គម្រោងជីកំប៉ុសជន្លេនជួយកាក់បន្ថយកាកសំណល់មួយផ្នែកនៅទីប្រជុំជនស្រុកសូទ្រនិគម
- ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១០:២៦ នាទី ព្រឹក

ជន្លេនដែលគេចិញ្ចឹមសម្រាប់កែច្នៃជីកំប៉ុស។
សៀមរាប៖ រោងកែច្នៃជីកំប៉ុសជន្លេន ដែលគាំទ្រដោយអង្គការហ្រ្គេត (GRET) បានដាក់ឱ្យដំណើរការ ខណៈដែលគម្រោងនេះ នឹងរួមចំណែកកាត់បន្ថយកាកសំណល់នៅទីប្រជុំជន ពិសេសនៅផ្សារដំដែក។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនវីដេអូខាងក្រោមនេះ៖
មានទីតាំងស្ថិតនៅភូមិខ្ចាស់ ឃុំដំដែក ស្រុកសូទ្រនិគម រោងកែច្នៃជីកំប៉ុសជន្លេន នៃអង្គការហ្រ្គេត នឹងក្លាយជាទីតាំងកែច្នៃកាកសំណល់ចម្រុះដែលប្រមូលពីផ្សារដំដែក ដើម្បីផលិតជាជីកំប៉ុសជន្លេន ដំបូងគេនៅសហគមន៍ស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប។ ជាភូមិសាស្រ្តដែលមានកសិករដាំបន្លែច្រើន ជីកំប៉ុសនេះនឹងជួយឱ្យការដាំដុះ រួមនិងការផលិតដំណាំ និងបន្លែសុវត្ថិភាព កាន់តែច្រើន បន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលជាផ្នែកមួយជួយឱ្យពលរដ្ឋមានសុខភាពល្អប្រសើរ។

ជីកំប៉ុសជន្លេន និងបន្លែ ផ្លែឈើ ដែលប្រើប្រាស់ជីកំប៉ុសនេះ
លោកស្រី កែវ សុជាតា តំណាងអង្គការហ្រ្គេតប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈរោងជីកំប៉ុសជន្លេននេះ នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់អ្នកផលិតកាកសំណល់ លើការអនុវត្តការគ្រប់គ្រងកាកសំណល់រឹងដោយនិរន្តរភាព។ វាក៏បានជួយផ្សព្វផ្សាយ ផ្តល់តម្លៃ និងការប្រើប្រាស់កាកសំណល់សេរីរាង្គសម្រាប់ធ្វើជីកំប៉ុស ហើយកាកសំណល់សេរីរាង្គពី៦ទៅ៨តោនក្នុងមួយខែ នឹងត្រូវប្រមូលពីផ្សារដំដែក មកកែច្នៃជាជីកំប៉ុសជន្លេន។ គម្រោងនេះ មានគោលដៅផលិតជីកំប៉ុសជន្លេន ២.៥តោនក្នុងមួយខែ ហើយជីផលិតបាន៧០ភាគរយ នឹងត្រូវលក់ ក្នុងតម្លៃសមរម្យសម្រាប់កសិករដាំដុះបន្លែ។
តាមរយៈគម្រោងខាងលើនេះ តំណាងអង្គការហ្រ្គេតប្រចាំកម្ពុជាមានក្តីរំពឹងថា ប្រជាពលរដ្ឋជាង១០ម៉ឺននាក់នៅស្រុកសូទ្រនិគម នឹងទទួលបានផលដោយប្រយោល តាមរយៈសេវាកម្មគ្រប់គ្រងសំណល់ដែលប្រសើរជាងមុននៅឃុំដំដែក ក៏ដូចជាពង្រឹងសមត្ថភាព របស់អាជ្ញាធរស្រុក ដើម្បីធានានិរន្តរភាពនៃការគ្រប់គ្រងសេវាកម្មប្រមូលកាកសំណល់នានា។ «កសិករមកពីអេកូហ្វាម នឹងសហគមន៍កសិកម្មផ្សេងទៀត ក៏ដូចជាអ្នកទិញជីកំប៉ុសដែលមានផ្សព្វផ្សាយ ដោយអេកូហ្វាម នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី កែវ សុជាតា។

ក្រុមកសិករក្នុងគម្រោងកែច្នៃជីកំប៉ុសជន្លេន
ប្រធានគម្រោងកម្មវិធី និងគម្រោងទឹកស្អាតអនាម័យ និងការងារគ្រប់គ្រងសំណល់រឹងប្រជុំជន នៃអង្គការហ្រ្គេត លោកស្រី Terra Michaels ថា ការងារគ្រប់គ្រងសំណល់រឹង ជាដំណើរមួយដ៏វែងឆ្ងាយ និងទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ សហគមន៍ និងក្រុមហ៊ុនប្រមូលសំរាមជាដើម។ «ដូចបានដឹងថា យើងជាអ្នកបញ្ចេញ អ្នកផលិតសំណល់ ដូច្នេះមានតែយើងទេទើបដោះស្រាយ និងគ្រប់គ្រងកាកសំណល់ឱ្យបានល្អប្រសើរ»។ នេះជាការលើកឡើងរបស់លោកស្រី Terra ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងជីកំប៉ុសជន្លេន នាថ្ងៃទី២៧ ខែវិច្ឆិកា។
តាមរយៈការចាប់ផ្តើមនៃគម្រោងនេះដែរ ប្រធានគម្រោងអង្គការហ្រ្គេតរូបនេះ បានសុទ្ធិនិយមវែងឆ្ងាយថា វានឹងផ្តល់ជីកំប៉ុសសរីរាង្គបន្ថែម ដើម្បីឱ្យសហគមន៍ទាំងមូលមានលទ្ធភាពផលិតដំណាំ និងបន្លែដែលមានសុវត្ថិភាព តាមរយៈការប្រើប្រាស់ជីកំប៉ុសនេះ។ លោកស្រី Terra បន្ថែមថា៖«គោលដៅបន្តទៀតសម្រាប់ឆ្នាំក្រោយ យើងសង្ឃឹមថានឹងមានជីកំប៉ុសបន្ថែម មានសំណល់ជីកំបុសថែម និងសង្ឃឹមថា វានឹងធ្វើឱ្យប្រទេសយើងកាន់តែស្រស់ស្អាតជាងមុន និងមានផលិតផលក្នុងស្រុកមានសុវត្ថិភាពជាងមុន»។

ប្រធានគម្រោងលោកស្រី Terra Michael
អភិបាលស្រុកសូទ្រនិគម គិម វណ្ណៈ បានអរគុណដល់ភាគីពាក់ព័ន្ធ ដែលធ្វើឱ្យគម្រោងជីកំប៉ុសជន្លេននេះ លេចចេញជារូបរាងនៅសហគមន៍របស់លោក។ លោក គិម វណ្ណៈ៖« គម្រោងនេះល្អប្រសើរ ក្នុងការកាត់បន្ថយការប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានក្នុងសហគមន៍ ក្នុងទីប្រជុំជនសំខាន់។ សមិទ្ធផលនេះ ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្ត និងលើកកម្ពស់ ក្នុងវិស័យកសិកម្ម បរិស្ថាន និងផ្តល់ឱ្យសហគមន៍នូវជីសរីរាង្គមានគុណភាព តម្លៃសមរម្យ សម្រាប់សហគមន៍កសិម្ម និងសុខុសមាលសង្គមផងដែរ»។
បន្ថែមពីនេះ លោកអភិបាលស្រុកសូទ្រនិគម មើលឃើញថា រោងផលិតជីកំប៉ុសជន្លេន ក៏នឹងក្លាយជាទីតាំងរៀនសូត្រ និងកម្មសិក្សាសម្រាប់សិស្ស និស្សិត នាពេលអនាគត ដែលស្រឡាញ់វិស័យកសិកម្ម ក្នុងបុព្វហេតុជួយអភិវឌ្ឍន៍វិស័យមួយនេះឱ្យរីកចម្រើនដូចប្រទេសជឿនលឿនផងដែរ។

កសិករ ធឿន សាវង់ កំពុងពន្យល់អ្នកចូលរួមពីដំណើរការកែច្នៃជីកំប៉ុសជន្លេន។
ប្រធានរោងជីកំប៉ុសជន្លេន និងជាកសិករលោកស្រី ធឿន សាវង់ ពន្យល់ថា ជន្លេនដែលយកមកផលិតជាជីកំប៉ុសនេះ ជាប្រភេទជន្លេនដែលនាំចូលពីឥណ្ឌា។ ក្រុមការងារដែលមានសមាជិក៦នាក់ នឹងប្រមូលកាកសំណល់រឹងពីផ្សារដំដែក ដើម្បីមកញែក និងផ្អាប់ទុកសម្រាប់ធ្វើជាចំណីជន្លេន។ «កាកសំណល់ណាងាយរលួយ យើងរើសឱ្យជន្លេនស៊ីតែម្ដង តែសំណល់រឹងយើងយកទៅផ្អាប់ពី២ទៅ៣ខែសិន…ក្រោយយកឱ្យជន្លេនស៊ីហើយ ទើបវាចេញជាអាចម៍មកដើម្បីធ្វើជីកំប៉ុស»។ នេះជាការបញ្ជាក់ពីលោកស្រី ធឿន សាវង់។
គម្រោងជីកំប៉ុសជន្លេនចាប់ផ្តើមដំណើរការសាកល្បងនៅចុងឆ្នាំ២០២៣ ដែលក្នុងនោះផលិតបានទាំងជីប៉ុសគោក និងជីកំប៉ុសទឹក។ កសិករ ធឿន សាវង់ ប្រាប់ថា តាមការពិសោធន៍លើដំណាំចម្រុះមួយចំនួន ជីនេះមានគុណភាពល្អ ដែលជួយឱ្យដំណាំលូតលាស់បានល្អ និងធ្វើឱ្យដំណាំផ្លែមានរសជាតិផ្អែមផងដែរ។ ជាងនេះទៅទៀត ជីនេះបានរួមចំណែកកាត់បន្ថយកាកសំណល់រឹងជាច្រើន ដែលកន្លងមកមានបរិមាណច្រើន និងមិនមានការគ្រប់គ្រងបានល្អប្រសើរនៅឡើយ៕

កាកសំណល់ដែលកសិករប្រើប្រាស់សម្រាប់ចំណីជន្លេន

ផលិតផលសម្រេចបាននៃជីកំប៉ុសជន្លេន
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: