ការចរចា COP29 អូសបន្លាយ ក្រោយក្រុមប្រទេសក្រីក្រចង់ឱ្យប្រទេសអ្នកមានបង្កើនជំនួយហិរញ្ញវត្ថុ
- ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

ការចរចាលើកិច្ចព្រមព្រៀងដោះស្រាយបញ្ហាប្រែប្រួលដែលធ្វើឡើងនៅកិច្ចប្រជុំកំពូលអាកាសធាតុ (COP29) ត្រូវបានអូសបន្លាយ បន្ទាប់ពីក្រុមប្រទេសក្រីក្របដិសេធសំណើផ្ដល់វិភាគទានរបស់ប្រទេសអ្នកមានចំនួន២៥០ពាន់លានដុល្លារដើម្បីដោះស្រាយវិបត្តិសកលមួយនេះ។ ពីរដ្ឋធានីបាគូ ទឹកដីអាស៊ែបៃហ្សង់ ប្រទេសក្រីក្រចង់បានយ៉ាងហោចណាស់៥០០ពាន់លានដុល្លារ។

នៅជិតចុងបញ្ចប់នៅជំនួបកំពូល COP29 ដែលជាអាស៊ៃបៃហ្សង់ជាម្ចាស់ផ្ទះ ភាពតានតឹងក៏កើតឡើងរវាងប្រទេសចូលរួមជុំវិញវិភាគទានរបស់ប្រទេសអ្នកមានសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅប្រទេសក្រីក្រដែលងាយរងគ្រោះ។ តំណាងចរចាប្រទេសកំពុងអភិវឌ្ឍ បានច្រានចោលគម្រោងផ្ដល់លុយត្រឹម២៥០ពាន់លានដុល្លារ។
ម្ចាស់ផ្ទះអាស៊ែបៃហ្សង់ និយាយថា ការចរចាបន្តដល់ថ្ងៃទី២៣ ខែវិច្ឆិកាដើម្បីសម្រេចបានសេចក្ដីព្រាងចុងក្រោយមួយដើម្បីសុំការអនុម័តពីរដ្ឋចូលរួមប្រជុំ COP29 ។ សំណើដំបូងដែលត្រូវបានច្រានចោលនោះ សរសេរពីការប្ដេជ្ញាចិត្តរបស់ក្រុមប្រទេសអ្នកមានដែលចង់បង្កើនវិភាគទានឱ្យលើស១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ តែអ្នកជំនាញនិយាយថា មិនគ្រប់គ្រាន់សម្រាប់ប្រទេសក្រីក្រឡើយ។
លោក Tina Stege បេសកជនអាកាសធាតុរបស់កោះ Marshall Island ដែលជាប្រទេសដែលទទួលរងការគំរាមកំហែងដោយការកើនឡើងនៃសមុទ្របាននិយាយថា វាគួរឱ្យអាម៉ាស់ណាស់ក្នុងការបញ្ជូនអត្ថបទបែបនេះ។
អាស៊ែបៃហ្សង់ ក៏បានជំរុញឱ្យប្រទេសនានាបន្តខិតខំចរចាថែមទៀត ប៉ុន្តែបានទទួលស្គាល់ថា តួលេខ២៥០ពាន់លានដុល្លារ ដែលនឹងត្រូវសម្រេចឱ្យនៅឆ្នាំ២០៣០ មិនមានយុត្តិធម៌ ឬមហិច្ឆតាគ្រប់គ្រាន់នោះទេ។ ឯសម្ព័ន្ធនៃរដ្ឋកោះតូច ចាត់ទុកតួលេខនេះ ការមើលងាយចំពោះជនងាយរងគ្រោះថែមទៀត។
អាលី ម៉ូហាម៉េដ ប្រធានក្រុមអ្នកចរចាអាហ្រ្វិក ដែលជាប្លុកដ៏មានឥទ្ធិពល ហើយដែលរងគ្រោះមហន្តរាយអាកាសធាតុមិនធម្មតាដែរនោះ បានហៅសំណើនេះថា មិនអាចទទួលយកបានទាំងស្រុង និងមិនគ្រប់គ្រាន់ឡើយ។
ប្រទេសកំពុងអភិវឌ្ឍចំនួន១៣៤ រាប់ទាំងចិនផង បានទាមទារយ៉ាងហោចណាស់៥០០ពាន់លានដុល្លារសម្រាប់ការចំណាយលើការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយកំដៅផែនដី។ ប៉ុន្តែប្រទេសអ្នកមាន ហាក់ស្ទាក់ស្ទើរក្នុងការជួយច្រើនបែបនេះ។
អាម៉េរិកដែលនឹងត្រូវដឹកនាំដោយលោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាហើយថាខ្លួនមិនបានសម្លឹងរកការចរចាតួលេខខ្ពស់ជាងនេះឡើយ។ ចំណែកអាល្លឺម៉ង់វិញ បញ្ជាក់ថា ខ្លួនមិនអាចបំពេញការចំណាយទាំងនេះតែម្នាក់ឯងបានទេ។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Annalena Baerbock និយាយថា អឺរ៉ុបចង់បំពេញការទទួលខុសត្រូវរបស់ខ្លួន ប៉ុន្តែមិនអាចសន្យានូវអ្វីដែលធ្វើមិនបានឡើយ៕
អ្នកសរសេរអត្ថបទ
តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: