«សៀមរាបខ្ទះឆា» គោលដៅលើកម្ពស់វិស័យចុងភៅកម្ពុជា និងបន្លែសុវត្ថិភាពសៀមរាប
  • ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
«សៀមរាបខ្ទះឆា» គោលដៅលើកម្ពស់វិស័យចុងភៅកម្ពុជា និងបន្លែសុវត្ថិភាពសៀមរាប

សៀមរាប៖ នៅបាំងតែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ កម្មវិធីប្រកួតចម្អិនម្ហូប «សៀមរាប ខ្ទះឆា» នឹងរៀបចំឡើងក្នុងពិព័រណ៍កសិ-ពាណិជ្ជកម្មឆ្នាំទី២ នៅសួនព្រះរាជដំណាក់ ក្រុង​សៀមរាប ចាប់ពីថ្ងៃទី២៩ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ កម្មវិធី«សៀមរាបខ្ទះ​ឆា»​រៀបចំឡើងដើម្បីផ្តល់​ផ្ដល់ឱកាសដល់ចុងភៅកម្ពុជា បង្ហាញសមត្ថភាព មុនឈានដល់ការ​ប្រកួតលំដាប់អន្តរជាតិនានា និងគោលបំណងលើកកម្ពស់ការប្រើប្រាស់បន្លែសុវត្ថិភាព ដែលដាំដុះក្នុងខេត្តសៀមរាប។
TTN-Free-Banner-In-Article-PC
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី ជាមួយលោកស្រី  ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា ដូចតទៅ៖ 

 
ក្រោយខកខានដោយសារជំងឺឆ្លងសកលកូវីដ-១៩, ឆ្នាំ២០២៤នេះ សមាគមចុងភៅកម្ពុជា នឹងរៀបចំការប្រកួតចម្អិនម្ហូប «សៀមរាប ខ្ទះឆា»ឡើងវិញ នៅថ្ងៃពិព័រណ៍កសិ-ពាណិជ្ជកម្ម ពោលគឺចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ​នេះជាលើកទី៤ហើយ ដែលការប្រកួតប្រជែងសមត្ថភាពចម្អិនអាហារនឹងត្រូវរៀបចំឡើង។
 
ដើ​ម្បីតេស្តសមត្ថភាព​ គឺត្រូវការល្បងសមត្ថភាព តាមរយៈការប្រកួត។ នេះជាប្រសាសន៍​របស់លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា លើកឡើងនៅពីក្រោយការរៀប​ចំការប្រកួតចម្អិនអាហារ «សៀមរាប ខ្ទះឆា»នេះ។ លោកស្រី គឹមសាន បន្ថែមទៀតថា៖«​ក្នុង​នាមយើងជាចុងភៅអាជីព យើងអត់អាចធ្វើការនៅ​មួយកន្លែងបានទេ គឺត្រូវការប្រកួត​ប្រជែង​គ្នា បញ្ចេញស្នាដៃ ព្រោះនៅពេលការប្រកួត​ប្រ​ជែង​គ្នា ធ្វើឱ្យអាជីពយើងកាន់តែ​វិវត្តន៍ទៅមុខ»។ 
 
មួយផ្នែកទៀត នៃការប្រកួតនេះ លោកស្រីក៏ចង់បង្ហាញពីសក្ដានុពលកសិកម្ម លើការដាំដុះ​បន្លែ​សុវត្ថិភាព ក្នុងខេត្តសៀមរាបផងដែរ។ លោកស្រីថា ​ខេត្តសៀមរាប នៅរវាងខែវិច្ឆិកា ឬធ្នូ​ ជាពេលដែលសម្បូរបន្លែ ក្នុងនោះក៏មានបន្លែសុវត្ថិភាពផងដែរ ដូច្នោះការប្រកួតនេះ ជា​ឱកាសដើម្បី​ឱ្យសាធារណជនបានស្គាល់ពីប្រភពបន្លែសុវត្ថិភាព និងគាំទ្របន្លែសុវត្ថិភាព ដែលកសិករខេត្តសៀមរាប ប្រឹងប្រែងដាំដុះ។ 
 
លោកស្រី ប៉ុល គឹមសាន ចុងភៅអាជីព និងជាប្រធានសមាគមចុងភៅកម្ពុជា។ រូបភាព៖ CCA

ប្រធានសមាគមចុងភៅកម្ពុជារូបនេះ លើកឡើងទៀតថា តាមរយៈវេទិកានេះ ក៏ជា​ឱកាសលើកទឹកចិត្តដល់ចុងភៅកម្ពុជា ក្នុងការច្នៃប្រឌិតម្ហូបអាហារ ដែលមានរសជាតិ សោភ័ណភាព ដើម្បីឱ្យអាហារក្លាយជាផលិតផលទេសចរណ៍ ទាក់ទាញនៅសៀមរាប លើសតែពីប្រាសាទ។ 
 
បើតាមលោកស្រីគឹមសាន ការប្រកួតមានពីវិញ្ញាសា ពោលគឺការចម្អិនម្ហូបក្ដៅ ១មុខ និង​ត្រជាក់១មុខ។ ម្ហូបក្ដៅ គឺតម្រូវឱ្យបេក្ខជនត្រូវចម្អិនអាហារឆាមួយមុខ ដែល​គណៈ​កម្មការជ្រើសរើស និងម្ហូបត្រជាក់ គឺញាំ ឬ Salad ដោយប្រើប្រាស់បន្លែសុវត្ថិភាព​ក្នុងខេត្តសៀមរាប។ 
 
បើតាមលោកស្រី គឹមសាន ​ គណៈកម្មការនឹង​ជ្រើសរើសបេក្ខភាពតែ១២ក្រុម​ប៉ុណ្ណោះ​ ដោយ​ក្នុងមួយក្រុមៗមានសមាជិក២រូប ​ទៅប្រកួតថ្វីដៃគ្នាវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃ​ពិព័រណ៍​ពាណិជ្ជ​កម្ម ខាងមុននេះ។ ​ម្ចាស់ជ័យលាភីលេខ១,លេខ២ និងលេខ៣ នឹងត្រូវជ្រើសរើស​ចេញពី​ក្រុម​ទាំង១២ ដែលចូលរួមប្រកួតនោះ៕ 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ស៊ុល រ៉វី