ហេតុអ្វីយើងត្រូវ«សាទរកម្ពុជា»? លោក ហ៊ុន ម៉ានី នឹងបកស្រាយចម្ងល់
- ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១:៥៩ នាទី រសៀល

«សាទរកម្ពុជា» ឬ «Celebrating Cambodia» គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ដែលត្រូវបានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់យប់ថ្ងៃទី៣១ ធ្នូ ដែលត្រូវជាថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសាកល។ តើនឹងមានអ្វីប្លែក នៅក្នុងព្រឹត្តិការណ៍ថ្មីមួយនេះ?

លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា នឹងបកស្រាយចម្ងល់នេះ នៅក្នុងកិច្ចសម្ភាសជាមួយលោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗ៖
លោក លាង ដឺលុច៖ ខ្ញុំបានទស្សនាទូរទស្សន៍បាយ័ន កាលពីពេលថ្មីៗនេះ គឺបានឮឯកឧត្តម បានបង្ហើបពីដំណឹងមួយទាក់ទឹងនឹងការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយរបស់ ស.ស.យ.ក ដែលឯកឧត្តមឱ្យឈ្មោះថា «សាទរកម្ពុជា»។ ខ្ញុំជឿថា នៅពេលនេះ ក្រុមការងារឯកឧត្តម កំពុងតែដំណើការរៀបចំព្រឹត្តិការណ៍ទាំងអស់នោះហើយ ប៉ុន្តែអ្វីដែលខ្ញុំចង់ដឹងថា តើនៅពេលនេះ ដំណើការរៀបចំដល់ណាហើយ?
លោក ហ៊ុន ម៉ានី៖ សូមបញ្ជាក់ផងដែរថា ឆ្នាំនេះ គឺជាលើកទីមួយ ដែលជាការរៀបចំព្រឹត្តិការណ៍នេះ ក៏ប៉ុន្តែការគិតគូរ គឺចាប់តាំងពីឆ្នាំ២០១៧មក ហើយក្នុងនោះផងដែរ ការគិតគូរ និងភាពមមាញឹករបស់ក្រុមការងារមកដល់ពេលនេះ គឺមិនធម្មតាពេកទេ។ អាចនិយាយបានថា ការសម្រេចចិត្តក្នុងការរៀបចំ[ព្រឹត្តិការណ៍សាទរកម្ពុជា]នេះ មិនដល់៩ខែផង ហើយនៅក្នុងដំណាក់កាល៩ខែនេះ យើងមានកម្មវិធីជាច្រើន គួបផ្សំនឹងកម្មវិធីបុណ្យភ្ជុំបិណ្ឌ វេចអន្សមជុំញាតិ។ ក្រៅពីនេះ មានកម្មវិធី ទីជល់គុណ នៅឯវត្តបទុម ក្នុងឱកាសបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។
ហើយមកដល់ពេលនេះ គឺយើងមានពេលវេលាខើចមែនទែន ឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជានេះ ក៏ប៉ុន្តែដោយសារបទពិសោធន៍ ដោយសារភាពទទួលខុសត្រូវ ដោយសារឆន្ទៈ ហើយជាពិសេសក្រុមការងារមានភាពជឿជាក់ទៅលើគោលបំណងនៃការរៀបចំសាទរកម្ពុជានេះ នឹងនាំមកនូវការជួបជុំគ្នា ការបំផុសស្មារតី ហើយនឹងការឈានទៅអបអរសាទរនូវអ្វីដែលកម្ពុជាយើងមាន ក្នុងពេលបច្ចុប្បន្ននេះ។ ទោះបីជាហត់បន្តិច ក៏ប៉ុន្តែពួកគាត់មានការខំប្រឹងប្រែងខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍មួយថ្មីនេះ របស់ស.ស.យ.ក ។ តែសាជាថ្មីម្ដងទៀត សូមឆ្លៀតឱកាសនេះ ទូលព្រះបង្គំសូមរាជានុញ្ញាត ថ្វាយបង្គំថ្លែងអំណរគុណដល់ព្រះករុណា ជាអង្គម្ចាស់ ជីវិតតម្កល់លើត្បូង ដែលបានសព្វព្រះរាជហឫទ័យ ក្នុងការរាជានុញ្ញាតឱ្យយើងខ្ញុំរៀបចំព្រឹត្តិការណ៍សាទរកម្ពុជានេះ នៅមុខព្រះបរមរាជវាំង។

លោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗ សម្ភាសលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី៥ ធ្នូ ២០២៤។
លោក លាង ដឺលុច៖ ឯកឧត្តម បានបង្ហើបពីគោលបំណងនៃការរៀបចំកម្មវិធីនេះហើយ ប៉ុន្តែខ្ញុំសុំមិនទាន់ចង់សួរទៅចូលគោលបំណងនេះនៅឡើយទេ ដោយសារខ្ញុំចាប់អារម្មណ៍ថា ព្រឹត្តិការណ៍សាទរកម្ពុជានេះ ធ្វើឡើងចំថ្ងៃឆ្លងឆ្នាំតែម្ដង។ តើមានមូលហេតុអ្វីដែរ ឯកឧត្តម?
លោក ហ៊ុន ម៉ានី៖ នៅក្នុងនោះ គឺយើងបានគិតគូរពីពេលវេលាណាមួយ (Time Frame) ដែលសមស្រប នៅក្នុងរយៈពេល១២ខែនេះ នៅក្នុងការរៀបចំកម្មវិធី។ តាមពិតទៅយើងមានជម្រើសផ្សេងៗច្រើន,ប្រាកដណាស់នៅក្នុងខែមេសា ជាឱកាសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង គឺយើងមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមរាជធានីខេត្តទៅហើយ ។ យើងក៏មើលទៅរដូវកាលផ្សេងៗទៀត វាពាក់ព័ន្ធនឹងរដូវវស្សា រដូវភ្លៀង ឬកត្តាផ្សេងៗ ដែលគិតគូរទៅដល់ទីតាំងរៀបចំកម្មវិធីផង ប៉ុន្តែដោយសារអត្ថន័យនៃការសាទរកម្ពុជា គឺវាមានភាពទូលំទូលាយស៊ីជម្រៅរបស់វា ដោយក្នុងនោះ មានការកំណត់ទីតាំងឱ្យចំ ដោយចូលទៅស្មារតីរបស់យើង ឱ្យមានភាពផ្សារភ្ជាប់គ្នា គឺនៅមុខព្រះបរមរាជវាំងតែម្ដង គឺវាទាមទារឱ្យយើងគិតគូរដល់ពេលវេលាណាមួយសមស្របបន្ថែមទៀត។ ហើយក្នុងនោះផងដែរ គឺយើងគិតថា ចុងឆ្នាំ ដែលជាឆ្នាំចាស់ឈានចូលឆ្នាំថ្មី គឺជាឆ្នាំសកល ដែលជាពេលវេលាមួយ យើងសម្រាកពីការមមាញឹក និងកិច្ចការងារផ្សេងៗរបស់យើង ហើយយើងអាចមកជួបជុំគ្នាក្នុងការសាទរ។ ដូច្នេះហើយបានក្រុមការងារយើង បានពិនិត្យ និងសម្រេចចិត្តថា ថ្ងៃទី៣១ ធ្នូនេះ ជាពេលវេលាមួយសមស្រប។

ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា
លោក លាង ដឺលុច៖ ស.ស.យ.ក បានរៀបចំកម្មវិធីច្រើនមកហើយ ដូចឯកឧត្តមបានជម្រាបជូនមុននេះបន្តិច ទៅដល់សាធារណជនហើយថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ។ បើតាមខ្ញុំតាមដានកន្លងមកនោះ គឺថាអ្វីដែលស.ស.យ.ក រៀបចំព្រឹត្តិការណ៍ឡើង មិនថាតូច មិនថាធំ សុទ្ធតែមានគោលបំណង និងគោលដៅជាក់លាក់។ ចុះព្រឹត្តិការណ៍សាទរកម្ពុជានេះវិញ មានអ្វីជាគោលបំណង?
លោក ហ៊ុន ម៉ានី៖ កម្មវិធីទាំងអស់របស់ស.ស.យ.ក ដែលបង្ហាញទៅមហាជន គឺយើងតែឃើញនូវរូបភាពទាំងអស់នេះ ក៏ប៉ុន្តែយើងតែងតែជំរុញឱ្យមានការផ្ដោតអារម្មណ៍ថា ហេតុអ្វីយើងធ្វើ? ហើយធ្វើនេះ ក្នុងគោលដៅអ្វី? ហើយនេះជាចំណុចមួយ ដែលយើងតែងតែចាប់ផ្ដើម មិនថាអង្គរសង្ក្រាន្ត មិនថាព្រឹត្តិការណ៍ផ្សេងៗទេ គឺយើងចាប់ផ្ដើម[ពាក្យ] ហេតុអ្វីបានជាយើងធ្វើ? យើងចាប់ផ្ដើមពាក្យថា ហេតុអ្វី? [Why] ហើយ បានយើងចាប់ផ្ដើមរៀបចំ [How]ទៅឱ្យសម្រេចបាននូវគោលដៅប្រាថ្នារបស់យើង មិនមែនគ្រាន់តែជារូបភាពសប្បាយ ប៉ុន្តែមិនមានគោលបំណងដែលផ្សារភ្ជាប់ទៅនឹងការរៀបចំព្រឹត្តិការណ៍នោះទេ។
ហើយមូលហេតុដែលយើងធ្វើនេះ គឺតែងមានកត្តាពីរ ឬបី ផ្សារភ្ជាប់ជាមួយគ្នា ។ គោលបំណងទីមួយ គឺនាំមកនូវការជួបជុំ។ បើយើងមិនមានព្រឹត្តិការណ៍អ្វីទាំងអស់ អាចនិយាយបានថា អ្នកមិនដែលស្គាល់គ្នា ឬមានតួនាទី ភារកិច្ច ឬក៏នៅទីកន្លែងខុសៗគ្នានេះ មិនអាចមកនៅទីកន្លែងតែមួយ ជួបជុំគ្នាបានទេ។ ហើយការជួបជុំគ្នានេះ គឺចំណុចមួយ ដែលក្រុមគ្រួសារស.ស.យ.ក ផ្ដល់តម្លៃ ដោយសារយល់ឃើញថា បើយើងនៅឆ្ងាយពីគ្នា យើងមិនអាចស្គាល់គ្នា នាំមកនូវភាតរភាព និងការជឿជាក់ជាក់គ្នាទៅវិញទៅមកទេ។ ដូច្នេះហើយ វាត្រូវការកត្តាទីមួយ រៀបចំកម្មវិធីជួបជុំគ្នា ហើយការជួបជុំគ្នានេះ ដើម្បីបណ្ដុះស្មារតីនៃការរួបរួម ហើយការរួបរួមនេះ គឺមិនចំពោះតែគណកម្មការរៀបចំ ឬយុវជនស្ម័គ្រចិត្តដែលបានរួមចំណែកទេ ក៏ប៉ុន្តែដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលយើងយកវប្បធម៌ជាមូលដ្ឋានក្នុងការគិតគូរ។ អ៊ីចឹង យុវជន យុវនារីរបស់យើង ជាគណកម្មការរៀបចំផង ជាអ្នកស្ម័គ្រចិត្តផង គឺយើងមកជួបជុំគ្នា ក្រោមស្មារតីនៃវប្បធម៌សម្បូរបែបរបស់កម្ពុជា។ មួយចំហៀង យើងបានជួបជុំគ្នាផង យើងបានស្គាល់គ្នាផង យើងបង្កើនចំណងមិត្តភាព ហើយប្រាកដណាស់ដើម្បីសម្រេចការងារបាន ត្រូវបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ក្រៅពីនេះថែមទៀត យើងក៏អាចយកអ្វីដែលជាភាពអស្ចារ្យតាមរយៈការស្វែងយល់របស់យើង មិនថាល្បែងប្រជាប្រិយ មិនថាវប្បធម៌របស់យើង ឱ្យទៅជាការផ្សារភ្ជាប់ក្នុងស្មារតីតែមួយ។ ហើយខ្ញុំគិតថា ការជួបជុំគ្នានេះ មានសារសំខាន់ណាស់…។

ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា
ដូច្នេះត្រឡបមកវិញឱ្យខ្លី អត្ថន័យទីមួយ គឺការជួបជុំ , ទីពីរ គឺការបណ្ដុះស្មារតីនៃការរួបរួម ដោយស្មោះត្រង់នៃការទំនាក់ទំនង និងស្គាល់គ្នាទៅវិញទៅមក។ ហើយខ្ញុំគិតថា ការអនុវត្ត រៀបចំការបណ្ដុះបណ្ដាលជាប្រចាំទៅលើឱកាសនៃការជួបជុំ បង្កើនទំនាក់ទំនង បណ្ដុះស្មារតីនៃការរួបរួម វានឹងអាចចូលរួមចំណែកនៃការថែរក្សាសង្គមជាតិមួយ ដែលមានភាពកក់ក្តៅ មានក្តីស្រលាញ់សម្រាប់គ្នាទៅវិញទៅមក មានមោទនភាពសម្រាប់ជាតិយើងខ្លួនឯង មានភាពកក់ក្តៅជាគ្រួសារខ្មែរ ។ លើសពីនេះថែមទៀត ខ្ញុំគិតថា ភាពកក់ក្តៅ និងភាពសាមគ្គីក្នុងលក្ខណៈជាគ្រួសារនេះហើយ នឹងក្លាយជាខែលមួយ ក្នុងការការពារកម្ពុជា ពីព្យុះ ពីភ្លៀង ដែលអាចជះមកលើកម្ពុជា ក្នុងករណីមានភាពចាំបាច់។ ចំណុចនេះហើយ ទើបខ្ញុំគិតថា វាមានសារសំខាន់ដែលយើងត្រូវតែបណ្ដុះ និងរៀបចំវាកុំឱ្យបាត់បង់។
ចំពោះ«សាទរកម្ពុជា» គឺសំដៅទៅលើយើងក្នុងនាមជាពលរដ្ឋខ្មែរ ថាតើអ្វីទៅ ដែលយើងគួរតែមានការសាទរ? ដូច្នេះយើងក៏បានចោទសួរមុនដំបូងគេថា ហេតុអ្វីយើងមិនអបអរសាទ ចំពោះប្រទេសជាតិយើងខ្លួនឯង? បើយើងមិនអបអរសាទរ ចំពោះប្រទេសជាតិយើងខ្លួនឯង ថាតើឱ្យយើងអបអរសាទរអ្នកណា?
ខ្ញុំសូមឆ្លើយក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប , ហេតុអ្វីបានខ្ញុំគិតថា គួរតែមានការសាទរចំពោះកម្ពុជា? វាប្រាកដណាស់ មោទនភាព គឺយើងត្រូវតែសាទរ ហើយសាទរឱ្យខ្លាំង និងឱ្យឮដល់មិត្តភក្តបរទេសបានឮសំឡេងរបស់យើងផង។ តែខ្ញុំគិតថាយ៉ាងហោចណាស់មានកត្តាបី សម្រាប់ខ្ញុំខ្លួនឯង គឺយើងគួរតែមានការសាទរ។ កត្តាទីមួយ បើយើងនឹកឃើញដល់បុព្វបុរសដូនតាយើង ដែលបានកកើតមកនូវទឹកដីមហានគរ សុវណ្ណភូមិនៃដែនដីរបស់ខ្មែរ ដោយក្នុងនោះវប្បធម៌រូបី និងអរូបី ដែលមានភាពសម្បូរបែប នៅលើសកលលោក មានការទទួលស្គាល់ និងផ្ដល់តម្លៃ ដែលជាកេរមរតកបន្សល់ទុកឱ្យខ្មែរជំនាន់ក្រោយនេះ គឺមានភាពអស្ចារ្យមែនទែន ដែលយើងគួរតែនឹកឃើញ និងគួរតែចងចាំ។ បើយើងម្នាក់ៗបិទភ្នែកបន្តិច យើងនឹងនឹកឃើញដល់ប្រាង្គប្រាសាទ វប្បធម៌រូបី និងអរូបី ដែលផ្ដល់នូវស្នាមញញឹម ធ្វើឱ្យបរទេសមានភាពស្ញប់ស្ញែង និងឱ្យតម្លៃ។

ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា
កត្តាទីពីរ គឺដំណើរវិវត្តនៃប្រវត្តិសាស្ត្រព្រះរាជាណាចក្រកម្ពុជា ជាទិដ្ឋភាពនេះ ពិតជាមានសារសំខាន់ ដែលមិនមែនត្រឹមតែជាកត្តាប្រវត្តិសាស្ត្រក្នុងន័យនយោបាយទេ ហើយខ្ញុំក៏មិនលើកពីទិដ្ឋភាពនយោបាយដែរ។ ប៉ុន្តែនិយាយពីដំណើរនៃការវិវត្តនៃសង្គមជាតិរបស់យើង បានឆ្លងកាត់ព្យុះភ្លៀងពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ទម្រាំយើងមានថ្ងៃនេះ ហើយយើងដាក់ខ្លួនសិក្សាពីដំណើរនៃសង្គមជាតិរបស់យើង ដែលយើងគួរតែមានមោទនភាព។
ទីមួយ ព្រះរាជបូនីយកិច្ចរបស់សម្ដេចតា នាំមកនូវឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំគិតថា ក្នុងនាមជាកូនខ្មែរមួយរូប នៃអ្នកជំនាន់ក្រោយ គួរតែមានការសិក្សាប្រវត្តិសាស្រ្ត ព្រោះថាទម្រាំតែបានឯករាជ្យ ៩ វិច្ឆិកា ១៩៥៣មក មិនមែនជាកត្តាសាមញ្ញពេកនោះទេ ហើយនេះជាព្រះរាជបូនីយកិច្ចដ៏អស្ចារ្យរបស់សម្ដេចតា។ ទីពីរ យើងគួរនឹកឃើញនូវអ្វីដែលកម្ពុជា បានឆ្លងកាត់ ដោយយើងគិតពី១៨ មីនា ១៩៧០ ដែលជារដ្ឋប្រហារទម្លាក់សម្ដេចតា តើកម្ពុជាបានឆ្លងកាត់សោកនាដកម្មអ្វីខ្លះ? ទម្រាំបានឈានមកដល់ការរំដោះសារជាថ្មី នៅថ្ងៃទី ៧ មករា ១៩៧៩។ ក្នុងនោះ ខ្ញុំគិតថា ក្នុងនាមជាកូនខ្មែរទាំងអស់ យើងមិនគួរណាបំភ្លេចទេ។ ម្ខាង មានការខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធ និងរចនាសម្ព័ន្ធដឹកនាំប្រទេសជាតិ ហើយលើសពីនោះទៀត ប្រជាពលរដ្ឋ៣លាននាក់បានស្លាប់ ដោយអណោចអធម៌បំផុត។ តែចេញពីកម្លាំងនេះ យើងឃើញថា កម្ពុជា បានប្រឹងប្រែងតស៊ូងើបឈរមកវិញ ដោយម្ខាងត្រូវទប់ស្កាត់កុំឱ្យរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ [ប៉ុល ពត] ត្រឡប់មកវិញ។ ម្ខាងទៀត រងទុក្ខការហ៊ុំមព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ។ លើសពីនេះថែមទៀត ការកសាងតាំងពីបាតដៃទទេ ទៅលើប្រព័ន្ធដឹកនាំរបស់កម្ពុជា ទាំងរដ្ឋបាលសាធារណ ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ មកដល់បច្ចុប្បន្ន។ ហើយខ្ញុំគិតថា ក្នុងនាមជាកូនខ្មែរ គួរតែសិក្សាស្វែងយល់។ ចំពោះខ្ញុំខ្លួនឯង គិតថា អត់មានប្រទេសណា ដែលឆ្លងកាត់ដូចជាប្រទេសកម្ពុជានោះទេ…។

ពលរដ្ឋចូលរួមប្រារព្ធខួបលើកទី៧១ នៅថ្ងៃទី៩ វិច្ឆិកា ២០១៤ ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំង។
កត្តាទីបី ដែលខ្ញុំតែងតែទុកក្នុងចិត្ត និងបេះដូង គឺស្នាមញញឹម និងភាពកក់ក្តៅនៃចរិតប្រជាពលរដ្ឋខ្មែររបស់យើង។ នៅក្នុងដំណើរការនៃដំណាក់កាលនីមួយៗ ដែលខ្ញុំបានលើកឡើងនេះ ទាំងក្នុងដំណាក់កាលក្រោយឯករាជ្យ ទាំងក្នុងដំណាក់កាលដ៏ជូរចត់បំផុត ដំណាក់កាលនៃការស្ដារមកវិញ ហើយបើយើងនិយាយពីវិបត្តិនៃជំងឺកូវីដ-១៩ យើងឃើញប្រជាពលរដ្ឋរបស់យើង មានសាមគ្គីភាព ចេះជួយយកអាសារគ្នាទៅវិញទៅមក ហើយខ្ញុំគិតថា ទាំងអស់នេះហើយ គឺជាភាពវិសេស ទាំងវប្បធម៌ប្រពៃណីពីដូនតាបន្សល់ទុកឱ្យយើង ដំណើរការវិវត្តនៃសង្គមជាតិរបស់យើង ដែលគ្មានអ្នកណាគេអាចធ្វើដូច។ ប៉ុន្តែយើងមិនយើងខ្លួនយើងប្រៀបធៀបជាមួយគេទេ គឺយើងដោះស្រាយបញ្ហាដោយខ្លួនយើង ដោយប្រើបញ្ញាញាណ ដោយថាមពល ដោយការគិតគូររបស់កូនខ្មែរទាំងស្រុង។ លើសពីនេះទៀត ទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យ ស្នាមញញឹមដ៏កក់ក្តៅរបស់ប្រជាជនយើង ដែលខ្ញុំគិតថា ចំណុចនេះ ដែលគួរតែមានការសាទរ។ ប្រាកដណាស់ យើងនៅមានចំណុចខ្វះខាត យើងត្រូវការដោះស្រាយបញ្ហាជាច្រើន តែសម្រាប់ការសាទរកម្ពុជា គឺយើងយកពេកវេលាមួយថ្ងៃ គិតគូរទៅលើអ្វីដែលជាភាពវិសេស ដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រលាញ់សម្រាប់កម្ពុជា ហើយយើងចង់បង្ហាញការអបអរសាទរទៅកាន់សង្គមជាតិរបស់យើង។

ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com