សេអ៊ូលថា រុស្ស៊ីឱ្យប្រេង អាវុធទៅកូរ៉េខាងជើង ជាថ្នូរនឹងទាហានកូរ៉េខាងជើងប្រយុទ្ធនៅអ៊ុយក្រែន
- ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:៥៩ នាទី ព្រឹក

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង អះអាងថា រុស្ស៊ីបានផ្តល់ឱ្យកូរ៉េខាងជើងនូវប្រេង មីស៊ីលការពារអាកាស និងជំនួយសេដ្ឋកិច្ចជាថ្នូរនឹងការទទួលកងទ័ពកូរ៉េខាងជើងប្រយុទ្ធនៅអ៊ុយក្រែន។ លើសពីក្រុមស្រាវជ្រាវមួយទៀតក៏បញ្ជាក់ថា ទីក្រុងព្យុងយ៉ាងទទួលបានប្រេងពីមូស្គូផងដែរ។

កូរ៉េខាងជើង ត្រូវបានអាម៉េរិក និងកូរ៉េខាងត្បូងបានចោទថា បានបញ្ជូនទាហានជាង១ម៉ឺននាក់ដើម្បីជួយរុស្ស៊ីក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន។ ការពង្រាយលើកនេះ ត្រូវបានអ្នកជំនាញជឿថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចង់ទទួលបានបច្ចេកវិទ្យាទំនើប និងបទពិសោធប្រយុទ្ធសម្រាប់កងទ័ពកូរ៉េខាងជើង។
កូរ៉េខាងជើងទទួលបានអ្វីខ្លះហើយនោះ? ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា កូរ៉េខាងជើងទទួលបានឧបករណ៍ និងមីស៊ីលប្រឆាំងយន្តហោះដែលមានបំណងពង្រឹងប្រព័ន្ធការពារដែនអាកាសដែលមានសមត្ថភាពនៅឡើយ។ ប្រាប់ទូរទស្សន៍ក្នុងស្រុក SBS លោក Shin បានបន្ថែមថា កូរ៉េខាងជើងបានទទួលទម្រង់ផ្សេងៗនៃការគាំទ្រផ្នែកសេដ្ឋកិច្ចផងដែរ។
ដោយឡែក ក្រុមស្រាវជ្រាវមួយឈ្មោះមជ្ឈមណ្ឌលប្រភពបើកចំហ បាននិយាយថា ទីក្រុងព្យុងយ៉ាងទទួលបានការដឹកជញ្ជូនប្រេងពីរុស្ស៊ីថែមទៀត។ ក្រុមស្រាវជ្រាវនេះ បានដកស្រង់រូបភាពពីផ្កាយរណបដែលបង្ហាញថា កប៉ាល់ដឹកប្រេងកូរ៉េខាងជើងជាង១១គ្រឿងបានធ្វើដំណើរសរុប៤៣ជើងទៅកាន់ស្ថានីយប្រេងក្នុងកំពង់ផែរបស់រុស្ស៊ីក្នុងរយៈពេលប្រាំបីខែចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់ BBC ។
រូបភាពទាំងនេះក៏បានបង្ហាញពីស៊ីទែនស្ទើរតែពេញដោយប្រេង។ បើតាម BBC រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy និយាយថា ប្រេងនេះជាការទូទាត់សម្រាប់សព្វាវុធ ហើយកងទ័ពក្រុងព្យុងយ៉ាងបានបញ្ជូនទៅជួយទីក្រុងមូស្គូតែម្ដង។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រមួយកាលពីខែមិថុនា ដែលចែងពីកាតព្វកិច្ចរដ្ឋទាំងពីរក្នុងការផ្តល់ជំនួយផ្នែកយោធាដោយមិនបង្អង់យូរក្នុងករណីមានការវាយប្រហារលើភាគីម្ខាងទៀត និងសហការជាអន្តរជាតិដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច៕
អ្នកសរសេរអត្ថបទ
តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ