ប្រាសាទគោកពោធិ៍ដែលទ្រុឌទ្រោមខ្លាំងកំពុងទទួលបានការជួសជុលរចនាសម្ព័ន្ធឡើងវិញ
  • ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ប្រាសាទគោកពោធិ៍ដែលទ្រុឌទ្រោមខ្លាំងកំពុងទទួលបានការជួសជុលរចនាសម្ព័ន្ធឡើងវិញ
ប្រាង្គអក្សរA នៃប្រាសាទគោកពោធិ៍ ដែលកំពុងជួសជុលឡើងវិញ។

សៀមរាប៖ តួប៉មអក្សរ A នៃប្រាសាទគោកពោធិ៍ ដែលទ្រុឌទ្រោមខ្លាំងដោយសារអាយុកាល និងធម្មជាតិ កំពុងទទួលបានការជួសជុល និងលើកតម្លៃឡើងវិញ។ មកដល់ខែវិច្ឆិកានេះ ប្រាង្គ ឬតួប៉មសំខាន់​នេះ មានភាពរឹងមាំឡើងវិញស្ទើរទាំងស្រុងហើយ។
TTN-Free-Banner-In-Article-PC
 
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក ហួរ សុធន បានឱ្យដឹងថា ប្រាសាទគោកពោធិ៍មានប៉មចំនួន៤ និងត្រូវបានកំណត់ឈ្មោះដោយអក្សរ A,B,C និងD។ តួប៉មអក្សរ A ដែលនៅរចនាសម្ព័ន្ធច្រើនជាងគេ​ចាប់ផ្តើមដំណើរការជួសជុលនៅខែ មិថុនា ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងខែ វិច្ឆិកានេះ។ ប្រាង្គចំនួន២ គឺតួប្រាង្គឬប៉ម C និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គ A ដែលសេសសល់​ជញ្ជាំងជុំវិញ និងប្រាង្គ B នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូងប៉ុណ្ណោះ។
 
លោកបុរាណវិទូបន្តថា បច្ចុប្បន្នក្រុមការងារ​នៃនាយកដ្ឋានអភិរក្សប្រាសាទ បានជួសជុល និងពង្រឹងរចនាសម្ព័ន្ធខ្លះនៃប្រាង្គA រួមមាន ជួសជុលជញ្ជាំងខាងត្បូង និងខាងលិច សម្រេចបានស្ទើររួចរាល់ហើយ។ ការងារបន្ត ក្រុមការងារកំពុង​ដំណើរការ​នៅផ្នែកខឿន និងដំបូល​ដែលប្រទះថាមានភាពបាក់បែកខ្លាំង ដោយសារមាន​ដើមរុក្ខជាតិ និងឫសរុក្ខជាតិចាក់ស្រែះថ្ម​ជាច្រើន។ 
 
 កម្មករកំពុងរៀបចំឥដ្ឋជួសជុលប្រាសាទគោកពោធន៍

ក្រុមការងារបានកាត់ដករុក្ខជាតិ និងដកយកឥដ្ឋពុកផុយចេញ ដោយជំនួសឥដ្ឋថ្មីម្ដងមួយដុំៗ ដើម្បីធានាថា ការជួសជុលមានភាពរឹងមាំឡើងវិញ។ ក្រៅពីផ្នែកដំបូលដែលទ្រុឌទ្រោម លោក ហួរ សុធន ប្រាប់ថា នៅផ្នែកខឿនឯណោះវិញ ក៏ខូចខាតច្រើនដែរ គឺមានកំណកដីចូលច្រើន និងមានដើមរុក្ខជាតិដុះតាមរន្ធតូចៗច្រើនផងដែរ។ 
 
ចំពោះបច្ចេកទេសជួសជុលវិញ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ លោក ហួរ សុធន ប្រាប់ថា ត្រូវបកដីមើលស្ថានភាពខឿនជាមុន បន្ទាប់មកសម្អាតកំណកដីឱ្យបានស្អាត ដកយករុក្ខជាតិ និងឫសចេញឱ្យអស់ ទើបចាប់ផ្តើមពង្រឹងខឿនឱ្យរឹងមាំឡើងវិញតាមខ្សែឥដ្ឋមួយៗ។ 
 
 លោក ហួរ សុធន បុរាណវិទូដឹកនាំគម្រោងជួសជុលប្រាសាទគោកពោធិ៍

ប្រាសាទគោកពោធិ៍សាងសង់ឡើងនៅរវាងសតវត្សរ៍ទី៨ និងទី៩ ដោយក្សត្រច្រើនអង្គ។ ក្រុមប្រាសាទនេះស្ថិតនៅខាងជើងបារាយណ៍ខាងលិចប្រហែល២គីឡូម៉ែត្រ ហើយ កសាងឡើងដំណាលនឹងប្រាសាទអកយំ ដោយស្ថិតនៅចំណុចខ្សែបន្ទាត់ផ្លូវបុរាណតែមួយ។ តំបន់ប្រាសាទដែលស្ថិតនៅជិតៗគ្នានោះដែរ រួមមានប្រាសាទភ្នំរូង និងប្រាសាទត្រពាំងត្រាចជាដើម ដែលសុទ្ធសឹងជាប្រាសាទឥដ្ឋ។ ទោះបីនៅឆ្ងាយពីតំបន់យ៉ាងណាក្តី  តែប្រាសាទគោកពោធិ៍​នៅតែមានអ្នកទេសចរទៅទស្សនា និងជាកន្លែងបន់ស្រន់ គោរពបូជា និងរៀបចំកិច្ចពិធីផ្សេងៗ​របស់អ្នកស្រុក។ ប្រាសាទនេះស្ថិតនៅភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក៕
 
 
 
 
 
 
 

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី