វត្តមានល្បុក្កតោនៅតាមសហគមន៍ ជាការទាក់ទាញទេសចរ និងការពារកុំឱ្យបាត់ឈ្មោះពីបញ្ជីយូណេស្កូ
- ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ២:២៩ នាទី រសៀល

សៀមរាប៖ ការប្រកួតគុនល្បុក្កតោ កម្រិតថ្នាក់តំបន់ ក្រោមប្រធានបទ«ក្បាច់គុនដូនតាខ្មែរ ថែព្រលឹងវប្បធម៌ជាតិ» បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៣០ វិច្ឆិកា នាតារាងបាល់ទាត់ SOKSAN SPORT នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងសៀមរាប។ វត្តមានល្បុក្កតោ នៅតាមសហគមន៍នេះ ជាការទាក់ទាញទេសចរ និងជាការការពារក្បាច់គុនបុរាណដ៏ចំណាស់មួយនេះ កុំឱ្យបាត់ឈ្មោះពីបញ្ជីអង្គការយូណេស្កូ។

គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង២០០០ឆ្នាំកន្លងមកហើយ។ ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូបនៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។

ការសម្ដែងក្បាច់គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
«ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទអបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវជាដើម។
ក្បាច់គុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤) នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក នាកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី ។
អភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនល្បុក្កតោ ដើម្បីកុំឱ្យបាត់ឈ្មោះពីបញ្ជីយូណេស្កូ
២ឆ្នាំហើយ ដែលក្បាច់គុនដ៏ចំណាស់មួយនេះ បានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ទោះបីមានការទទួលស្គាល់ពីអង្គការយូណេស្កូក៏ដោយ ក៏យើងមិនអាចព្រងើយកន្តើយ ឬទុកក្បាច់គុនល្បុក្កតោចោលដែរ ព្រោះវាអាចប្រឈមនឹងការបាត់បង់វិញ។ ត្រង់ចំណុចនេះ មានន័យថា អង្គការយូណេស្កូ អាចមានសិទ្ធដកឈ្មោះក្បាច់គុននេះវិញ ប្រសិនជាមិនមានការចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ ពីប្រជាជន ដែលជាម្ចាស់ដើមនៃក្បាច់គុន។ ដូច្នេះវាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមថែរក្សាមរតក្បាច់គុនដ៏រស់រវើកនេះ ឱ្យកាន់តែរឹងមាំថែមទៀត។
ពិតមានហើយ ចាប់តាំងពីអង្គការយូណេស្កូ ទទួលស្គាល់ក្បាច់បុរាណខ្មែរនេះមក រដ្ឋាភិបាល តាមរយៈសហព័ន្ធគុនល្បុក្កតោកម្ពុជា បានប្រឹងប្រែងផ្សព្វផ្សាយ និងធ្វើសកម្មភាពនានា ជាពិសេសរៀបចំការប្រកួតថ្នាក់ជាតិជាញឹកញាប់ ហើយថែមទាំងស្នើសុំដាក់បញ្ចូលក្បាច់គុននេះ ចូលក្នុងការប្រកួតនៃព្រឹត្តិការណ៍អន្តរជាតិធំៗផ្សេងទៀតផង។

ការប្រកួតក្បាច់គុនល្បុក្កតោ នៅកម្មវិធីល្បងគុនល្បុក្កតោ នាទឹកដីសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
តែយ៉ាងណា សកម្មភាពបែបនេះ មិនទាន់គ្រប់គ្រាន់ឡើយ បើសិនជាការផ្សព្វផ្សាយនៅតាមសហគមន៍ ទូទាំងប្រទេសកម្ពុជា មិនទាន់បានទូលំទូលាយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោ ជំរុញឱ្យរៀបចំប្រកួតគុនល្បុក្កតោ នៅតាមសហគមន៍ឱ្យកាន់តែច្រើន និងផ្សព្វផ្សាយគ្រប់ទម្រង់ ឱ្យស្របតាមគោលការណ៍យូណេស្កូ។
លោក វ៉ាត់ ចំរើន ក៏ទទួលស្គាល់ថា ការរៀបចំប្រកួត និងផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ តាមមូលដ្ឋាននេះ វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាទាមទារឱ្យពលរដ្ឋលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនដូនតាខ្មែរនេះ។
នាឱកាសចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលចូលរួមការប្រកួតគុនល្បុក្កតោ កម្រិតថ្នាក់តំបន់ នៅទឹកដីអង្គរ កាលពីថ្ងៃទី៣០ វិច្ឆិកា លោក វ៉ាត់ ចំរើន បានផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ ៖«ល្បុក្កតោជាក្បាច់គុនមួយដែរ រស់នៅជាមួយប្រជាជនយើង ហើយការធ្វើសកម្មភាពដើម្បីឱ្យសហគមន៍ចូលរួមនេះ វាធ្វើឱ្យយើងនឹកឃើញដល់បុព្វការី បុព្វបុរសដូនតារបស់យើង ដែលនៅទឹកដីអង្គរនេះ ជាកន្លែងពោរពេញទៅដោយបរមី និងវត្ថុស័ក្តិសិទ្ធិ ។ ហើយព្រលឹងយុទ្ធគុនដូនតាយើង បើយើងមិននាំគ្នា [ផ្សព្វផ្សាយ] ធ្វើឱ្យកក្រើក មិននាំគ្នាដាស់ព្រលឹងដូនតារបស់យើង ក៏គាត់មិនមកដាស់យើងដែរ ទាល់តែយើងទាំងអស់គ្នា នាំគ្នាដាស់ព្រលឹងដូនតា ទើបអាចយើងអាចទទួលបានពរជ័យពីដូនតា»។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធល្បុក្កតោ ចូលរួមព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
សាលាគុនស្រីជ័យដំរីសាមពាន់ និងក្លិប SOKSAN SPORTS បានរៀបចំការប្រកួតថ្នាក់តំបន់ ក្រោមប្រធានបទ«ក្បាច់គុនដូនតាខ្មែរ ថែព្រលឹងវប្បធម៌ជាតិ» ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ក្បាច់គុនបុរាណខ្មែរដ៏ចំណាស់នេះ ទៅកាន់មហាជននៅក្នុងតំបន់ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ នៅលើទឹកដីខេត្តសៀមរាប។
លោក វ៉ាត់ ចំរើន ចាត់ទុកសកម្មភាពរបស់សាលាគុនស្រីជ័យដំរីសាមពាន់ និងក្លិប SOKSAN SPORTS ដែលបានសហការរៀបចំការប្រកួតគុនល្បុក្កតោនេះ គឺជាគំរូដ៏ល្អមួយ បង្ហាញទៅដល់អ្នកស្នេហាក្បាច់គុនបុរាណខ្មែរទាំងអស់ ឱ្យរួមគ្នាគិតគូរៀបចំផ្សព្វផ្សាយនៅតាមថ្នាក់តំបន់ និងមូលដ្ឋានរបស់ពួកគេរៀងៗខ្លួន ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនដូនតានេះ។
«អ្វីដែលធ្វើនេះ គឺជាកាយវិការមួយដ៏ល្អ ហើយក៏ជាការទទួលខុសត្រូវមួយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលត្រូវមានកាតព្វកិច្ចក្នុងការចូលរួមថែរក្សាអភិរក្ស និងការអភិវឌ្ឍយុទ្ធគុនដូនតារបស់យើង។ ទន្ទឹមនឹងនេះ អាចថា [ការប្រកួតថ្នាក់តំបន់] នៅទីនេះ គឺជាគំរូមួយ ដល់ក្បាច់គុនល្បុក្កតោរបស់យើង ដែលមានក្លិប ឬសមាគមនៅតាមគ្រប់ខេត្តទាំងអស់។ ដូច្នេះខេត្តសៀមរាប អាចជាខេត្តមួយលេចធ្លោរជាងគេ ហើយមានដំណើរការក្លិបល្បុក្កតោច្រើននៅទីនេះ ហើយក៏មានគ្រូធំៗនៅទីនេះច្រើនដែរ លើផ្នែកល្បុក្កតោ និងផ្នែកក្បាច់គុនផ្សេងៗទៀតដែរ»។ នេះបើតាមអគ្គលេខាធិការសហព័ន្ធល្បុក្កតោ។
ការប្រកួតថ្នាក់តំបន់នេះ មានកីឡាករ កីឡាការិនីវ័យក្មេង១២រូប មកពីតំបន់ផ្សេងៗគ្នា មកសាកល្បងក្បាច់គុន និងបញ្ចេញសមត្ថភាព។ ក្នុងនោះរួមមាន៖ សុខា ចាន់ប៉ាវ, ឈុន យនហាំង, ផល ករុណា, ទី ប្រាក់ពន្លឹង, ឡី ហុង, ផល រ៉ូត, សាំង ណារីន, យ៉ុង តាក់, ណាន ឃីណាត់, ទី ប្រាក់ចាន់ណា, ដេត ស្រីយ៉ាល និង យ៉ុង នីតា។

ការប្រកួតក្បាច់គុនល្បុក្កតោ ក្នុងកម្មវិធីល្បងគុនល្បុក្កតោ នៅលើទឹកដីអង្គរ កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
លោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលចូលរួមបើកកម្មវិធី«ជំនួបល្បងគុនល្បុក្កតោ» និងទស្សនាការប្រកួតតាំងពីដើមរហូតដល់ចប់នោះ បង្ហាញអារម្មណ៍ពេញចិត្ត និងមានមោទកភាព ចំពោះព្រឹត្តិការណ៍ប្រកួតថ្នាក់តំបន់នេះ។ លោក ព្រាប កុល ចង់ឃើញវត្តមានក្បាច់គុនល្បុក្កតោរីកស្គុសស្គាយនៅតាមតំបន់ផ្សេងទៀត ឱ្យកាន់តែទូលំទូលាយទៅដល់ឆាកអន្តរជាតិ។ លោក ក៏ជំរុញឱ្យផ្សព្វផ្សាយគុនល្បុក្កតោ នៅតាមសហគមន៍ឱ្យកាន់តែច្រើន ដើម្បីបង្ហាញពីគុណសម្បត្តិ និងសក្តានុពលវប្បធម៌ជាតិ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ដូច្នេះ៖«គួរតែមានការរៀបចំ[ប្រកួតល្បុក្កតោ]ជាទៀងទាត់ ជាទម្រង់សហគមន៍ ថ្នាក់តំបន់ ក៏អាចជាការរៀបចំថ្នាក់ជាតិប្រចាំឆ្នាំ ដើម្បីឱ្យមានការយកចិត្តទុកដាក់សិក្សា រៀនសូត្រ ហាត់ក្បាច់គុននេះបន្ថែមទៀត។ សម្រាប់ខ្ញុំ ក្រៅពីការបង្ហាញគុណសម្បត្តិ កាយសម្បទា គន្លឹះក្បាច់គុននៃការប្រយុទ្ធ ឈុតឆាកផ្សេងៗ វាក៏ជួយដល់សុខភាព និងការកម្សាន្តមួយដែរ សម្រាប់ទស្សនា ដោយមានការជក់ចិត្តដិតជាប់អារម្មណ៍។ ដូច្នេះកីឡាបែបនេះ យើងគួរតែលើកកម្ពស់ឱ្យបានច្រើន»។

លោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅខេត្តសៀមរាប នាថ្ងៃទី៣០ វិច្ឆិកា ២០២៤។
ល្បុក្កតោ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ
មិនត្រឹមតែជាប្រភេទកីឡាក្បាច់គុននោះទេ ល្បុក្កតោ ក៏អាចជាផ្នែកមួយ នៃវិស័យទេសចរណ៍ផង។ ប្រធានសាលាគុនស្រីជ័យដំរីសាមពាន់ លោក ពក អៀង បានបញ្ជាក់ថា គោលបំណងនៃការប្រកួតគុនល្បុក្កតោនេះ គឺចង់ផ្ដល់ឱកាសឱ្យកីឡាករ-កីឡាការិនីវ័យក្មេង បានបញ្ចេញសមត្ថភាព និងផ្សព្វផ្សាយគុនល្បុក្កតោ ឱ្យក្លាយជាគោលដៅទេសចរណ៍មួយផងដែរ។ ជាពិសេសជំរុញឱ្យយុវជន យុវនារី និងថ្នាលជំនាន់ក្រោយ ចាប់អារម្មណ៍ហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរ ដើម្បីថែរក្សាកេរដំណែលវប្បធម៌ក្បាច់គុនបុរាណខ្មែរ។
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ លោក ពក អៀង បានពន្យល់ដូច្នេះ ៖«គោលដៅយើងចង់អភិរក្ស និងគាស់រំលើងក្បាច់គុនដូនតាយើងបង្ហាញភ្ញៀវទេសចរណ៍ឱ្យគាត់បានឃើញក្បាច់គុនដ៏យូរលង់របស់យើងមកហើយ។ ហើយចំពោះការអភិវឌ្ឍវិញ គឺយើងអភិវឌ្ឍន៍សមត្ថភាពកូនសិស្សយើង ឱ្យគាត់បានប្រកួត បានសម្ដែងច្រើន ។ ដូច្នេះនៅពេលពួកគាត់ បានប្រកួត បានសម្ដែងនិងមានបទពិសោធច្រើន សមត្ថភាពពួកគាត់ក៏កាន់តែរីកចម្រើន។ យើងក៏ចង់សម្រួចពួកគាត់ ឱ្យក្លាយជាធនធានតំណាងប្រទេសជាតិយើង ចេញទៅប្រកួតនៅក្រៅប្រទេសបាន»។

លោក ពក អៀង ប្រធានសាលាគុនស្រីជ័យដំរីសាមពាន់ ថ្លែងក្នុងព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
ក្រោយទស្សនាការប្រកួតគុនល្បុក្កតោហើយ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏បានលេចចេញគំនិតមួយ ក្នុងផ្សារភ្ជាប់ក្បាច់គុនល្បុក្កតោ ទៅនឹងវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ បើតាមគម្រោងលោកស្រី ស៊ីវលីន នឹងដាក់បញ្ចូលការសម្ដែងក្បាច់គុនល្បុក្កតោនេះ ទៅក្នុងកញ្ចប់ទេសចរណ៍។
«សិល្បៈបែបកីឡាមួយនេះ គឺផ្សារភ្ជាប់ទៅនឹងវប្បធម៌ ហើយវប្បធម៌ គឺជាសសរស្ដម្ភយ៉ាងសំខាន់ នៅក្នុងសសរស្ដម្ភទាំងបួន នៃវិស័យទេសចរណ៍ ដូច្នេះវាមានការទាក់ទាញ។ អ៊ីចឹងខ្ញុំគិតថា គុនល្បងល្បុក្កតោនេះ មានសារសំខាន់ណាស់ ក្រៅអំពីការចូលរួមថែរក្សា លើកតម្កើងនូវគុនខ្មែរនេះ គឺយើងអាចយកមកធ្វើជាផលិតផលទេសចរណ៍ ដើម្បីទាក់ទាញទៅដល់ភ្ញៀវទេសចរផងដែរ ព្រោះថា មានភាពប្រណិតមែនទែន ហើយក្បាច់នីមួយៗ អមដោយអត្ថន័យសំខាន់ៗ ភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់មនុស្សនាសម័យដើម»។ នេះបើតាមប្រធានសមាគមទេសចរកម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន បានសង្កត់ធ្ងន់ថា បើសិនជារៀបចំការប្រកួត និងសម្ដែងគុនល្បុក្កតោជាកាលវិភាគប្រចាំតែម្ដងនោះ វានឹងផ្ដល់ភាពងាយស្រួលមួយកម្រិតដល់ទីភ្នាក់ងារទេសចរណ៍ ក្នុងការរចនាខ្សែបន្ទាត់ផ្សព្វផ្សាយ និងលក់កញ្ចប់ទេសចរណ៍ ទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ថ្លែងក្នុងព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅទឹកដីអង្គរ កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ដូច្នេះ៖«យើងអាចបង្ហាញទៅដល់ភ្ញៀវដោយមោទនភាពថា ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ទាំងមូលនេះ ក្រៅពីវប្បធម៌រូបី អរូបីដ៏សម្បូរបែបនេះ យើងនៅមានគុនល្បុក្កតោ ដែលយើងកម្របានបង្ហាញដល់ភ្ញៀវអន្តរជាតិ ដែលមកកម្ពុជាណាស់ ព្រោះយូរៗទើបមានព្រឹត្តិការណ៍ធំៗរបស់ថ្នាក់ជាតិ ទើបមានការសម្ដែង។ ហើយភ្ញៀវមើលការសម្ដែងនេះ ពិតជាសប្បាយចិត្ត ពិតជាចូលចិត្ត។ នាងខ្ញុំ មានការជឿជាក់បែបនេះ ដោយសារយើងជាអ្នកជំនាញទេសចរណ៍ យើងយល់ច្បាស់ថា ផលិតផលបែបនេះ ពិតជាធ្វើឱ្យភ្ញៀវជក់ចិត្តដិតអារម្មណ៍ខ្លាំង»។

ការសម្ដែងក្បាច់គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
ជាគម្រោងបឋមនោះ សមាគមទេសចរណ៍កម្ពុជា គ្រោងរៀបចំឱ្យមានការសម្ដែងគុនល្បុក្កតោ នៅតាមទីតាំងទេសចរណ៍ ជាពិសេសនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងកន្លែងទទួលទានអាហារសំខាន់ៗផ្សេងទៀត។ មិនតែប៉ុណ្ណោះ ក៏គ្រោងរៀបចំកញ្ចប់ទេសចរណ៍ នាំភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនារូបចម្លាក់ក្បាច់គុនលើជញ្ជាំងប្រាសាទ ដើម្បីពន្យល់ឱ្យពួកគេបានដឹង និងបានស្គាល់។ ក្រោយពេលពួកគេ បានទស្សនារូបចម្លាក់លើប្រាសាទហើយ ភ្ញៀវទេសចរ នឹងអាចទស្សនាការសម្ដែងដោយផ្ទាល់ភ្នែកតែម្ដង នៅតាមទីតាំងផ្សេងៗ ក្នុងកញ្ចប់ទេសចរណ៍។ នេះបើតាមប្រធានសមាគមទេសចរណ៍កម្ពុជា។
មានការប្រកួតច្រើន ជួយពង្រឹងសមត្ថភាពការពារវប្បធម៌ និងអភិវឌ្ឍន៍គុនល្បុក្កតោ
កីឡាករ កីឡាការិនីល្បុក្កតោ ពិតជាចង់ឱ្យមានការប្រកួតច្រើនណាស់ ដើម្បីពង្រឹងសមត្ថភាពផង ជួយអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនផង ឱ្យស្របតាមទិសដៅរបស់រដ្ឋាភិបាល និងសហព័ន្ធល្បុក្កតោកម្ពុជា។ កីឡាករ ទី ប្រាក់ចាន់ណា ដែលជាម្ចាស់ជ័យលាភី ក្នុងការប្រកួតល្បងគុនល្បុក្កតោថ្នាក់តំបន់ នៅខេត្តសៀមរាប បានបញ្ជាក់ថា ខ្លួនពិតជាចង់ឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធឱ្យកាន់តែខ្លាំងជាងមុន។
ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ក្រោយទទួលពានរង្វាន់ នៃការប្រកួតក្រោមប្រធានបទ«ក្បាច់គុនដូនតាខ្មែរ ថែព្រលឹងវប្បធម៌ជាតិ» កាលពីថ្ងៃទី៣០ វិច្ឆិកា យុវជន ចាន់ណា បាននិយាយដូច្នេះ ៖«យើងមានតែការសម្ដែង តែការប្រយុទ្ធ(គុនល្បុក្កតោ) យើងអត់មានទេ។ ដូច្នេះខ្ញុំសូមសំណូមពរឱ្យរៀបចំការប្រកួតឱ្យបានច្រើន ហើយខ្ញុំគិតថា វាល្អសម្រាប់កីឡាករគុនល្បុក្កតោយើង ប្រសិនជាមានការរៀបចំញឹកញាប់»។
ប្រសិនជាមានការប្រកួត ពីរដងក្នុងខែ ពិតជារឿងល្អប្រសើរបំផុត សម្រាប់កីឡាករគុនល្បុក្កតោ។ នេះជាការបន្ថែមរបស់យុវជន ទី ប្រាក់ពន្លឹង ដែលជាប្អូនប្រុសរបស់ ទី ប្រាក់ចាន់ណា ។ ពន្លឹង ដែលបានចូលរួមប្រកួតក្នុងកម្មវិធី«ជំនួបល្បងគុនល្បុក្កតោ»ដែរនេះ បានយកឈ្នះកីឡាករ ផល ករុណា មកពីសាលាគុនស្រីជ័យដំរីសាមពាន់ ដោយពិន្ទុ ក្នុងប្រភេទទម្ងន់៥៥គីឡូក្រាម។
កីឡាករមកពីសាលាគុនល្បុក្កតោតារាជ រាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា៖«កីឡាករគុនល្បុក្កតោ មិនសូវបានចេញប្រកួតទេ បានចេញតែសម្ដែង។ ដូច្នេះប្រសិនជាមានការឧបត្ថម្ភឱ្យរៀបចំការប្រកួត ពួកខ្ញុំបានចេញទៅប្រកួតមួយកន្លែង ឬពីរកន្លែងដែរ»។


ការសម្ដែងក្បាច់គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
ជារៀមច្បងក្នុងវិស័យក្បាច់គុនល្បុក្កតោមួយរូប កញ្ញា សំ ថារ័ត្ន ដែលជាពិធីការិនីក្នុងព្រឹត្តិការណ៍ជំនួបល្បងគុនល្បុក្កតោនេះ យល់ថា ការប្រកួតតាមសហគមន៍ មិនត្រឹមតែជួយផ្សព្វផ្សាយពីក្បាច់គុនទេ ប៉ុន្ដែក៏ផ្ដល់ឱកាសឱ្យកីឡាករ-កីឡាការិនី បានបញ្ចេញសមត្ថភាពច្រើនទៀតផង។ ពិធីការិនីរូបនេះ ក៏បន្ថែមទៀតថា ការបង្កើតឱ្យមានសកម្មភាពផ្សព្វផ្សាយពីក្បាច់គុនតាមសហគមន៍ គឺជាការថែរក្សាបេតិកភណ្ឌអរូបិយ៍ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
កីឡាការិនីរូបនេះ ជឿថានៅពេលមានការផ្សព្វផ្សាយច្រើនពីក្បាច់គុនល្បុក្កតោ នៅតាមសហគមន៍ ក្មេងៗជំនាន់ក្រោយអាចហ្វឹកហាត់មូលដ្ឋានគ្រឹះ តាំងពីតូចបាន។ «នៅពេលគាត់ហ្វឹកហាត់តាំងពីតូចទៅ ចំណេះនេះ នឹងបញ្ជ្រាបទៅខ្លួនគាត់ ហើយយើងបណ្ដុះគំនិតពួកគាត់ឱ្យស្រឡាញ់ជាតិ វប្បធម៌ខ្លួនឯងឱ្យកាន់តែច្រើន និងឲ្យគាត់យល់ដឹងពីក្បាច់គុនបុរាណ ដែលបុព្វបុរសយើង បានទុកឱ្យ។ ការផ្ដួចផ្ដើមឱ្យមានការប្រកួតតាំងពីតូច នៅតាមសហគមន៍ គឺជារឿងសំខាន់ និងជារឿងល្អមែនទែនសម្រាប់វប្បធម៌ និងរឿងជាតិរបស់យើង។»។ កញ្ញា សំ ថារ័ត្ន បាននិយាយដូច្នេះ។

កីឡាការិនីល្បុក្កតោ សំ ថារ័ត្ន ធ្វើជាពិធីការិនីក្នុងព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
សហព័ន្ធគុនល្បុក្កតោ តែងតែគាំទ្រដល់បណ្ដាម្ចាស់ក្លិប និងសាលាគុនល្បុក្កតោ ជាពិសេសអ្នកស្នេហាក្បាច់គុនបុរាណនេះ ក្នុងការៀបចំការប្រកួតនានា។ លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធគុនល្បុក្កតោ បានយល់ឃើញថា ការរៀបចំប្រកួតគុនល្បុក្កតោថ្នាក់តំបន់នេះ ស្របតាមទស្សនវិស័យរបស់សហព័ន្ធ ដែលតែងតែជំរុញសកម្មភាពផ្សព្វផ្សាយនានា ពីក្បាច់ដ៏ចំណាស់មួយនេះ។ លោក អ៊ួ តារា ក៏ចង់ឃើញវត្តមានប្រកួតថ្នាក់តំបន់នេះ រីកសាយភាយកាន់តែច្រើនទៀតផង។
«យើងគាំទ្រទៅសាលាគុនដែលមានឆន្ទៈនៅក្នុងការកៀរគររៀបចំកិច្ចការងារប្រកួត។ ជាពិសេសរៀបចំនៅលើទឹកដីសៀមរាបនេះ វាក៏ជួយឱ្យសកម្មភាពក្បាច់គុនល្បុក្កតោនេះ កាន់តែផុសផុលថែមទៀត ក៏ដូចជាការទាក់ទាញដល់កីឡាករ កីឡាការិនីហ្វឹកហាត់ ទាំងវិស័យក្នុងតំបន់នោះផងដែរ»។ នេះបើតាមលោក អ៊ួ តារា ដែលបានបន្ថែមថា សហព័ន្ធគុនល្បុក្កតោ ក៏បានជួយគាំទ្រផ្ដល់មន្ត្រីជំនាញ និងបច្ចេកទេស ក្នុងការរៀបចំការប្រកួតផងដែរ៕

លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធល្បុក្កតោ ថ្លែងក្នុងព្រឹត្តិការណ៍ល្បងគុនល្បុក្កតោ នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៣០ វិច្ឆិកា ២០២៤។
អ្នកសរសេរអត្ថបទ
រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញសរសេរព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយកការណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: