លោកស្រី ឆាយ ស៊ីវលីន នឹងដាក់បញ្ចូលល្បុក្កតោ ក្នុងកញ្ចប់ទេសចរណ៍
  • ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ៦:២៩ នាទី ល្ងាច
លោកស្រី ឆាយ ស៊ីវលីន នឹងដាក់បញ្ចូលល្បុក្កតោ ក្នុងកញ្ចប់ទេសចរណ៍

សៀមរាប៖ កីឡាករ កីឡាការិនីល្បុក្កតោ ១២ បានបញ្ចេញសមត្ថភាព និងបញ្ចេញបច្ចេកទេសប្រកួត តាមជំនាញរៀងៗខ្លួន នៅក្នុងជំនួបល្បងគុនល្បុក្កតោ ក្រោមប្រធានបទ«ក្បាច់គុនដូនតាខ្មែរ ថែព្រលឹងវប្បធម៌ជាតិ» កាលពីថ្ងៃទី៣០ វិច្ឆិកា នាតារាងបាល់ទាត់ SOKSAN SPORT នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងសៀមរាប។
TTN-Free-Banner-In-Article-PC
 
ក្រោយទស្សនាការប្រកួតគុនល្បុក្កតោហើយ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏បានលេចចេញគំនិតមួយ ក្នុងផ្សារភ្ជាប់ក្បាច់គុនល្បុក្កតោ ទៅនឹងវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ បើតាមគម្រោងលោកស្រី ស៊ីវលីន នឹងដាក់បញ្ចូលការសម្ដែងក្បាច់គុនល្បុក្កតោនេះ ទៅក្នុងកញ្ចប់ទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន បានសង្កត់ធ្ងន់ថា បើសិនជារៀបចំការប្រកួត និងសម្ដែងគុនល្បុក្កតោជាកាលវិភាគប្រចាំតែម្ដងនោះ វានឹងផ្ដល់ភាពងាយស្រួលមួយកម្រិតដល់ទីភ្នាក់ងារទេសចរណ៍ ក្នុងការរចនាខ្សែបន្ទាត់ផ្សព្វផ្សាយ និងលក់កញ្ចប់ទេសចរណ៍ ទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ 
 
ជាគម្រោងបឋមនោះ សមាគមទេសចរណ៍កម្ពុជា គ្រោងរៀបចំឱ្យមានការសម្ដែងគុនល្បុក្កតោ នៅតាមទីតាំងទេសចរណ៍ ជាពិសេសនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងកន្លែងទទួលទានអាហារសំខាន់ៗផ្សេងទៀត។ មិនតែប៉ុណ្ណោះ ក៏គ្រោងរៀបចំកញ្ចប់ទេសចរណ៍ នាំភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនារូបចម្លាក់ក្បាច់គុនលើជញ្ជាំងប្រាសាទ ដើម្បីពន្យល់ឱ្យពួកគេបានដឹង និងបានស្គាល់។ ក្រោយពេលពួកគេ បានទស្សនារូបចម្លាក់លើប្រាសាទហើយ ភ្ញៀវទេសចរ នឹងអាចទស្សនាការសម្ដែងដោយផ្ទាល់ភ្នែកតែម្ដង នៅតាមទីតាំងផ្សេងៗ ក្នុងកញ្ចប់ទេសចរណ៍។ នេះបើតាមប្រធានសមាគមទេសចរណ៍កម្ពុជា។
 

អ្នកសរសេរអត្ថបទ

រំដួល ចិត្រា  (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។  ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

រំដួល ចិត្រា