២៥ឆ្នាំ កម្ពុជាបង្កាត់ពូជក្រពើភ្នំបាន៥០០ក្បាល
- ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ល្ងាច

កូនក្រពើភ្នំ។ រូបភាព៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI)
រយៈពេល២៥ឆ្នាំមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) បង្កាត់ពូជក្រពើភ្នំបាន៥០០ក្បាល។ នេះជាភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា ស្របពេលដែលល្មូនប្រភេទនេះ កំពុងរងគ្រោះជិតផុតពូជនៅលើពិភពលោក (IUCN)។

តាមរយៈវីដេអូឯកសារ«ខួប២៥ឆ្នាំភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការ FFI បានលើកឡើងថា រយៈពេល២៥ឆ្នាំកន្លងមកនេះ FFI បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីអភិរក្សក្រពើភ្នំដែលជិតផុតពូជពីធម្មជាតិ រហូតមានកំណើនជាបន្តបន្ទាប់។
បើតាមការរៀបរាប់របស់ លោក Pablo ដំបូងឡើយ ក្រពើភ្នំត្រូវបានគេសន្និដ្ឋានថាបានផុតពូជពីប្រទេសកម្ពុជាទៅហើយ។ តែនៅឆ្នាំ២០០០ FFI បានសហការជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន រកឃើញសត្វក្រពើភ្នំចំនួនតិចតួចរស់នៅក្នុងតំបន់ព្រៃដាច់ស្រយាលនៃតំបន់ជួរភ្នំក្រវាញ។ ពេលនោះហើយ FFI ក៏សម្រេចបង្កើតកម្មវិធីអភិរក្សក្រពើភ្នំ ដែលគិតមកទល់ពេលនេះរយៈពេល២៥ឆ្នាំ។
បច្ចុប្បន្ន FFI កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើកិច្ចការពារជម្រកក្រពើភ្នំ និងបានបង្កាត់ពូជសត្វក្រពើភ្នំសុទ្ធ ដើម្បីលែងចូលព្រៃធម្មជាតិវិញ។ អង្គការមួយនេះ ក៏បានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជាផ្កាយរណប និងឧបករណ៍កត់ត្រាការផ្លាស់ទីរបស់ក្រពើភ្នំ, ការធ្វើតេស្តបច្ចេកវិទ្យាសេនេទិចបរិស្ថាន ផងដែរ។

ទីតាំងបង្កាត់ក្រពើភ្នំ។ រូបភាព៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI)
លោក ថ្លែងដូច្នេះថា៖«អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានសហការជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន រកឃើញសត្វក្រពើភ្នំចំនួនតិចតួច រស់នៅក្នុងតំបន់ព្រៃដាច់ស្រយាលនៃតំបន់ជួរភ្នំក្រវាញ។ ពេលនោះហើយ ដែលកម្មវិធីអភិរក្សក្រពើភ្នំនេះ ត្រូវបានបង្កើតឡើង។ យើងកំពុងការពារជម្រក ហើយក៏បានបង្កាត់ពូជសត្វក្រពើភ្នំសុទ្ធ ដើម្បីលែងចូលព្រៃធម្មជាតិវិញផងដែរ។»។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង និងផ្ដល់មន្រ្តីក្រសួងបរិស្ថានជាច្រើននាក់ ដើម្បីឱ្យចូលរួមសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងពលរដ្ឋមូលដ្ឋាន បំពេញការងារអភិរក្សក្រពើភ្នំឱ្យកាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានេះ ក្រសួងក៏បានជំរុញការស្រាវជ្រាវ និងថែរក្សាផងដែរ។
រដ្ឋមន្រ្តីបរិស្ថាន បានចាត់ទុកក្រពើភ្នំ គឺជាផ្នែកមួយនៃជីវៈចម្រុះដែលមិនអាចខ្វះបាននៅកម្ពុជា។ លោក ថ្លែងដូច្នេះថា៖«ក្រពើភ្នំ និងសត្វព្រៃទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃជីវៈចម្រុះ។ កាលណាបើគ្មានក្រពើភ្នំ ឬសត្វព្រៃទាំងនោះទេ ជីវៈចម្រុះកម្ពុជាក៏បាត់បង់ដែរ ព្រោះវាត្រូវរស់នៅបំពេញឱ្យគ្នាទៅវិញទៅមក។»។
ចំណែក លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្រសួងបានធ្វើការជាមួយក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគមន៍មូលដ្ឋាន តាំងពីឆ្នាំ២០០០ ដើម្បីអភិរក្សក្រពើភ្នំកុំឱ្យជិតផុតពូជពីធម្មជាតិ។ សព្វថ្ងៃ កម្ពុជាមានក្រពើភ្នំរស់នៅប្រមាណ៥០ភាគរយនៃប្រជាសាស្រ្តក្រពើភ្នំនៅលើពិភពលោក។ ទន្ទឹមនោះ ភាគីពាក់ព័ន្ធក៏បង្កាត់ពូជ និងលែងចូលទៅព្រៃធម្មជាតិវិញក៏បានច្រើនដែរ។
លោក បន្ថែមដូច្នេះថា៖«ការលែងចូលធម្មជាតិវិញនេះ យើងក៏មានការប្រុងប្រយ័ត្នច្រើនមែនទែន ហើយក្រពើទាំងអស់នោះ ត្រូវយកទៅលែងនៅតំបន់ស្នូលការពារធម្មជាតិតែម្ដង ដើម្បីឱ្យនៅដាច់ឆ្ងាយពីមនុស្ស ហើយព្យាយាមធ្វើយ៉ាងណាឱ្យក្រពើទាំងនេះ អាចរស់រាន ឬបន្តពូជឡើងវិញឱ្យមាននិរន្តរភាព»។
ក្រពើភ្នំ គឺជាប្រភេទសត្វទឹកសាប មានកំណើតនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ ចំណែក នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: