ថ្ងៃរះ និងលិចនៅតំបន់អង្គរមានលក្ខណៈពិសេសខុសពីតំបន់ដទៃ
  • ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ថ្ងៃរះ និងលិចនៅតំបន់អង្គរមានលក្ខណៈពិសេសខុសពីតំបន់ដទៃ
វប្បធម៌

សៀមរាប៖ ក្រៅពីមកទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ ថ្ងៃរះ និងលិច ក៏ជាផលិតផលទេសចរណ៍ទាក់ទាញចំណីអារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិ​ច្រើនរយពាន់នាក់ក្នុងមួយថ្ងៃៗ។ តើអ្វីទៅជាលក្ខណៈពិសេសនៃថ្ងៃរះ និងលិច​នៅសៀមរាប-អង្គរ?
TTN-Free-Banner-In-Article-PC
 
ថ្ងៃរះនៅទិសខាងកើត ហើយលិចទៅវិញនៅទិសខាងលិច។ បាតុភូត​ធម្មជាតិនេះកើតឡើងជារៀងរាល់ថ្ងៃ និង​នៅគ្រប់ទីកន្លែងនៅលើ​ពិភព​លោក។ នៅក្បែរគេហដ្ឋានរបស់លោកអ្នក នៅក្នុង​តំបន់របស់លោកអ្នក នៅក្នុ​ងប្រទេស​របស់លោកអ្នក សុទ្ធតែមានដំណើរធម្មជាតិថ្ងៃរះ និងថ្ងៃលិចជាដរាប​។ ចុះហេតុ​អ្វីបាន​ជាចាំបាច់ត្រូវចំណាយពេលវេលា និងថវិកាធ្វើដំណើរមកទស្សនាថ្ងៃរះ និង​លិច​នៅតំបន់​អង្គរ​? 
 
នេះ គឺជាសំណួរដែលមនុស្សមួយចំនួនតែងតែ​លើកឡើង។ តាមពិត បាតុភូតថ្ងៃរះ និងថ្ងៃលិចនៅតំបន់រមណីយដ្ឋានអង្គរពិតជាមានលក្ខណៈពិសេសរបស់វាមែន ហើយប្រសិនបើគេនិយាយពីថ្ងៃរះពីរដង​ក្នុងមួយឆ្នាំ​នៅចំពីលើកំពូលប្រាសាទអង្គរ​វត្តទៀតនោះ វារឹតតែមានលក្ខណៈពិសេស​របស់វាថែមទៀត។ 
 
ជាទូទៅ ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត ឬ Equinox ​តែងតែ​កើតឡើង​ពីរ​ដង ជា​រៀងរាល់ឆ្នាំ ហើយ​លើកទីមួយ ព្រឹត្តិការណ៍នេះ​​កើត​នៅ​អំឡុង​ខែមីនា និង​លើក​ទី​ពីរ វាកើត​នៅ​អំឡុង​ខែកញ្ញា​។ 
 


​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​ ព្រឹត្តិការណ៍​នេះ មិនមែនជា​បាតុភូត​កើតឡើង​ដោយ​ចៃដន្យ​នោះទេ​។ រឿងរ៉ាវនេះ ពិតជា​​ត្រូវបាន​បុព្វបុរស​ខ្មែរ​ដែល​សាងសង់​អង្គរវត្ត បាន​គុណគូរ​យ៉ាងច្បាស់លាស់ និងសាង​សង់​តម្រូវឱ្យ​កើត​ព្រឹត្តិការណ៍​នេះ​តែម្តង ពោល​គឺធ្វើឡើងដោយ​មាន​​ការស្វែងយល់ច្បាស់លាស់​
​ពី​ទំនាក់​ទំនង​រវាង​សំណង់ ស្ថាបត្យកម្ម និង​វិស័យ​តារាសាស្ត្រ​។ 
 
ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត គឺជាពេលវេលាដ៏អស្ចារ្យបំផុត​ តែវាកើតឡើងតែពីរដង​ក្នុង​មួយឆ្នាំ។ ចុះនៅថ្ងៃធម្មតាវិញ តើថ្ងៃរះនៅអង្គរវត្តមានលក្ខណៈពិសេសដែរឬទេ? នៅថ្ងៃធម្មតា ថ្ងៃរះនៅប្រាសាទ​អង្គរវត្តក៏មានលក្ខណៈពិសេសខុសពីតំបន់ ឬប្រទេ​សផ្សេង​ទៀតដែរ។ ទេសចរដែល​​ធ្វើដំណើរទៅទស្សនាថ្ងៃរះនៅអង្គរវត្ត ពិតជាទទួល​បាន​អារម្មណ៍ខុសពីតំបន់ដទៃទៀត ពីព្រោះ ជើង​របស់ពួកគេកំពុងឈរ​នៅក្នុងតំបន់​បុរាណ​ស្ថានដែលមានអាយុកាលជាង​១​ពាន់ឆ្នាំ​ ហើយភ្នែកទាំងគូរបស់ពួកគេ​កំពុង​សម្លឹង​មើលព្រះអាទិត្យដែល​កំពុង​រះឡើងពីទិសខាងកើត និងបញ្ចេញកាំ​រស្មីចែងចាំង​បន្តិចម្ត​ងៗ​​មក​លើកំពូល​ទាំង​ប្រាំនៃ​ប្រាសាទអង្គរវត្ត​​។ ទេសភាពវប្បធម៌ បុរាណស្ថាន បូកផ្សំនឹង​ធាតុអាកាសត្រជាក់ល្មមនាព្រឹកព្រលឹម សំឡេងសត្វ និង​ព្រៃព្រឹក្សាផងនោះ ទេសចរពិតជាទទួលបានអារម្មណ៍ប្លែក និងមិន​ធ្លាប់​មាននៅកន្លែងដទៃទៀតសម្រាប់​ការទស្សនាថ្ងៃរះនៅមហាប្រាសាទ​អង្គរវត្ត​។ 
 
ចំណែក​ឯថ្ងៃលិចនៅអង្គរវត្ត ក៏ជារឿងអស្ចារ្យផងដែរ។ នៅទីនេះ ទេសចរមិនមែន​ទស្សនាថ្ងៃលិចនៅឯជើងមេឃទេ តែទេសចរ​​​ទស្សនា​សម្រស់ប្រាសាទ​​អង្គរវត្ត​តាមរយៈ​​ចំណាំងផ្លាត​នៃ​​កាំរស្មីព្រះអាទិត្យ​ជះមកលើប្រាង្គប្រាសាទ​អង្គរវត្ត។ ដើម្បីទទួលបានបទពិសោធថ្ងៃលិចឲ្យកាន់តែពិសេសទៀតនោះ ទេសចរ​គួរ​​ស្ថិតនៅ​​ទីតាំងក្បែរ​មាត់ស្រះទឹកក្នុងបរិវេណអង្គរវត្ត ឬស្ថិតនៅ​កសិណខាងលិច​ជ្រុងខាងជើង​នៃស្ពាន​ហាល។ 
 


នៅឯលើភ្នំបាក់ខែងឯណោះវិញ ទេសចរក៏​អាច​ទស្សនាថ្ងៃរៀបលិច ឬថ្ងៃកំពុងលិច​នៅឯ​ជើងមេឃ​​ពីលើភ្នំបាក់ខែងបានផងដែរ​។ ទីបុរាណស្ថានមួយ​នេះ ត្រូវបាន​គេហៅថា ប្រាសាទភ្នំធម្មជាតិ​។ ពីលើ​ប្រាសាទ​ភ្នំធម្មជាតិនេះ​ ទេសចរទាំងឡាយពិត​ជាអាចគយ​គន់​ព្រះអាទិត្យ​កំពុង​រៀបលិច ហើយ​​ជះកាំរស្មី​មក​លើកំពូល​ប្រាសាទអង្គរ​វត្តដោយ​ប្រែក្លាយ​កំពូល​ប្រាសាទ​ទៅជា​ពណ៌មាស​។ ទេសភាព​នេះ គឺពិតជាកម្រ និងអស្ចារ្យស្ថិតនៅលើ​ទីបុរាណស្ថាន​ដែលមាន​អាយុកាលរាប់ពាន់ឆ្នាំមកហើយ។ 
 
ផ្នែកម្ខាងទៀតនៃភ្នំបាក់ខែងដដែល កាំរស្មីនៃព្រះអាទិត្យ​ដែលកំពុងរៀបលិច​ បានជះមក​លើវាលស្រែពណ៌បៃតង ឬពណ៌មាសតាមរដូវកាលដោយ​​​លាតសន្ធឹង​ធំល្វឹងល្វើយ​មើល​ទៅ​ស្ទើរដាច់​កន្ទុយភ្នែក។ មិនត្រឹមតែប៉ុណ្ណោះ ទេសចរក៏អាច​ទស្សនា​តំបន់​ជុំវិញភ្នំបាក់ខែង​ដែលធ្លាប់ជា​អតីតរាជធានីសម័យអង្គរ និង​អាច​គយគន់ទេសភាព​ដ៏ស្រស់ត្រកាល​នៃបារាយ​ណ៍​ខាងលិច​​ដែលអាចផ្ទុកទឹកបាន​រាប់លានម៉ែត្រគូប​សម្រាប់បម្រើសេចក្តី​ត្រូវការរបស់​អ្នកស្រុកអង្គរ​។ 
 
ងាកមកមើលព្រះអាទិត្យ​លិចនៅប្រសាទប្រែរូបឯណេះវិញ។ នៅទីនេះ អ្នកជំនាញ​ទេសចរណ៍ផ្តល់យោបល់ឲ្យទេសចរ​ទស្សនាថ្ងៃលិចផងដែរ ពីព្រោះ កាំរស្មីព្រះ​អាទិត្យជិតអស្តង្គតជះមកលើកំពូលប្រាសាទបង្កើតបានជា​ផ្ទាំងទស្សនីយភាព​ពណ៌មាសដ៏គួរឲ្យគយគន់។ នៅទីនេះ ភាពស្ងាត់ជ្រងំ ទេសភាពព្រៃព្រឹក្សា សំឡេង​សត្វ បានរួមចំណែករំសាយទុក្ខកង្វល់របស់ទេសចរបានមួយកម្រិតផងដែរ​។ 
 


ថ្ងៃលិចនៅស្រះស្រង់ក្បែរប្រាសាទបន្ទាយក្តី ក៏ជាចំណីអារម្មណ៍មួយប្លែកម្យ៉ាងដែរ។ នៅទីនេះ ទេសចរជាលក្ខណៈគ្រួសារ ឬគូស្នេហ៍​ អាចស្ថិតផ្នែកខាងកើត ឬ គួរស្ថិត​នៅផ្នែកខាងលិច ផ្នែកខាងកំពង់ទឹកនៃស្រះ រង់ចាំទស្សនាកាំ​រស្មីព្រះអាទិត្យ​ដែលចែងចាំង​​មកលើផ្ទៃទឹកបង្កើត​បានជា​ពន្លឺផ្លេកៗស្រស់បំព្រង​នៅលើផ្ទៃទឹក។ ទស្សនាថ្ងៃលិចផង ស្រស់ស្រូប​អាហាររួមគ្នាផង​បង្កើតបានជាអនុស្សាវ​រីយ៍ដែល​មិនអាច​បំភ្លេចបានក្នុងជីវិត។ 
 
ថ្ងៃលិច​នៅឯភ្នំក្រោម ​ជាប់នឹង​បឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេ​នៅអាស៊ី​អាគ្នេយ៍​ ក៏បង្កើតបាន​ទេសភាពវប្បធម៌ដ៏ស្រស់ត្រកាលផងដែរ។ ពីលើភ្នំ​ក្រោម​ដែលមានវត្តមានប្រាសាទនៅពីលើផងដែរនោះ  ទេសចរអាចគយគន់ទេស​ភាព​​ទីក្រុង​សៀមរាប វាលស្រែ ជីវិតប្រជានេសាទ លំហផ្ទៃ​បឹងទន្លេសាប និងទស្សនា​ថ្ងៃ​លិចនៅឯជើងមេឃ។ ទេសភាពនៅទីនេះ ពិតជាធ្វើឲ្យទេសចរ​ក្មេងចាស់ គូស្នេហ៍ ឬជាលក្ខណៈគ្រួសារមួយចំនួន​នឹកឃើញ​អតីតកាលដែល​ធ្លាប់រស់នៅតាមទីជនបទ។ 
 
សរុបសេចក្តីមក ទស្សនា​ថ្ងៃរះ និងលិច នៅរមណីយដ្ឋានអង្គរដែលជា​បេតិកភណ្ឌ​ពិភព​លោកនៃអង្គរការយូណេស្កូ​ ពិតជាមានលក្ខណៈ​ពិសេស​ដាច់​ដោយឡែកពី​តំបន់ផ្សេងៗ ពីព្រោះ ទឹកដីអង្គរ​ គឺជាទី​សក្ការៈ​ដែលនាំអារម្មណ៍​ទេសចរ​ឲ្យវិល​ត្រឡប់​ទៅដឹងរឿងរ៉ាវ​ពី​អតីតកាល​ពាន់ឆ្នាំមុន​ និងបច្ចុប្បន្ន​កាលរុងរឿង និងទំនើប​នៃទឹកដីខេត្តសៀមរាប៕ 

អ្នកសរសេរអត្ថបទ

Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce. ...

© រក្សាសិទ្ធិដោយ thmeythmey.com

គី សុខ​លីម (Ky Soklim)