អបអរខួប២ឆ្នាំ ចុះបញ្ជីយូណេស្កូ! អ្នកគុនល្បុក្កតោវ័យក្មេង១២រូប នឹងបញ្ចេញស្នៀតក្បាច់គុនដាក់គ្នា
  • ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ១២:៤៥ នាទី រសៀល
អបអរខួប២ឆ្នាំ ចុះបញ្ជីយូណេស្កូ! អ្នកគុនល្បុក្កតោវ័យក្មេង១២រូប នឹងបញ្ចេញស្នៀតក្បាច់គុនដាក់គ្នា

សៀមរាប៖​ អ្នកហាត់គុនល្បុក្កតោ១២រូប ដែលមកពីតំបន់ផ្សេងគ្នា នឹងមកជួបសាកល្បងក្បាច់គុន នៅក្នុងព្រឹត្តិការណ៍ជំនួបសាកល្បងគុនល្បុក្កតោ ក្រោមប្រធានបទ«ក្បាច់គុនដូនតាខ្មែរ ថែព្រលឹងវប្បធម៌ជាតិ»។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ វិច្ឆិកានេះ នៅទីតាំង SOKSAN SPORT ស្ថិតតាមបណ្ដោយក្រវាត់ក្រុងសៀមរាប ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីម៉ោង៤៖៣០នាទីរសៀលតទៅ។
TTN-Free-Banner-In-Article-PC

 
ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃគុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤) នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក នាកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី ។
 
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។ ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូបនៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។
 
ងាកមកព្រឹត្តិការណ៍ជំនួបសាកល្បងគុនល្បុក្កតោ ក្រោមប្រធានបទ«ក្បាច់គុនដូនតាខ្មែរ ថែព្រលឹងវប្បធម៌ជាតិ»នេះវិញ គឺធ្វើឡើងនៅក្នុងគោលបំណងតែមួយ ក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ក្បាច់គុនបុរាណខ្មែរដ៏ចំណាស់នេះ ទៅកាន់មហាជននៅក្នុងតំបន់ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ នៅលើទឹកដីខេត្តសៀមរាប។
 
ប្រធានសាលាគុនស្រីជ័យដំរីសាមពាន់ លោក ពក អៀង បានបញ្ជាក់ថា គោលបំណងនៃការប្រកួតនេះ គឺផ្ដល់ឱកាសឱ្យកីឡាករ-កីឡាការិនីវ័យក្មេង បានបញ្ចេញសមត្ថភាព និងផ្សព្វផ្សាយគុនល្បុក្កតោ ឱ្យក្លាយជាគោលដៅទេសចរណ៍មួយផងដែរ។ ជាពិសេសជំរុញឱ្យយុវជន យុវនារី និងថ្នាលជំនាន់ក្រោយ ចាប់អារម្មណ៍ហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរ ដើម្បីថែរក្សាកេរដំណែលវប្បធម៌ក្បាច់គុនបុរាណខ្មែរ។
 
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ លោក ពក អៀង បានពន្យល់ដូច្នេះ ៖«គោលដៅយើងចង់អភិរក្ស និងគាស់រំលើងក្បាច់គុនដូនតាយើងបង្ហាញភ្ញៀវទេសចរណ៍ឱ្យគាត់បានឃើញក្បាច់គុនដ៏យូរលង់របស់យើងមកហើយ។ ហើយចំពោះការអភិវឌ្ឍវិញ គឺយើងអភិវឌ្ឍន៍សមត្ថភាពកូនសិស្សយើង ឱ្យគាត់បានប្រកួត បានសម្ដែងច្រើន ។ ដូច្នេះនៅពេលពួកគាត់ បានប្រកួត បានសម្ដែងនិងមានបទពិសោធច្រើន សមត្ថភាពពួកគាត់ក៏កាន់តែរីកចម្រើន។ យើងក៏ចង់សម្រួចពួកគាត់ ឱ្យក្លាយជាធនធានតំណាងប្រទេសជាតិយើង ចេញទៅប្រកួតនៅក្រៅប្រទេសបាន»។ 
 
លោក ពៀត សុខន ហៅ សុខសាន្ត ប្រធានតារាងបាល់ទាត់ SOKSAN SPORTS ដែលចូលរួមគាំទ្ររៀបចំកម្មវិធីប្រកួតនេះ មើលឃើញថា វាជាការរួមចំណែកដល់ការអភិរក្ស និងផ្សព្វផ្សាយក្បាច់គុនបុរាណ ឱ្យកាន់តែទូលំទូលាយ ដោយចាប់ផ្ដើមពីថ្នាក់តំបន់ទៅ។ ជាស្នេហាវិស័យកីឡា និងក្បាច់គុនបុរាណផង លោក សុខន បានជួយផ្សព្វផ្សាយ និងកៀរគរជំនួយជួយដល់កម្មវិធីនេះ។
 
«ខ្ញុំចង់ចូលរួមជួយដល់សាលាគុនស្រីជ័យដំរីសាមពាន់ ដែលមានឆន្ទៈក្នុងការអភិរក្សគុនល្បុក្កតោខ្មែរដ៏វិសេសវិសាលមួយនេះ។ ម៉្លោះហើយខ្ញុំគិតថា យើងសហការគ្នាក្នុងការជួយរៀបចំផ្សព្វផ្សាយសកម្មភាពបែបនេះ ឱ្យកាន់តែទូលំទូលាយ និងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត»។ នេះបើតាមម្ចាស់តារាង SOKSAN SPORTS។
 
ព្រឹត្តិការណ៍ជំនួបល្បងគុនល្បុក្កតោនេះ មានកីឡាករ កីឡាការិនី ៦គូ ចូលរួមប្រកួត និងបញ្ចេញស្នៀតក្បាច់គុន តាមជំនាញដ៏ប៉ិនប្រសប់រៀងៗខ្លួន។ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធគុនល្បុក្កតោ បានយល់ឃើញថា ការរៀបចំប្រកួតគុនល្បុក្កតោថ្នាក់តំបន់នេះ ស្របតាមទស្សនវិស័យរបស់សហព័ន្ធ ដែលតែងតែចូលរួមគាំទ្រដល់សកម្មភាពផ្សព្វផ្សាយនានា ពីក្បាច់ដ៏ចំណាស់មួយនេះ។ លោក អ៊ួ តារា ក៏ចង់ឃើញវត្តមានប្រកួតថ្នាក់តំបន់នេះ រីកសាយភាយកាន់តែច្រើនទៀតផង។
 
«យើងគាំទ្រទៅសាលាគុនដែលមានឆន្ទៈនៅក្នុងការកៀរគររៀបចំកិច្ចការងារប្រកួត។ ជាពិសេសរៀបចំនៅលើទឹកដីសៀមរាបនេះ វាក៏ជួយឱ្យសកម្មភាពក្បាច់គុនល្បុក្កតោនេះ កាន់តែផុសផុលថែមទៀត ក៏ដូចជាការទាក់ទាញដល់កីឡាករ កីឡាការិនីហ្វឹកហាត់ ទាំងវិស័យក្នុងតំបន់នោះផងដែរ»។ នេះបើតាមលោក អ៊ួ តារា ដែលបានបន្ថែមថា សហព័ន្ធគុនល្បុក្កតោ ក៏បានជួយគាំទ្រផ្ដល់មន្ត្រីជំនាញ និងបច្ចេកទេស ក្នុងការរៀបចំការប្រកួតនេះដែរ។
 
កីឡាករ កីឡាការិនី១២រូប ដែលនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ជំនួបអ្នកលេងគុននេះ រួមមាន៖ សុខា ចាន់ប៉ាវ, ឈុន យនហាំង, ផល ករុណា, ទី ប្រាក់ពន្លឹង, ឡី ហុង, ផល រ៉ូត, សាំង ណារីន, យ៉ុង តាក់, ណាន ឃីណាត់, ទី ប្រាក់ចាន់ណា, ដេត ស្រីយ៉ាល និង យ៉ុង នីតា៕
 
 

អ្នកសរសេរអត្ថបទ

រំដួល ចិត្រា  (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។  ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា