កម្មវិធីផ្តល់ដី ការពារព្រៃ! នាយករដ្ឋមន្ត្រីដឹកនាំគណៈកម្មាធិការជាតិដោយផ្ទាល់
- ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:០២ នាទី ព្រឹក

សម្តេចហ៊ុន ម៉ាណែត នាពិធីសម្ពោធទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែតុលា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព (ផ.ក.អ.)។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះមហាក្សត្រ ចុះកាលពីថ្ងៃទី៦ ខែវិច្ឆិកា។

ផ.ក.អ. ត្រូវបានបង្កើតឡើង ជាយន្តការដឹកនាំសម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ការបង្កើតនេះ គឺក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់កសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។
ព្រះរាជក្រឹត្យស្តីពីការបង្កើត ផ.ក.អ. បានចែងថា នាយករដ្ឋមន្ត្រីគឺជាប្រធានដឹកនាំ ដោយមានរដ្ឋមន្ត្រី៩រូប និងអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ខណៈឥស្សរជនជាន់ខ្ពស់១រូប ទទួលបន្ទុកជាអនុប្រធានប្រចាំការ។
រដ្ឋមន្ត្រីដែលជាអនុប្រធាន ផ.ក.អ. សុទ្ធតែសមាសភាពឧបនាយករដ្ឋមន្ត្រីដែលរួមមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, មហាផ្ទៃ, ការពារជាតិ, សេដ្ឋកិច្ច, ការបរទេស, អប់រំ, រៀបចំដែនដី, យុត្តិធម៌ និងមុខងារសាធារណៈ។
បណ្តារដ្ឋមន្ត្រីផ្សេងទៀត រួមទាំងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, មេបញ្ជាការវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងបណ្តាអភិបាលរាជធានី-ខេត្ត គឺជាសមាជិក ហើយអាចមានសមាសភាពបន្ថែមផ្សេងទៀត ទៅតាមការចាំបាច់។
ភារកិច្ចសំខាន់ៗរបស់ ផ.ក.អ. គឺការដាក់ចេញនូវគោលនយោបាយ, ការកំណត់ទីតាំង, ការសម្រេចលើបុគ្គលមានសិទ្ធិទទួល ក៏ដូចជាការសម្រេចលើផែនការអភិវឌ្ឍនៅទីតាំង និងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃ ជាដើម។
ទាក់ទងនឹងកម្មវិធីផ្តល់ដីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានរំលឹកជាច្រើនលើកច្រើនសារថា ជាកម្មវិធីសម្រាប់ពលរដ្ឋដែលគ្មានដីពិតប្រាកដ ហើយសម្តេចបានប្រកាសឱ្យមានការប្រុងប្រយ័ត្នចំពោះមេខ្យល់បោកប្រាស់ ជាពិសេសតាមបណ្តោយព្រំដែន។
ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់ សែនសុខដុម និងទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែតុលា សម្តេច ហ៊ុន ម៉ាណែត ក្រើនរំលឹកថា៖ «សូមបងប្អូន កុំជឿលើមេខ្យល់ ដែលកំពុងបំផុស ដើរយកលុយ ដើម្បីយកដីនេះ(សម្បទានសង្គមកិច្ច)។ អត់បានទេ! ហើយសូមឱ្យអាជ្ញាធរ សមត្ថកិច្ច មើលមេខ្យល់ហ្នឹង ដើម្បីអនុវត្តច្បាប់។ ព្រោះមិនអ៊ីចឹងដើរបោកប្រជាពលរដ្ឋ។»។
យន្តការផ្តល់ដីជូនពលរដ្ឋគ្មានដីធ្លីពិតប្រាកដនេះ គ្រោងអនុវត្តនៅដើម ឆ្នាំ២០២៥ ខណៈបច្ចុប្បន្ន ក្រុមការងាររដ្ឋ កំពុងសិក្សាទីតាំង និងនីតិវិធី សម្រាប់ជួយកសាងភូមិ-ឃុំនៅលើដីថ្មីទាំងនោះ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: