ក្រុមឧទ្ទាម អះអាងកាន់កាប់ទីបញ្ជាការយោធាភាគខាងលិចពីយោធាមីយ៉ាន់ម៉ា
- ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៥:១៩ នាទី ល្ងាច

កងទ័ពរបស់ជនជាតិភាគតិចនៅរដ្ឋ Rakhine បានអះអាងថា ខ្លួនបានដណ្តើមយកទីបញ្ជាកយោធាដ៏សំខាន់មួយនៅភាគខាងលិចមីយ៉ាន់ម៉ាពីកណ្ដាប់យោធា។ នេះជាការបាត់បង់ទីបញ្ជាការយោធាភូមិភាគទី២ហើយ ដែលបង្ហាញពីការថមថយកម្លាំងយោធារដ្ឋាភិបាលក្រុងណៃពិដោ។

កងទ័ពអារ៉ាខាន់ ដែលធ្វើសកម្មភាពនៅរដ្ឋ Rakhine បាននិយាយថា ទីបញ្ជាការយោធាភាគខាងលិចក្នុងរដ្ឋដែលមានព្រំប្រទល់ជាប់បង់ក្លាដែស ត្រូវបានដណ្ដើមបាននៅថ្ងៃទី២០ ខែធ្នូ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលពីរសប្តាហ៍។
ទីបញ្ជាការក្នុងតំបន់ Ann នឹងក្លាយជាទីបញ្ជាការយោធាក្នុងតំបន់ទីពីរដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់ទ័ពក្រុមជនជាតិភាគតិចក្នុងរយៈពេល៥ខែប៉ុណ្ណោះ។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់និយាយអ្វីលើការអះអាងរបស់ក្រុមប្រដាប់អាវុធឡើយ។
យោធាមីយ៉ាន់ម៉ាមានទីបញ្ជាការក្នុងតំបន់ចំនួន១៤នៅទូទាំងប្រទេស។ យោធាភាគច្រើន កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ឬសមាជិកកងកម្លាំងការពារប្រជាជនដែលបង្កើតឡើងក្រោមរដ្ឋប្រហារឆ្នាំ២០២១។
នៅរដ្ឋ Rakhine ក្រុមប្រដាប់អាវុធអារ៉ាខាន់ បានវាយប្រហារទីតាំងយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំងចាប់ពីខែវិច្ឆិកាមក ហើយបានគ្រប់គ្រងទឹកដីយ៉ាងច្រើនផងដែរ លើកលែងតែទីក្រុងធំជាងគេរបស់រដ្ឋឈ្មោះ Sittwe ប៉ុណ្ណោះ។
ក្រុមប្រដាប់ជនជាតិភាគតិចនេះ គឺជាផ្នែកមួយនៃសម្ព័ន្ធភាពក្រុមជនជាតិភាគតិច៣ ដែលងើបតស៊ូប្រឆាំងរបបយោធា ជាមួយប្រតិបត្តិការរួមគ្នាដែលចាប់ផ្ដើមក្នុងខែតុលា ឆ្នាំ២០២៣។ សម្ព័ន្ធភាពនេះ គ្រប់គ្រងទីតាំងជាច្រើននៅតាមព្រំដែនមីយ៉ាន់ម៉ាជាមួយចិន។ កាលពីខែសីហា សម្ព័ន្ធភាពនេះបានដណ្ដើមកាន់កាប់ទីក្រុង Lashio ភាគឦសាន និងរឹបអូសទីបញ្ជាការយោធាក្នុងតំបន់លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា។
ព្រំប្រទល់មីយ៉ាន់ម៉ាជាមួយប្រទេសជិតខាង ជាជម្រករបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន ដែលបានប្រយុទ្ធជាមួយយោធាតាំងពីឯករាជ្យ ដើម្បីស្វ័យភាព និងការគ្រប់គ្រងធនធានដ៏សម្បូរបែប៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: