បវរកញ្ញាចក្រវាល! ប្រាសាទ ដាវីន ជាប់ Top 30 និង​បានពានមាស Voice for Change
  • ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ២:២១ នាទី រសៀល
បវរកញ្ញាចក្រវាល! ប្រាសាទ ដាវីន ជាប់ Top 30 និង​បានពានមាស Voice for Change
ប្រាសាទ ដាវីន បវរកញ្ញាដំបូងរបស់កម្ពុជាដែលចូល TOP 30 ក្នុង Miss Universe។ រូបថត AFP

ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០២៤ នៅក្រុងម៉ិចស៊ីកូ ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ជាប្រវត្តិសាស្ត្រ​ដ៏ចងចាំមួយសម្រាប់កម្ពុជា ដោយ​បេក្ខនារី​តំណាងជាតិ ប្រាសាទ ដាវីន បានជាប់ក្នុងចំណោម​៣០នាក់កំពូល ហើយ​ថែមទាំង​ឈ្នះពាន Gold Winner ចំពោះការចូលរួម​ការងារសង្គម Voice for Change ផងដែរ។
TTN-Free-Banner-In-Article-PC
 
ប្រាសាទ ដាវីន វ័យ​៣៣​ឆ្នាំ​ ជារាជិនីសម្រស់​ដំបូង​បំផុត​របស់​កម្ពុជា​ដែលមាន​ស្វាមី និងជាម្តាយមួយរូប ហើយ​បាន​គ្រងមកុដបវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ២០២៤ ហើយ​ជាបេក្ខនារី​ទី​៨​ ដែលតំណាងជាតិ​ក្នុង​ព្រឹត្តិការណ៍ Miss Universe បើគិត​ចាប់តាំងពី​ឆ្នាំ​២០១៧ ពោលគឺ​បន្ទាប់ពី​ ប៊ី សុធារី, រឿន ណាត, សំណាង អេលីណា, រ៉េត សារីតា, ងិន ម៉ារ៉ាឌី, ហង្ស ម៉ានីតា និង ចន សុទីម៉ា។
 
«សូមអរគុណ ចំពោះ​ក្រុមអ្នក​គាំទ្រ​ដ៏អស្ចារ្យ!»។ បវរកញ្ញា ប្រាសាទ ដាវីន បាន​សរសេរ​បែបនេះនៅ​លើទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ក្រោយ​បង្កើត​ប្រវត្តិសាស្ត្រថ្មី ក្នុងនាមជារាជិនីសម្រស់​តំណាងឱ្យកម្ពុជា ដែលមាន​ឈ្មោះ​ក្នុងចំពោះ​បេក្ខនារី​៣០នាក់កំពូល (Top 30) ជាលើកដំបូង​បំផុត។
 
សម្រាប់​បវរកញ្ញារូបនេះ កម្លាំង​ចិត្ត និងការជឿជាក់​​របស់អ្នកគាំទ្រចំពោះដំណើរ​របស់ខ្លួន​ក្នុងពិភពបវរកញ្ញា​ចក្រវាល គឺជាអនុស្សាវរីយ៍ដែលមិន​អាច​បំភ្លេច​បាន។ «នេះជាការ​បើកទ្វារ និងជាការផ្តល់ថាមពល​ខ្លាំងជាងមុន សម្រាប់បេក្ខនារីក្រោយៗទៀត»។ តាម​រយៈ​ការ Live ផ្ទាល់លើ​ហ្វេសប៊ុកសម្រាប់ក្រុមអ្នកគាំទ្រ បវរកញ្ញា ប្រាសាទ ដាវីន បាន​ថ្លែងសារលើកទឹក​ចិត្តបែបនេះ ហើយអះអាងថា គាត់ត្រៀម​ខ្លួនជានិច្ច​ក្នុងត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាន់ក្រោយ។


 
ជាបេក្ខនារី Top 30 ក្នុងចំណោមចំនួន​​អ្នកចូលរួម​ជាកំណត់ត្រាសរុប១២៥នាក់ បេក្ខនារីកម្ពុជា ប្រាសាទ ដាវីន​ ក៏ទទួល​បាន​ពានមាស Gold Winners ផ្នែកការងារសង្គម Voice for Change រួមជាមួយ​បវរកញ្ញាបូលីវី Juliana Barrientos និងបវរកញ្ញាហ្កាតេម៉ាឡា Ana Gabriela Villanueva។
 
សម្រាប់ ដាវីន ពានផ្នែកការងារសង្គម Voice For Change នេះ ជាកិត្តិយស​ដ៏រំភើប​មួយ ហើយ​អ្នកនាងក៏បាន​លើកទឹក​ចិត្ត​ឱ្យ​បេក្ខនារីជំនាន់​ក្រោយៗ យក​ចិត្តទុក​ដាក់គិតគូរ ឱ្យបាន​ច្បាស់​លាស់​​លើ​ចំណុចនេះ​ផងដែរ ក្រៅពីការយក​ចិត្តទុក​ដាក់​លើវិញ្ញាសាប្រកួតប្រជែងផ្សេងៗទៀត។
 
សម្រាប់ព្រឹត្តិការណ៍ Miss Universe លើកទី៧៣ ដែលរៀបចំនៅ​ប្រទេសម៉ិកស៊ិក នា​ឆ្នាំ២០២៤ នេះ បវរកញ្ញាដាណឺម៉ាក Victoria Kjær Theilvig បាន​ក្លាយជាម្ចាស់មកុដ​បន្តវេនពី​បវរកញ្ញានីហ្ការ៉ាហ្គោ Sheynnis Palacios។ 
 
ដោយឡែក សម្រាប់រាជនី​តំណាងទ្វីបវិញ ទ្វីបអាស៊ី បានលើបវរកញ្ញាហ្វីលីពីន Chelsea Manalo, ទ្វីបអាហ្វ្រិក និងអូសេអានី បានលើបវរកញ្ញានីហ្សេរីយ៉ា Chidimma Adetshina, ទ្វីបអាម៉េរិក គឺបវរកញ្ញាប៉េរូ Tatiana Calmell និងបវរកញ្ញាហ្វាំងឡង់ Matilda Wirtavuori ជារាជិនីនៃទ្វីបអឺរ៉ុប និងមជ្ឈឹមបូព៌ា៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រួបរួម