អូស្ត្រាលី បោះបង់ផែនការពិន័យក្រុមហ៊ុនបណ្ដាញសង្គមចំពោះការរាលដាលព័ត៌មានមិនពិត
- ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:៥៩ នាទី ព្រឹក

រដ្ឋាភិបាលអូស្ត្រាលី សម្រេចទម្លាក់ចោលផែនការផាកពិន័យក្រុមហ៊ុនបណ្ដាញសង្គមចំពោះការអនុញ្ញាតឱ្យមានការរីករាលដាលព័ត៌មានមិនពិត។ អ្នកនយោបាយអូស្ត្រាលីជាច្រើន ប្រឆាំងផែនការនេះ។

នៅក្រោមសេចក្ដីព្រាងច្បាប់មួយ រដ្ឋាភិបាលអូស្ត្រាលី នឹងពិន័យបណ្ដាញសង្គមរហូតដល់៥ភាគរយនៃប្រាក់ចំណូលសកលរបស់ពួកគេក្នុងករណីខកខានទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតតាមអ៊ីនធឺណិត។
សេចក្តីព្រាងច្បាប់នេះ ជាផ្នែកមួយនៃការប្រឹងប្រែងយ៉ាងរបស់អូស្ត្រាលីក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយការកើនឡើងឆាប់រហ័សប្រព័ន្ធបណ្ដាញសង្គម។ មេដឹកនាំប្រទេសនេះធ្លាប់ទាំងបានត្អូញត្អែរថាបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅបរទេសកំពុងត្រួតត្រាលើអធិបតេយ្យភាពអូស្ត្រាលីថែមទៀត។
រដ្ឋមន្ត្រីគមនាគមន៍អូស្ត្រាលី Michelle Rowland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្អែកលើមតិសាធារណៈ និងការចូលរួមជាមួយសមាជិកព្រឹទ្ធសភា វាច្បាស់ណាស់ថាមិនមានផ្លូវដើម្បីធ្វើច្បាប់តាមរយៈព្រឹទ្ធសភាទេ។ លោកស្រី Rowland និយាយថា ផែនការនេះ នាំឱ្យមានកម្រិតតម្លាភាពដែលមិនធ្លាប់មានពីមុនមក តាមរយៈឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទទួលខុសត្រូវចំពោះដំណើរការរបស់ពួកគេដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃព័ត៌មានមិនពិត។
រដ្ឋមន្ត្រីរូបនេះបាននិយាយដែរថា ពលរដ្ឋអូស្ត្រាលីបួនភាគប្រាំចង់បានការដោះស្រាយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងប្រទេស។
យ៉ាងណាមិញ សារព័ត៌មាន Sky News បានរាយការណ៍ថា សម្ព័ន្ធភាព Liberal-National បក្ស Australian Greens និងសមាជិកព្រឹទ្ធសភាទាំងអស់បានជំទាស់នឹងច្បាប់នេះ។ សមាជិកព្រឹទ្ធសភាបក្សបៃតង Sarah Hanson-Young ប្រដូចសេចក្ដីព្រាងច្បាប់នេះជាការដុតនាំពាក់កណ្តាលប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: