មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកា ១៥ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់មជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច
- ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ល្ងាច

ការព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។
សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ បានបើកយុទ្ធនាការរៃអង្គាសថវិកា ដើម្បីទ្រទ្រង់ និងព្យាបាលកុមារ ផ្នែកជំងធ្ងន់ និងរបួសប៉ះទង្គិច ស្របពេលដែលជំងឺនេះមានការកើនឡើងនារយៈពេលចុងក្រោយនេះ។

អ្នកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេស នៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា យុទ្ធនាការរៃអង្គាសថវិកា «រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ» ចាប់ផ្តើមដំណើរការពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ។ យុទ្ធនាការនេះមានបំណងលើកកម្ពស់ ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរងរបួសប៉ះទង្គិចនៅមន្ទីរពេទ្យកុមារអង្គរ និងជាពិសេស ដើម្បីរៃអង្គាសប្រមូលថវិកាចំនួន ១៥ម៉ឺនដុល្លារអាមេរិក ដើម្បីដំណើរការមជ្ឈមណ្ឌលទាំងមូល នៅក្នុងឆ្នាំ២០២៤។ នេះជាការពន្យល់របស់អ្នកស្រី ស៊ិនកេត អរុណ។

អ្នកស្រី ស៊ិនកេត អរុណ
វេជ្ជបណ្ឌិត ឡេង ណារ៉ា ឯកទេសជំនាញវះកាត់ជំងឺកុមារ និងជាប្រធានកម្មវិធីមជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនៃមន្ទីរពេទ្យកុមារអង្គរ លើកឡើងថា នៅក្នុងឆ្នាំ២០២៤នេះ អ្នកជំងឺដែលរបួសប៉ះទង្គិចធ្ងន់ធ្ងរ មានចំនួនប្រមាណ ១៤០០នាក់។ លោកបន្តថា៖«មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចរបស់មន្ទីរពេទ្យកុមារអង្គរផ្តល់ការផ្តល់ថែទាំ និងវះកាត់ដល់កុមារដែលមានរបួសប៉ះទង្គិច ឫជំងឺដែលគំរាមកំហែងដល់អាយុជីវិត រួមមានអ្នកជំងឺដែលគ្រោះដូចជាការដួល ធ្លាប់ពីទីខ្ពស់ គ្រោះថ្នាក់ចរាចរណ៍ និងរលាកធ្ងន់ធ្ងរ»។
គ្រូពេទ្យឯកទេសរូបនេះបន្ថែមថា ការព្យាបាលជំងឺធ្ងន់មានភាពប្រទាក់ក្រឡាគ្នា និងច្រើនផ្នែក ទាំងផ្នែកសង្រ្គោះបន្ទាន់ រហូតដល់អ្នកជំងឺមានភាពប្រក្រតីឡើងវិញ ដែលត្រូវការម៉ាស៊ីនទំនើប ដើម្បីជួយសង្រ្គោះជីវិតកុមារទាន់ពេលវេលា។ ចំពោះគម្រោងមជ្ឈមណ្ឌល ព្យាបាលជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនៃមន្ទីរពេទ្យកុមារអង្គរ ជាផ្នែកមួយសំខាន់នៃបេសកកម្មរបស់មន្ទីរ ក្នុងបំណងផ្តល់ការថែទាំ និងព្យាបាលប្រកបដោយគុណភាពដល់កុមារដែលរងរបួស ប៉ះទង្គិច ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ដែលព្យាបាលប្រកបដោយគុណធម៌ និងប្រសិទ្ធភាព។ ក្នុងឆ្នាំ២០១៩ របាយការណ៍បង្ហាញថា ក្នុងមួយថ្ងៃមានមនុស្ស៥,៤នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ហើយជនរងគ្រោះអាយុចន្លោះពី១៥ ទៅ២៤ឆ្នាំ ភាគច្រើនជាប្រុស។

វេជ្ជបណ្ឌិត ឡេង ណារ៉ា
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៥ ខែវិច្ឆិកា លោក ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា ជាមធ្យមមានកុមារប្រមាណ៣០០ ទៅ៤០០នាក់ ដែលទទួលបានសេវាព្យាបាល និងពិនិត្យនៅមន្ទីរពេទ្យកុមារអង្គរ។ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យត្រូវការជំនួយប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីដំណើរការ និងសកម្មភាពអប់រំនានា។ ចំពោះការចូលរួមរបស់សប្បុរសជននានា នឹងរួមចំណែកសំខាន់ ក្នុងការជួយឱ្យមន្ទីរពេទ្យសម្រេចក្នុងបេសកកម្មជួយជីវិតកុមារឱ្យបានគ្រប់ៗគ្នា។
លោក ងួន ច័ន្ទភក្រ្តា បន្ថែមថា៖« រហូតមកដល់ពេលនេះ ម្ចាស់ជំនួយជាច្រើនរបស់យើង បានជួយជាមូលនិធិមួយចំនួនសម្រាប់កសាងមជ្ឈមណ្ឌល ដូចជាម៉ាស៊ីនបណ្ដុះស្បែកនៅឆ្នាំ២០២២ ម៉ាស៊ីនស៊ីធីស្កេន និងម៉ាស៊ីនថតកាំរស្មីចល័តនៅឆ្នាំ២០២៣ ហើយថ្មីៗនេះម៉ាស៊ីន ស៊ី អាម។ យើងត្រូវបង្កើតជំនាញបណ្ដុះបណ្ដាលក្រុមការងារឱ្យកាន់តែមានជំនាញ ដើម្បីដំណើរការមជ្ឈមណ្ឌលនេះ យើងត្រូវការសាងសង់រោងបន្ទប់វះកាត់ ដើម្បីឱ្យមានបន្ទប់គ្រប់គ្រាន់ សម្រាប់វះកាត់សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ»។

វេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ
ទាក់ទងនឹងការងាររៃអង្គាសថវិកាវិញ អ្នកស្រី ស៊ិនកេត អរុណ មើលឃើញថា រយៈពេល២ ឬ ៣ឆ្នាំចុងក្រោយ ស្ថានភាពការងារនេះបានវិលត្រឡប់ស្ថានភាពល្អប្រសើរឡើងវិញ។ ក្នុងនោះសន្ទុះនៃការរៃអង្គាស ក៏ដូចជាការចូលរួមពីសប្បុរសជនក្នុងស្រុកក៏មានច្រើន ហើយប្រជាជនខ្មែរក៏ចាប់ផ្តើមស្គាល់មន្ទីរពេទ្យកុមារអង្គរកាន់តែច្រើនផងដែរ។ ក្នុងនោះ បូករួមនិងវិភាគទានពីអ្នកជំងឺ ក៏ជាផ្នែកមួយជួយទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យផងដែរ។ អ្នកស្រី អរុណ បន្ថែមថា៖« វិភាគទានអ្នកជំងឺជាចំណែកមួយនៃចំណូល រួមជាមួយការរៃអង្គាសមូលនិធិក្នុងប្រទេសទាំងអស់ បានរុញច្រានឱ្យអត្រាមូលនិធិបានពីក្នុងប្រទេស កើនដល់ជិត៣០ភាគរយ នៃចំណូលទាំងអស់ ដែលក្នុងឆ្នាំ២០២៤នេះ សរុបមានចំនួនប្រមាណ ១ លានដុល្លារ។
នេះជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីការចូលរួមរបស់ប្រជាជនកម្ពុជា ដើម្បីកុមារកម្ពុជា។ អ្នក ស្រី អរុណ ចង់ឃើញរូបភាពនេះបន្តមានសកម្មភាពជានិរន្តរ ដើម្បីឱ្យមន្ទីរពេទ្យមានកម្លាំងនិងបន្តបេសកកម្មរបស់ខ្លួនដោយមិននឿយហត់ឡើយ៕

សន្និសីទស្ដីពីយុទ្ធនាការរួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ នៅមន្ទីរពេទ្យកុមារអង្គរ។
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: