លោក ប្រាក់ សុខុន នឹងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសឡើងវិញ ជំនួសលោក សុខ ចិន្តាសោភា
- ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១១:០២ នាទី ព្រឹក

លោក ប្រាក់ សុខុន(ស្តាំ) និងលោក សុខ ចិន្តាសោភា នាពិធីផ្ទេរតំណែងកាលពីដើមនីតិកាលទី៧។ រូបថត ក្រសួងការបរទេស
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិនិត្យសំណើប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រោយដំណើរការជាង១ឆ្នាំ លោក សុខ ចិន្តាសោភា នឹងក្លាយជារដ្ឋមន្ត្រីទី៣ដែលត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីការឆ្លាស់តំណែងគ្នារវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងអធិការកិច្ច។ យោងតាមអគ្គលេខាធិការរដ្ឋសភា លោក ប្រាក់ សុខុន នឹងក្លាយជាប្រមុខការទូតកម្ពុជាសារជាថ្មី ខណៈលោក សុខ ចិន្តាសោភា រក្សាឋានៈជាឧបនាយករដ្ឋមន្ត្រី។

ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការតែងតាំងលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ឡើងវិញ រីឯលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីបច្ចុប្បន្ននៅរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី គឺធ្វើឡើងក្រោយសំណើររបស់រដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែវិច្ឆិកា។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា អង្គប្រជុំ បានអនុម័តកំណត់កាលបរិច្ចេទបន្តសម័យប្រជុំលើកទី៣ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ដោយក្រៅពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរដ្ឋាភិបាល អង្គប្រជុំមានរបៀបវារៈសំខាន់ៗបីផ្សេងទៀត។
លោក សុខ ចិន្តាសោភា ជារដ្ឋមន្ត្រីទី៣នៃនីតិកាលទី៧នេះ ដែលត្រូវបានផ្លាស់តំណែង។ កាលពីថ្ងៃទី២០ ខែកញ្ញា រដ្ឋសភា បានអនុម័តកែសម្រួលលោក ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន ឆ្លាស់ពីក្រសួងទេសចរណ៍ ទៅដឹកនាំក្រសួងអធិការកិច្ចវិញ។
លោក សុខ ចិន្តាសោភា កាន់តំណែងជារដ្ឋមន្ត្រីការបរទេស ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កន្លងមក លោកធ្លាប់ជាអតីតអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
រីឯលោក ប្រាក់ សុខុន ដែលស្ថិតក្នុងតំណែងជាអនុប្រធានទី១ ព្រឹទ្ធសភា ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ២០១៦ មុនទៅកាន់ស្ថាប័ននីតិបញ្ញត្តិ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com