អាម៉េរិក ទម្លាក់ចោលការផ្ដល់រង្វាន់សម្រាប់មេដឹកនាំស៊ីរីថ្មី
- ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១២:០៩ នាទី រសៀល

ទីក្រុងវ៉ាស៊ីនតោន សម្រេចចិត្តដកចេញការផ្ដល់រង្វាន់សម្រាប់ការចាប់ខ្លួនមេដឹកនាំថ្មីរបស់ស៊ីរី បន្ទាប់ពីទទួលបានសារវិជ្ជមានពីជំនួបលើកដំបូងនៅរដ្ឋធានីដាម៉ាសដែលរួមបញ្ចូលការសន្យាប្រយុទ្ធអំពើភេរវកម្ម។ នេះបើតាមការបញ្ជាក់របស់មន្រ្តីការទូតអាម៉េរិក។

លោកស្រី Barbara Leaf អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនទទួលបន្ទុកមជ្ឈិមបូព៌ា បានជួបជាមួយលោក Ahmed al-Sharaa ដែលជាមេឧទ្ទាមផ្ដួលរំលំរបបដឹកនាំប្រធានាធិបតី បាសា អាល់-អាសាដ។ នេះជាបេសកកម្មផ្លូវការលើកដំបូងនៅស៊ីរី ពីសំណាក់អ្នកការទូតសហរដ្ឋអាមេរិកចាប់តាំងពីដើមដំបូងនៃសង្រ្គាមស៊ីវិលស៊ីរីមក។
ប្រតិបត្តិការផ្លេកបន្ទោរដែលបានផ្តួលរំលំលោក អាសាដ ត្រូវបានដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) ដែលមានឫសគល់ជាមួយក្រុមអាល់កៃដា ប៉ុន្តែបានផ្ដាច់ខ្លួនវិញ។ អាម៉េរិក បញ្ចូលឈ្មោះក្រុម HTS នេះក្នុងបញ្ជីក្រុមភេរវករ៦ឆ្នាំមកហើយ។
«ដោយផ្អែកលើការពិភាក្សារបស់យើង ខ្ញុំបានប្រាប់គាត់ថា យើងនឹងមិនបន្តការផ្តល់ជូនរង្វាន់សម្រាប់យុត្តិធម៌ទេ។» លោកស្រី Leaf បញ្ជាក់បែបនេះដោយសំដៅដល់ការផ្ដល់រង្វាន់ដែលឈានដល់ការចាប់ខ្លួនលោក al-Sharaa មុនបន្តថា អាម៉េរិករង់ចាំមើលសកម្មភាពរបស់ក្រុម HTS តាមអ្វីដែលបានសន្យា។
ក្នុងសេចក្តីថ្លែងការណ៍មួយដោយឡែក មេដឹកនាំថ្មីស៊ីរីបាននិយាយថា ពួកគេចង់រួមចំណែកដល់សន្តិភាពក្នុងតំបន់ ហើយប្រជាជនស៊ីរីឈរស្មើមុខមាត់គ្នាជាមួយគ្រប់ប្រទេស និងភាគីក្នុងតំបន់។
លោកស្រី Leaf បាននិយាយដែរ លោកស្រីបានប្រាប់លោក Sharaa អំពីភាពចាំបាច់ដើម្បីធានាថា ក្រុមភេរវករមិនអាចបង្កការកំហែងក្នុងស៊ីរី ឬខាងក្រៅ រួមទាំងអាម៉េរិក និងដៃគូនៅក្នុងតំបន់។ បើតាមអ្នកការទូតអាម៉េរិក មេដឹកនាំស៊ីរីប្ដេជ្ញាចិត្តចំពោះរឿងនេះ។
ក្រោយការដួលរលំរបបលោក អាសាដ បណ្ដាប្រទេសលោកខាងលិចបានបញ្ជូនប្រតិភូទៅជួបមេដឹកនាំថ្មីស៊ីរីជាបន្តបន្ទាប់ ដើម្បីជជែកពីវិធានការនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com