៣ទសវត្សរ៍! «ហ្វារពន្លឺសិល្បៈ» បណ្តុះជំនាញសិល្បៈទស្សនីយភាព និងសូនរូបដល់យុវជនខ្មែរ
- ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១១:៥៩ នាទី ព្រឹក

បាត់ដំបង៖ ចាប់ដំណើរនៅឆ្នាំ១៩៩៤ សមាគមហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak) រួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញសិល្បៈ ក៏ដូចការគាំពារសង្គមផ្តោតលើកុមារងាយរងគ្រោះ។ ក្រៅពីការបណ្តុះយុវជន លើជំនាញសិល្បៈនៅខេត្តបាត់ដំបង ហ្វារពន្លឺសិល្បៈ ដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសតាមរយៈការសម្តែងទស្សនីយភាពលក់សំបុត្រឱ្យភ្ញៀវចូលទស្សនា។

សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
«ហ្វារពន្លឺសិល្បៈ» មានទីតាំងស្ថិតនៅភូមិអញ្ចាញ ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើផ្ទៃដីជាង២ហិកតា។ ជាមួយនឹងអាយុកាលដល់៣០ឆ្នាំ ហ្វារពន្លឺសិល្បៈ បានផ្តល់ឱកាសឱ្យក្មេងៗ ដែលមាននិស្ស័យស្រឡាញ់សិល្បៈបែបច្នៃប្រឌិត ទាំងជំនាញទស្សនីយភាព (ភ្លេងប្រពៃណី បុរាណ សម័យ ការសម្តែង សៀក របាំ ជាដើម) និងជំនាញសិល្បៈសូនរូប (គំនូរ ការឌីហ្សាញ គំនូរជីវចល)។
លោក ឃួន ដេត សហស្ថាបនិក និងជានាយកសាលាសិល្បៈ ទស្សនីយភាព នៃហ្វារពន្លឺសិល្បៈ បានលើកឡើងថា បច្ចុប្បន្ន ក្មេងដែលចូលរៀនជំនាញសិល្បៈមានរហូតដល់៦៥០នាក់ ដែលភាគច្រើនជាក្មេងរស់នៅក្នុងខេត្តបាត់ដំបង មួយចំនួនមកពីបណ្តាលខេត្ត។ អ្វីដែលលោក មើលឃើញ កុមារដែលចូលរៀននៅទីនេះ ភាគច្រើន ពួកគេចូលចិត្តហាត់ជំនាញសៀក និងរបាំ។ យ៉ាងណាមិញ ហ្វារ បានបណ្តុះបណ្តាលយុវជន ជាង២ពាន់នាក់ ឱ្យបានបញ្ចប់ការសិក្សា មានអាជីពជាអ្នកជំនាញសិល្បៈពិតប្រាកដ មានការងារល្អ នៅតាមរាជធានី-ខេត្ត និងធ្វើការនៅក្រៅប្រទេសផងដែរ។

នៅមួយជ្រុងទៀតបន្ទាប់ពីការបណ្តុះយុវជន លើជំនាញសិល្បៈ ហ្វារពន្លឺសិល្បៈបានដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរ ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការសម្តែងទស្សនីភាពលក់សំបុត្រឱ្យភ្ញៀវចូលទស្សនា។ ថវិកា ដែលបានពីការលក់សំបុត្រ នឹងត្រូវយកទៅផ្គត់ផ្គង់លើការសិក្សារៀនសូត្ររបស់សិស្ស នៅក្នុងសាលា និងខ្លះទៀតបានពីការលក់ស្នាដៃសិស្សដូចជា គំនូរ ឬវត្ថុអនុស្សាវរីយ។ ដោយឡែកថវិកាមួយចំនួនធំ គឺបានពីការឧបត្ថម្ភពីម្ចាស់ជំនួយនានា ទាំងនេះជាកត្តារួមផ្សំសំខាន់ ដែលធ្វើឱ្យហ្វារ មានលទ្ធភាពចូលរួមជួយកុមារកម្ពុជាកាន់តែច្រើន។
លោក ឃួត ដេត បញ្ជាក់ថា៖ «រាល់ការសម្តែង ពួកគេតែងទទួលបានការគាំទ្រ ហើយសិស្សរបស់យើង ក៏មានឱកាសបង្ហាញសមត្ថភាព នៅមុខទស្សិកជន នៅលើឆាក ដែលនេះធ្វើឱ្យជំនាញរបស់ពួកគាត់ស្ទាត់ នាពេលកំពុងសិក្សា មុននឹងចេញសម្តែងលក្ខណៈបែបអាជីព។»

លោក ឃួន ដេត ស្ថាបនិកនៃហ្វារពន្លឺសិល្បៈ
តួយ៉ាង ហ្វារពន្លឺសិល្បៈ តែងខិតខំបង្កើតទស្សនីយភាពប្លែកៗ ជាពិសេសនៅក្នុងខេត្តបាត់ដំបងល្បីផ្នែកសិល្បៈ វប្បធម៌ ទេសចរណ៍។ ជាក់ស្តែងនាអំឡុងឆ្នាំ ២០២១ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ បានសម្តែងសៀកមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដែលបានបំបែកឯកទគ្គកម្មពិភពលោក។ ការសម្តែងសៀកនេះ ត្រូវបានសម្តែងកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដោយមានសិល្បករចូលរួមសម្តែងប្រហែល ៩០នាក់។ ក្រោយមក អង្គការ Guinness World Records ក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ក្នុងឆ្នាំដដែលនោះ។
ជាមោទនភាព ក្នុងនាមជាស្ថាបនិក ដែលបម្រើការងារប្រមាណ ៣០ឆ្នាំមកនេះ លោក ឃួន ដេត បានចាត់ទុកហ្វារដូចជាផ្ទះរបស់លោកដូច្នេះដែរ ព្រោះការងារនេះបានជួយអភិរក្សសិល្បៈរបស់ខ្មែរ ដ៏មានតម្លៃបន្តវេនឱ្យយុវជនក្រោយ៕






អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ