ក្រសួងវប្បធម៌ រៀបចំ«ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា» ពី​ថ្ងៃទី​២០-២២ ខែធ្នូ ​នៅសារមន្ទីរ​ខ្លែង​​ខ្មែរ
  • ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
ក្រសួងវប្បធម៌ រៀបចំ«ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា» ពី​ថ្ងៃទី​២០-២២ ខែធ្នូ ​នៅសារមន្ទីរ​ខ្លែង​​ខ្មែរ

ភ្នំពេញ៖ សារមន្ទីរខ្លែង​ខ្មែរ នឹងបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនា «ពិ​ព័រណ៍​ស្នាដៃ​សិប្បកម្មដូនតា» ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ​៨:៣០នាទីយប់ រយៈពេល​៣ថ្ងៃ គឺពី​ថ្ងៃទី​២០-២២ ខែធ្នូ។
TTN-Free-Banner-In-Article-PC

«ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា»នេះ ផ្តួចផ្តើមរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ ក្នុងគោល​បំណង​ផ្តល់ឱកាសឱ្យសាធារណជន​ ​បាន​ស្វែង​យល់ ​អំពី​សិប្បកម្មប្រពៃណីតាម​​សហគមន៍នានា ​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍នេះ ក៏មាន​បំណងរៀបចំ​បង្ហាញ​ជូន​សាធារណជន បាន​ស្វែងយល់​ពី​ស្នាដៃ​​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា និង អបអរសាទរ «ក្រមា» ត្រូវបានអង្គការយូណេស្កូ កាល ចុះក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤ ផងដែរ។

បើតាមទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ ពិព័រណ៍នេះ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញ​ជំ​នាញរបស់សិប្បករ, កម្មវិធី​ស្វែងយល់​ពី​សិប្បកម្មប្រពៃណី ,បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតក​ខ្លែង​ខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេព​កោសល្យ​​​សិល្បៈ​កុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញប​ច្ចេក​ទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, កា​រ​បង្ហាញម៉ូតសម្លៀក​បំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការ​សម្តែងឧបករណ៍តន្រ្តីទោល និងការប្រគុំតន្ត្រី ចម្រៀង រាំកម្សាន្ត។

សារមន្ទីរខ្លែង​ខ្មែរ មានទីតាំងនៅវិថីរដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ