នាវាចម្បាំងអាម៉េរិក ច្រឡំបាញ់យន្តហោះចម្បាំងអាម៉េរិកនៅសមុទ្រក្រហម
- ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៤:២៩ នាទី រសៀល

យន្តហោះចម្បាំងមួយគ្រឿងនៃកងទ័ពជើងទឹកអាម៉េរិក ត្រូវបានបាញ់ទម្លាក់នៅលើសមុទ្រក្រហមនៅថ្ងៃទី២២ ខែធ្នូ។ អាកាសយានិក២នាក់ បានរួចផុតពីហេតុការណ៍នេះ។ នេះបើតាមយោធាអាម៉េរិក។

ទីបញ្ជាការដ្ឋានកណ្ដាលរបស់អាម៉េរិកដែលគ្រប់គ្រងប្រតិបត្តិការនៅមជ្ឈិមបូព៌ា បញ្ជាក់ថា យន្តហោះចម្បាំង F/A-18 ត្រូវបានបាញ់ ក្រោយទើបតែបានហោះចេញពីនាវាផ្ទុកយន្តហោះ USS Harry S. Truman ។ នាវាដឹកយន្តហោះ USS Truman បានចូលទៅក្នុងមជ្ឈិមបូព៌ាក្នុងខែនេះ ប៉ុន្តែមិនបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះនេះ និងក្រុមនាវាប្រយុទ្ធប្រយុទ្ធស្ថិតនៅក្នុងសមុទ្រក្រហមទេ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ទីបញ្ជាការដ្ឋានដដែល នាវាបំពាក់មីស៊ីលប្រដេញ USS Gettysburg ដែលជាសមាជិកក្រុមនាវាដឹកយន្តហោះ USS Harry S. Truman បានច្រឡំវាយប្រហារយន្តហោះ F/A-18 ដែលមានកៅអី២។
យោធាអាម៉េរិក មិនបានបញ្ជាក់ទេថា នាវាចម្បាំង Gettysburg អាចច្រឡំយន្តហោះ F/A-18 ជាយន្តហោះ ឬមីស៊ីលរបស់សត្រូវឬយ៉ាងណាឡើយ ស្របពេលដែលនាវាចម្បាំងអាម៉េរិកសុទ្ធតែបានភ្ជាប់ទំនាក់ទំនងទាំងប្រព័ន្ធរ៉ាដា និងវិទ្យុ។
មុនការបាញ់គ្នាឯងនេះ នាវាចម្បាំង និងយន្តហោះយោធាអាម៉េរិក ទើបបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាម Houthi ជាច្រើនគ្រឿង និងបានស្ទាក់កាំជ្រួចប្រឆាំងនាវាដែលបាញ់ដោយពួកឧទ្ទាមថែមទៀត។ ការបាញ់ប្រហារពីក្រុម Houthi ទំនងធ្វើឱ្យយោធាអាម៉េរិកច្រឡំគ្នារវាងយន្តហោះគ្នាឯង និងគោលដៅសត្រូវ។
ចាប់តាំងពីការទៅដល់របស់នាវាដឹកយន្តហោះ USS Truman អាម៉េរិកបានបង្កើនការវាយប្រហារតាមអាកាសសំដៅទៅលើក្រុម Houthi ។ កាលពីយប់ថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ យន្តហោះចម្បាំងអាម៉េរិក បានវាយប្រហារតាមអាកាសដែលអង្រួនរដ្ឋធានី Sanaa យេម៉ែន ដែលក្រុម Houthi កាន់កាប់តាំងពីឆ្នាំ២០១៤។ បញ្ជាការដ្ឋានកណ្តាលបានពណ៌នាគោលដៅជាកន្លែងផ្ទុកមីស៊ីល និងកន្លែងបញ្ជា និងគ្រប់គ្រងរបស់ក្រុមឧទ្ទាម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: