អុំទូក៖ ទេសចរបរទេស ទៅទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ កើនជាង៩០ភាគរយ
- ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ នាទី ល្ងាច

រូបភាពពីគេហទំព័រ អាជ្ញាធរជាតិព្រះវិហារ។
ឈប់សម្រាកថ្ងៃព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃមកនេះ មានភ្ញៀវទេសចរជិត ១ម៉ឺននាក់ បានទៅទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានកោះកេរ។ ក្នុងនោះ ភ្ញៀវទេសអន្តរជាតិ ទៅទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារមានចំនួន ២៥៨នាក់ កើន ៩២,៥៤ភាគរយ ខណៈភ្ញៀវជាតិ មាន ៤ ៦០៧នាក់ ថយចុះ ៨,១០ភាគរយ ធៀបនឹងបុណ្យអុំទូក កាលឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី១៧ ខែវិច្ឆិកា។

សម្រាប់ រមណីយដ្ឋានប្រាសាទកោះកេរវិញ ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា គឺទទួលបានទេសចរជាតិសរុប ៤ ៥៣០នាក់ ថយចុះ ៣,៩១ភាគរយ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងរយៈពេលឈប់សម្រាក៣ថ្ងៃមកនេះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រមណីយដ្ឋានប្រាសាទកោះកេរ គឺមិនមានទេសចរបរទេសទៅទស្សនាឡើយ។

រូបភាពពីគេហទំព័រ អាជ្ញាធរជាតិព្រះវិហារ។
ជាមួយគ្នានេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិព្រះវិហារ ក៏បានបង្ហាញ ពីទិន្នន័យភ្ញៀវទៅទស្សនាសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារផងដែរ។ នាពិធីបុណ្យអុំទូក៣ថ្ងៃ មានទេសចរជាតិ៧២នាក់ បានទៅទស្សនាសារមន្ទីរនេះ កើនជាង២២ភាគរយ ធៀបនឹងឆ្នាំមុន។ ក្នុងនោះ មានទេសចរជាតិ៧០នាក់ និងបរទេស២នាក់។ នេះបើតាមទិន្នន័យរបស់ អាជ្ញាធរជាតិព្រះវិហារ ដែលសារមន្ទីរនេះ ត្រូវបានបង្កើតឡើងនាអំឡុងឆ្នាំ២០១៨។
សារមន្ទីរនេះ ជាកន្លែងតាំងបង្ហាញអំពីអតីតកាលផ្នែកបុរាណវិទ្យា ចម្លាក់បដិមានរវិទ្យា ប្រវត្តិសាស្ត្រ វត្ថុសិល្បៈ និងការអភិរក្សវប្បធម៌ជនជាតិដើមភាគតិចកួយ ប្រភេទសត្វ និងរុក្ខជាតិក្នុងតំបន់៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: