ចប់បាក់ឌុប គ្មានលទ្ធភាពបន្តការសិក្សានៅសកល គួរសម្លឹង «ជំនាញវិជ្ជាជីវៈ»?
- ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៨:១៩ នាទី យប់

រូបភាព៖ SPOONS Cambodia Organization
សៀមរាប៖ អ្នកធ្វើការពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានលើកទឹកចិត្តយុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាមហាវិទ្យាល័យ គួរសម្លឹងការរៀនជំនាញវិជ្ជាជីវៈ។ អ្នកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា លើកឡើងថា ជំនាញវិជ្ជាជីវៈចំណាយតិច ឬស្ទើរតែមិនចំណាយ, រៀនរយៈពេលខ្លី, ទទួលបានជំនាញពិតប្រាកដ និងឱកាសការងារ ក្រោយបញ្ចប់ការសិក្សា។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖
ជំនាញវិជ្ជាជីវៈ ជាជម្រើសការសិក្សាថ្មី សម្រាប់យុវជននាពេលបច្ចុប្បន្ន ក្រៅពីការសិក្សាមុខវិជ្ជាជាច្រើននៅមហាវិទ្យាល័យ បន្ទាប់ពីពួកគេបញ្ចប់ថ្នាក់មធ្យមសិក្សា។ ប៉ុន្តែជំនាញវិជ្ជាជីវៈ មានភាពប្រសើរត្រង់ថា វាផ្ដល់ឱកាសដល់សិស្សដែលមកពីគ្រួសារជីវភាពខ្សត់ខ្សោយ, អណក្ខរជន, អ្នកបោះបង់ការសិក្សា, ជនងាយរងគ្រោះជាដើម ឱ្យពួកគេទទួលបានការសិក្សា និងឱកាសការងារ សម្រាប់អនាគតពួកគេ។
បច្ចុប្បន្នគេឃើញមានជំនាញវិជ្ជាជីវៈជាច្រើន កំពុងមានវត្តមាននៅកម្ពុជា ដូចជាជំនាញអេឡិចត្រូនិក, ជំនាញសំណង់, ជំនាញមេកានិក, ជំនាញជួសជុលយានយន្ត, ចុងភៅ, ម្ហូបអាហារ, បដិសណ្ឋារកិច្ច ជាដើម។

អ្នកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពូជា (SPOONS)។ រូបភាពពីហ្វេសប៊ុក អ្នកស្រី ម៉ៅ សុផានី៕
អង្គការស្លាបព្រាកម្ពុជា (SPOONS)ជាអង្គការក្រៅរដ្ឋាភិបាលមួយ នៅខេត្តសៀមរាប បានបើកទ្វារជាង១៥ឆ្នាំមកហើយ។ អង្គការនេះ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចដូចជាម្ហូបអាហារ, ភេសជ្ជៈ, ឆុងកាហ្វេ, ដុតនំ និងរៀបចំបន្ទប់ជាដើម ទៅដល់យុវជនកម្ពុជា ដែលមកពីគ្រួសារក្រីក្រ តំបន់ដាច់ស្រយាល ជនជាតិដើមភាគតិច អ្នកបោះបង់ការសិក្សា អ្នកដែលធ្លាប់ចំណាកស្រុក និងយុវជនដែលគ្មានជំនាញពិតប្រាកដ ពីបណ្ដាខេត្តនានាក្នុងប្រទេស។
តាមរយៈបេសកកម្មរបស់អង្គការស្លាបព្រាកម្ពុជា អ្នកស្រី ម៉ៅ សុផានី ប្រធានអង្គការស្លាបព្រាកម្ពុជា មានសុទិដ្ឋិនិយមថា ការរៀនជំនាញវិជ្ជាជីវៈ ជាជម្រើសប្រសើរមួយនាពេលបច្ចុប្បន្ន។ អ្នកស្រីសង្កត់ធ្ងន់ថា៖ «ជំនាញវិជ្ជាជីវៈ គឺជាផ្នែកមួយនៃការសិក្សា និងបណ្ដុះបណ្ដាល ដែលរៀនរយៈពេលខ្លី គាត់អាចចាប់អាជីពធ្វើការបាន។ អ្វីដែលខ្ញុំមើលឃើញ រៀនរយៈពេលខ្លី រៀនហើយចេះ គាត់អាចធ្វើបានការភ្លាមៗ ហើយឱកាសការងារក៏មានច្រើនផងដែរ»។
ភ្ជាប់ជាមួយការរៀនវិជ្ជាជីវៈនេះ អ្នកស្រី សុផានី លើកឡើងទៀតថា មិនថាការរៀនជំនាញវិជ្ជាជីវៈឡើយ ទោះបីរៀនជំនាញអ្វីក៏ល្អដែរ ឱ្យតែការរៀននោះ អ្នករៀន គឺរៀនច្បាស់លាស់។ ដូច្នេះវាសំខាន់ផងដែរ ដែលអ្នករៀនត្រូវយកចិត្តទុកដាក់រៀនសូត្រ រៀនឱ្យចេះ ធ្វើឱ្យបាន ព្រមទាំងលទ្ធផលល្អ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: