អ្នកដឹកនាំអន្តរជាតិច្រើនប្រទេស ចួបជជែកគ្នាពី«សន្តិភាព» និង«ពិភពលោក» នៅសៀមរាប
- ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៤:៥៩ នាទី រសៀល

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ រូបភាព៖AKP៕
សៀមរាប៖ វេទិកាពិសេសស្ដីពី«សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» ត្រូវបានរៀប ចំឡើងដោយកម្ពុជាជាម្ចាស់ផ្ទះរៀបចំ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រធានបទជាច្រើន ដែលផ្ដោតលើសន្តិភាពសកល ត្រូវបានថ្នាក់ដឹកនាំកម្ពុជា និងអន្តរជាតិ លើកមកជជែក និងពិភាក្សា។

វេទិកាពិសេសនេះ ជាផ្នែកមួយនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមអន្តរជាតិ ហៅកាត់ថា IDC-CDI ។ កិច្ចប្រជុំនេះ នឹងត្រូវធ្វឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffle Grand Hotel D’Angkor។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីគណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកប្រតិភូប្រមាណ ៨៧រូប មកពី២៦គណបក្ស និង ២៤ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនរូបផងដែរ។
សេចក្ដីប្រកាសព័ត៌មានដដែល ឱ្យដឹងទៀតថា IDC-CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តីសម្រេចចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្សនយោបាយ៤។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ រូបភាព៖AKP៕
បន្ទាប់ពីបើកវេទិកាពិសេសស្ដីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» រៀបចំដោយវេទិកាយុវជន CDI-IDC និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) កិច្ចពិភាក្សាចំនួន២វគ្គ ត្រូវបានយកមកជជែក និងមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ។
កិច្ចពិភាក្សាទី១ គឺវេទិកាពិសេសស្ដីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» កិច្ចពិភាក្សាមានការចូលរួមពី លោក អ៊ុង ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក Cario Angrisano តំណាងគណបក្សប្រជាជនអេស្ប៉ាញ, លោក Francisco Oliveira តំណាងយុវជនគណបក្ស Angola JURA, លោក Luis Blanco អ្នកសម្របសម្រួលទូទៅ CDI-IDC, លោក លឹម ម៉េងហួរ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី, លោក Lorenzon Bugli តំនាងយុវជនគណបក្ស San Mario, តំណាងគណបក្ស Mexico និងតំណាងគណបក្ស Cabo Verde។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ រូបភាព៖AKP៕
បន្ទាប់ពីបញ្ជាប់កិច្ចពិភាក្សាវគ្គ១ កិច្ចពិភាក្សាវគ្គ២ចាប់ផ្ដើមនៅព្រឹកដដែលស្ដីពី ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិ និងភពផែនដី។ វគ្គនេះមានវាគ្មិនចូលរួម លោក Andres Pastrana ប្រធានអង្គការ CDI-IDC (អតីតប្រធានាធិបតេយ្យកូឡំប៊ី)។ លោក Andres Pastrana លើកឡើងស្ដីពី គម្លាតអភិវឌ្ឍន៍ និងភាពប្រឈមលើសន្តិសុខពិភពលោក។
វាគ្មិនទី២ គឺលោក ផាត កុសល រដ្ឋលេខាធិការ និងទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពី «ធម្មនុញ្ញសន្តិភាពសកល»,ទី៣ លោក Janez Jansa អនុប្រធាន CDI ប្រធានគណបក្សប្រជាធិបតេយ្យស្លូវ៉ានី ស្ដីពី «តួនាទីគណបក្សនយោបាយនៅក្នងការកសាងសន្តិភាព»។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ រូបភាព៖AKP៕
វាគ្មិនទី៤ លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស ស្ដីពី «ការតភ្ជាប់អភិបាលកិច្ចរវាងសង្គមស៊ីវិល រដ្ឋ និងអង្គការសហប្រជាជាតិ»។ វាគ្មិនទី៥ លោក Adalberto Costa Jr. ប្រធានគណបក្ស UNITA (អង់ហ្គូឡា)ស្ដីពី «ដំណើរឆ្ពោះទៅកំណែទម្រង់ក្រុមប្រឹក្សាសន្តិខុសអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព»។
ទី៦ លោក ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្ដីពី «តម្រូវការសំឡេងសកលរបស់ប្រជាជននៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ»។ វាគ្មិនទី៧ លោក Elmar Brok គណបក្សប្រជាធិបតេយ្យគ្រីស្ទានអាល្លឺម៉ង់ ស្ដីពី «មេរៀនអំពីការបង្រួបបង្រួមអាល្លឺម៉ង់»។
វាគ្មិនទី៨ លោក Pardo Koppel Diego Roberto De la Asuncion បេសកជនពិសេសកូឡំប៊ី ស្ដីពី «បទពិសោធន៍កូឡំប៊ីស្ដីពីការផ្សះផ្សា»។ វាគ្មិនទី៩ លោក ណី សំអុល អគ្គនាយក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី «ច្បាប់អន្តរជាតិ និងយុត្តិធម៌អន្តរកាល»។ វាគ្មិនចុងក្រោយ លោកស្រី Sofia Solemacher Van Der Veget ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យគ្រីស្ទាន ស្ដីពី «គុណតម្លៃនិយមកណ្ដាល នៅក្នុងសកលភាវូបនីយកម្ម»។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ រូបភាព៖AKP៕
កិច្ចពិភាក្សានេះ ក៏បានជជែកដែរពីស្ថានភាពដែលពិភពលោកកំពុងជួបប្រទះ ដូចជាសង្គ្រាមនៅអ៊ុយក្រែន-រុស្ស៊ី, ជម្លោះនៅតំបន់មជ្ឈិមបូព៌ា អ៊ីស្រាអែល និងក្រុមមហាម៉ាស, ការជាប់ឆ្នោតរបស់ប្រធាធិបតេយ្យសហរដ្ឋអាម៉េរិកថ្មី, ការបម្រែបម្រួលអាកាសធាតុជាដើម...។
បន្ទាប់ពីមកនៅរសៀលថ្ងៃទីដដែលនោះ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ផងដែរ។
គួរជម្រាបថា បច្ចុប្បន្នអង្គការ CDI មានសមាជិកជាង ១០៩គណបក្ស មកពី៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាម៉េរិកឡាទីន អាម៉េរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ ដោយឡែក គណបក្សប្រជាជនកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិមកហើយ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: