស្ថានីយ៍រថភ្លើងក្នុងខេត្ត Balochistan ភាគនិរតីនៃប៉ាគីស្ថាននៅថ្ងៃទី៩ ខែវិច្ឆិកា។ ចលនាផ្ដាច់ខ្លួនក្នុងខេត្តនេះ បានប្រកាសទទួលខុសត្រូវ។

បើតាមអាជ្ញាធរផ្លូវដែកប៉ាគីស្ថាន ការវាយប្រហារបានកើតឡើងនៅម៉ោងប្រហែល៨ព្រឹកម៉ោងនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Quetta ដែលជាកន្លែងរថភ្លើង Jaffar Express ត្រៀមចេញដំណើរ។ ជនសង្ស័យបានបំផ្ទុះគ្រាប់បែកក្នុងអាវរបស់ខ្លួនក្នុងចំណោមមនុស្សប្រមាណ១០០នាក់ដែលមានទាំងទាហាន ប៉ូលីសផ្លូវដែក និងអ្នកដំណើរស៊ីវិល។
ទីភ្នាក់ងារព័ត៌មាន Xinhua ស្រង់ប្រភពយោធាក្នុងទីក្រុង Quetta ថា ទាហានទាំងនោះត្រៀមចាកចេញទៅផ្ទះរបស់ពួកគេនៅក្នុងខេត្តផ្សេងទៀតបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅ Quetta ។ ចំណែកមន្ត្រីផ្លូវដែកបាននិយាយថា ខ្សែរថភ្លើង Jaffar Express នៅតែមានសុវត្ថិភាពក្នុងការវាយប្រហារ ហើយត្រូវបានកំណត់ពេលធ្វើដំណើរឡើងវិញ។
កងទ័ពរំដោះ Balochistan ដែលជាក្រុមផ្ដាច់ខ្លួនមួយ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ។
ភ្លាមៗក្រោយកើតហេតុ ប៉ូលិស កម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅដល់កន្លែង ហើយបានបញ្ជូនសាកសព និងអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន Shehbaz Sharif បានថ្កោលទោសការវាយប្រហារនេះ ហើយបានបញ្ជាឱ្យមន្ទីរពេទ្យផ្តល់ការព្យាបាលល្អបំផុតដែលអាចធ្វើទៅបានដល់អ្នករបួស៕
អ្នកសរសេរអត្ថបទ
តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ