តើនឹងមានអ្វីប្លែក នៅក្នុងព្រឹត្តិការណ៍«សាទរកម្ពុជា»?
  • ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ​​ ម៉ោង ៤:៥៩ នាទី រសៀល
តើនឹងមានអ្វីប្លែក នៅក្នុងព្រឹត្តិការណ៍«សាទរកម្ពុជា»?
ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

បើសិនជាលោកអ្នកនាង តាមដានសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នោះ ប្រាកដជាឃើញហើយថា ស្ថាប័នយុវជនមួយនេះ មានសកម្មភាពជាច្រើន ដែលទាក់ទងទៅនឹងសង្គម។ នៅចុងឆ្នាំនេះ ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយទៀត ឈ្មោះថា «សាទរកម្ពុជា» នៅថ្ងៃទី៣១ ធ្នូ ជាថ្ងៃឆ្លងឆ្នាំសកល។ តើព្រឹត្តិការណ៍មួយនេះ នឹងមានអ្វីប្លែកដែរទេ?
TTN-Free-Banner-In-Article-PC


ពិតណាស់ វាប្រាកដជាមានអ្វីប្លែក។ ស.ស.យ.ក តែងតែនាំយករូបភាព និងសកម្មភាពថ្មីៗ មកបង្កើតព្រឹត្តិការណ៍ថ្មីៗ ដើម្បីរៀបចំឱ្យមានការជួបជុំគ្នា ដោយផ្សារភ្ជាប់គោលបំណងបណ្ដុះស្មារតីបង្កើនទំនាក់ទំនង ការរួបរួម និងសាមគ្គីភាព ក្នុងនាមជាខ្មែរដូចគ្នា។
 
ដើម្បីចង់ដឹងថា ព្រឹត្តិការណ៍មួយនេះ មានអ្វីប្លែកនោះ លោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗ បានជួបសម្ភាសជាមួយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៖

លោក លាង ដឺលុច៖ មែនទែនទៅ សាទរកម្ពុជា គឺជាមូលបទមួយ ប៉ុន្តែអ្វីដែលយើងទន្ទឹងរង់ចាំនៅថ្ងៃទី៣១ ធ្នូនោះ តើមានសកម្មភាពអ្វីខ្លះ ដែលត្រូវបានបង្ហាញឱ្យស្របនិយមន័យ «សាទរកម្ពុជា»នេះ?
 
លោក ហ៊ុន ម៉ានី៖ គោលបំណងធំនៃកម្មវិធីនេះ គឺចាប់ផ្ដើមនៃការផ្សព្វផ្សាយអត្ថន័យសាទរកម្ពុជា ហើយអ្វីដែលយើងចង់បានក្នុងនាមយើងជាខ្មែរ គឺចំណាយពេលឆ្លើយតបនឹងសំនួរថា អ្វីទៅដែលនាំមកនូវស្នាមញញឹម ក្តីស្រលាញ់ និងមោទនភាព ហើយចង់បង្ហាញមោទនភាពនេះ ក្នុងនាមជាខ្មែរ? ជាជាងគិតតែពីចំណុចខ្វះខាត យើងគិតទៅលើអ្វីដែលជាវិសេស នៃសញ្ជាតិរបស់យើង។ តែការរៀបចំ គឺយើងត្រូវតែរៀបចំឱ្យមានភាពទាក់ទាញ សប្បាយ ក្នុងបរិយាកាសមួយ ទៅជាលក្ខណៈគ្រួសារផង ទៅជាលក្ខណៈឯកជនផង តែពេលចូលទៅទីតាំងកម្មវិធីដោយមានអារម្មណ៍មួយថា ខ្ញុំមកថ្ងៃនេះ គឺមកសាទរកម្ពុជា ហើយសាទរសម្រាប់ប្រជាជាតិខ្ញុំ ទោះបីក្នុងទម្រង់ណាក៏ដោយ ដោយម្នាក់ៗត្រូវឱ្យនិយមន័យខ្លួនឯង។
 
ការរៀបចំរបស់យើង គឺយើងបែងចែកជាបី , ទីមួយ គឺផ្ដោតទៅលើការតុបតែង ហើយការតុបតែងរបស់យើង សូមបញ្ជាក់ដែថា ទីតាំងនៃកម្មវិធីតែម្ដង គឺមិនមែនត្រឹមតែមុខព្រះបរមរាជវាំងទេ គឺយើងមាន[តុបតែង] នៅមុខវត្តបទុមផង ហើយចំហៀងទៀត តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ នៅក្រោយវត្តឧណ្ណាលោមបន្តិច។ ក្នុងនោះ ទីតាំងទាំងអស់នេះ យើងនឹងខិតខំតុបតែងធ្វើយ៉ាងណាឱ្យពលរដ្ឋ ដែលធ្លាប់តែដើរកម្សាន្តក្នុងព្រឹត្តិការណ៍បុណ្យអុំទូក និងព្រឹត្តិការណ៍នានា មានអារម្មណ៍ផ្សេង [នៅថ្ងៃសាទរកម្ពុជា]។ បច្ចុប្បន្ននេះ គឺក្រុមការងារខិតខំប្រឹងប្រែងរៀបចំមែនទែន ដើម្បីឱ្យយើងចូលទៅមានបរិយាកាសសប្បាយមែនទែន ដើម្បីកុំឱ្យគេគិតថា សាទរកម្ពុជា ដូចកម្មវិធីគេដដែល។ ដូច្នេះហើយការរុបតែង គឺយើងបានគិតគូរ និងចំណាយការផ្ដោតអារម្មណ៍ ទាំងការច្នៃប្រឌិត និងការចំណាយក៏ច្រើនដែរ។
 
ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

កត្តាទីពីរ ជាចំណុចមួយ ដែលយើងបានគិតគូរ និងខំប្រឹងប្រែងមែនទែន គឺព្យុហយាត្រា(Parade)មួយ ដោយយើងចេញដំណើរពីផ្សាររាត្រី តម្រង់មកមុខវាំង ហើយធ្វើដំណើរជុំវិញព្រះបរមរាជវាំង នៅមុខប្រាសាទចន្ទឆាយា តែម្ដង។ បច្ចុប្បន្ននេះ យើងបានធ្វើការជាមួយសាកលវិទ្យាល័យ វិស័យឯកជន សមាគមមួយចំនួន ដោយក្នុងនោះពួកគាត់ជាប្រជាជនខ្មែរ ដែលស្រលាញ់អ្វីដែលជាកីឡាប្រភេទនេះ។ ហើយនេះ ក៏វាឆ្លុះបញ្ចាំងពីភាពស៊ីវិល័យ និងដំណើការរបស់កម្ពុជាដែរ ប្រាកដណាស់ទម្រង់វប្បធម៌ ប្រពៃណី គឺយើងមិនចោលទេ តែដោយសារអង្គរសង្ក្រាន្ត គឺជាទម្រង់ប្រពៃណីទាំងអស់ ដូច្នេះយើងមិនអាចយកទម្រង់វប្បធម៌១០០ភាគរយ ដាក់បញ្ចូលមកព្រឹត្តិការណ៍សាទរកម្ពុជាទេ។ 
 
សូមបញ្ជាក់សាជាថ្មី ស្រឡាញ់ មោទនភាព អ្វីជាភាពវិសេសដែលដូនតាបន្សល់ទុកវប្បធម៌យើង ក៏ប៉ុន្តែនៅអង្គរសង្ក្រាន្ត គឺយើងបានធ្វើច្រើនហើយ, នៅកម្មវិធីទីជល់គុណ ក៏យើងបានធ្វើដូចគ្នាដែរ។ ប៉ុន្តែសម្រាប់សាទរកម្ពុជា យើងចង់ឱ្យមានរសជាតិថ្មី (Flavor) ឱ្យមានលក្ខណៈទាំងអតីតកាល ទាំងវប្បធម៌ តែមានភាពទំនើប ហើយប្រជាជនកម្ពុជា នឹងស្រលាញ់ ហើយនឹងស្វាគមន៍ ឬក៏ទទួលនូវអ្វីដែលជាភាពត្រេកត្រអាលខ្លាំង (Passionate) ។ គឺយើងចង់បង្ហាញបែបនេះ។ ចំណែកព្យុហយាត្រា សូមបញ្ជាក់ដែរថាឆ្នាំនេះ គឺយើងគិតគូរលើទីងមោង យក្សច្រើន ហើយឆ្នាំនេះអាចនឹងមានយក្ស ទីមោងច្រើន ចូលមករាជធានីភ្នំពេញ។
 
ក្រៅពីនេះ ដល់ពេលវេលារាប់ថយក្រោយ (Count-down) តែម្ដង មុនចេញពីឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ គឺមានការប្រគំតន្រ្តី (Concert) ដែលយើងកំពុងតែរៀបចំ។ តែចំណុចមួយ ដែលខ្ញុំបង្ហើបទៅចុះ ព្រោះវាជាបំណងប្រាថ្នារបស់ខ្ញុំ គឺការបង្ហូតទង់ជាតិ គឺជាព្រឹត្តិការណ៍មួយ ដែលខ្ញុំយកចិត្តទុកដាក់ខ្ពស់។ កន្លងមកការបង្ហូតទង់ជាតិនៅតាមសាលារៀន គឺយើងបានឃើញ, ការបង្ហូតទង់ជាតិនៅក្នុងព្រឹត្តិការណ៍ធំៗ នៃការយាងចូលរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង នៅថ្ងៃទី៩​ វិច្ឆិកា និងហូតចុះនៅថ្ងៃទី១១ វិច្ឆិកាក្តី សម្រាប់ខ្ញុំនៅពេលដែលឃើញទង់ជាតិបង្ហូតឡើង គឺជាមោទនភាព ដែលជាភាពអស្ចារ្យមែនទែន។

ខ្ញុំតែងតែប្រើភាសាមួយ យើងអាចមើលឃើញទង់ជាតិ យើងអាចយកបញ្ញាញាញគិតទៅលើអត្ថន័យទង់ជាតិកម្ពុជា ប៉ុន្តែពេលយើងយកបេះដូងឱ្យផ្សារភ្ជាប់នឹងអារម្មណ៍ជាមួយទង់ជាតិរបស់យើង គឺមានអត្ថន័យផ្សេង។ ដូច្នេះហើយ ទើបខ្ញុំចង់រៀបចំចំណុចមួយថែមទៀត ដើម្បីឱ្យយើងរឹតតែមានភាពស៊ីជម្រៅផ្សារភ្ជាប់ទងជាតិព្រះរាជាណាចក្រកម្ពុជារបស់យើង។ ក្នុងនាមជាខ្មែរ យើងត្រូវតែមានការផ្សារភ្ជាប់ទៅទង់ជាតិកម្ពុជាយើង។
 
ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក លាង ដឺលុច៖បានន័យថា អាចនឹងមានការបង្ហោះទង់ជាតិខ្នាតធំ នៅមុខព្រះបរមរាជវាំង? ឯកឧត្តម!
 
លោក ហ៊ុន ម៉ានី៖ មិនអាចបង្ហូតទង់ជាតិធំពេកទេ ព្រោះបង្គោលទង់ជាតិ យើងអាចគណនារៀបចំតាមអ្វីដែលយើងអាចធ្វើទៅបាន។ ទំហំគឺជារឿងមួយ ក៏ប៉ុន្តែខ្ញុំបានគិត និងចង់ធ្វើ គឺចង់ឱ្យយើងត្រៀមអារម្មណ៍ទាំងអស់គ្នា ផ្សារភ្ជាប់បេះដូងយើង ទៅនឹងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាអត្ថន័យមួយធំ ដែលយើងចង់ធ្វើ។ ក្រៅពីនេះ ការប្រគំតន្ត្រី ដែលយើងបាននិពន្ធបទថ្មីមួយចំនួន សមស្របនឹងបរិយាកាស ដែលយើងបានគិតគូរ ព្រោះទីតាំងព្រះបរមរាជវាំង មិនមែនជាកន្លែងដែលយើងចង់ធ្វើអ្វី ដោយមិនគិតគូរទៅលើទំនៀមទម្លាប់ ប្រពៃណី និងមុខមាត់នៃបេះដូងរាជធានីភ្នំពេញទេ។

ជាពិសេសនៅមុខព្រះបរមរាជវាំងទៀត ដូច្នេះការគិតគូររបស់យើង ត្រូវតែមានការច្បាស់លាស់ គឺមិនរៀបចំឱ្យលើសកម្រិតនៃការបើកព្រឹត្តិការណ៍ស៊ីហ្គេមទេ បានន័យថា ទាំងខោអាវ ទាំងការសម្ដែង គឺយើងគិតគូរ មិនឱ្យប៉ះពាល់ តែក្នុងពេលតែមួយ វាជាព្រឹត្តិការណ៍នៃការសាទរ។ ដូច្នេះយើងចង់ឱ្យការតុបតែង ការរៀបចំព្យុហយាត្រា និងការគិតគូរលើការសម្ដែង និងអត្ថន័យចម្រៀងទាំងអស់ គឺដើម្បីបំផុសស្មារតីក្នុងនាមជាខ្មែរ ។

យើងត្រូវធ្វើការផ្សារភ្ជាប់ ហើយនឹងបង្កបរិយាកាស ដើម្បីធ្វើយ៉ាងណាឱ្យនឹកឃើញថា កម្ពុជាឆ្លងកាត់ការលំបាកជាច្រើន មកដល់ពេលបច្ចុប្បន្ន តែយើងត្រៀមខ្លួន ត្រៀមអារម្មណ៍ ទាំងស្មារតី ទាំងឆន្ទៈ ដោយភាពជឿជាក់ និងដោយមោទនភាព ឆ្ពោះទៅអនាគតបន្ថែមទៀត។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបទសម្ភាសជាមួយលោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗ។


អ្នកសរសេរអត្ថបទ

Mr. LEANG Delux, born in 1980, from Kampong Cham province, started his career as journalist in 2000 after graduated from RUPP where he received a Bachelor degree in French literature and a diploma in Journalism. Prior to holding the current position as Publisher of the well-known online news, www.thmeythmey.com, which he is a founder, Mr. Delux has worked for some renowned media outlets such as: french speaking newspaper Cambodge soir (2000-2009), Radio France Internationale (2002-2013) and Rasmei Kampuchea (2009-2011). While carrying out his journalism career, Mr. LEANG Delux has actively involved in training young journalists. He also won many prize writing contests organized by embassies and NGOs in Cambodia and had covered many international events abroad.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

លាង ដឺ​លុច