ក្រសួងរៀបចំដែនដី គ្រោងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់អង្គរ
  • ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ ម៉ោង ៤:២៩ នាទី រសៀល
ក្រសួងរៀបចំដែនដី គ្រោងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់អង្គរ
រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ ក្នុងពិធីចែកបណ្ណកម្មសិទ្ធិដល់ពលរដ្ឋនៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

សៀមរាប៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅតំបន់អង្គរនាពេលខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់មានប្រសិទ្ធភាព និងមិនមានទំនាស់រវាងអាជ្ញាធរ និងពលរដ្ឋ។
TTN-Free-Banner-In-Article-PC
 
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងនឹងពិនិត្យលក្ខខណ្ឌនៃការប្រើប្រាស់ដីធ្លីទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ «តំបន់ណាដែលអាចធ្វើស្រែ តំបន់ណាទុកសម្រាប់សង់លំនៅឋាន ហើយជាសំណង់បែបណា ដែលការកំណត់នេះដើម្បីមានបទដ្ឋានរួមមួយ ក្នុងការរៀចំនគរូបនីយកម្មទីថ្ងៃអនាគត»។ លោក សាយ សំអាល់ បន្ថែមថា ក្នុងនោះក្រសួងក៏គិតគូរផងដែរចំពោះភូមិឋានខ្លះដែលត្រូវមានដាំដើមឈើ ផ្កាលម្អ និងរចនាបថផ្ទះ ដើម្បីកុំឱ្យប្រាសចាកពីតំបន់បេតិកភណ្ឌ។ល។


 
 
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនាវត្ថុ ឬបណ្ណកម្មសិទ្ធិ ជូនពលរដ្ឋ៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ចំនួន ៤៤៤៧បណ្ណ (កម្មសិទ្ធិរដ្ឋ២៤បណ្ណ) នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា លោក សាយ សំអាល់ បានបញ្ជាក់ថា ការរៀបចំនេះ ដើម្បីឱ្យការរស់នៅរបស់ពលរដ្ឋមានរបៀបរៀបរយ និងទាក់ទាញភ្ញៀវទេសចរបន្ថែម បង្កើនសេដ្ឋកិច្ចក្នុងខេត្តទេសចរណ៍មួយនេះឱ្យកាន់តែរីកចម្រើន។
 
ក្នុងនាមជាភាគីកណ្ដាល ឬដែលលោកឧបនាយករដ្ឋមន្រ្តីហៅថា ជាមេអណ្តើក លោក សាយ សំអាល់ ពិតជារីករាយដែលការងារដោះស្រាយបញ្ហាដីធ្លីនៅតំបន់រមណីយដ្ឋានអង្គរ សម្រេចបានចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋមួយផ្នែកធំ។ លោកពន្យល់ថា ក្រសួងរៀបចំដែនដី បានធ្វើការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្ដែងជាច្រើនលើកច្រើនសារនៅតាមដីបុរាណដ្ឋាននានាទាំង ១១៤ភូមិ ហើយបានកំណត់លើក្បាលដីណាដែលអាច និងមិនអាចកាត់ចេញពីបុរាណដ្ឋានបាន។ លោករដ្ឋមន្រ្តីរំពឹងថា ការដោះស្រាយនេះនឹងធ្វើឱ្យពលរដ្ឋស្ងប់ចិត្ត និងមិនមានវិវាទទៅថ្ងៃក្រោយទៀតឡើយ៕

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី