អាល់បានី នឹងបិទ TikTok មួយឆ្នាំ ក្រោយមានករណីហិង្សា
- ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៧:៣៩ នាទី ល្ងាច

នាយករដ្ឋមន្ត្រីអាល់បានី Edi Rama ប្រកាសបិទបណ្ដាញសង្គមវីដេអូខ្លីៗ TikTok យ៉ាងហោចណាស់មួយឆ្នាំចាប់ពីឆ្នាំ២០២៥។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីសិស្សអាយុ១៤ឆ្នាំម្នាក់ត្រូវបានមិត្តរួមថ្នាក់ចាក់សម្លាប់កាលពីខែមុននៅក្នុងទំនាស់ដែលបានចាប់ផ្តើមនៅលើបណ្តាញសង្គម។

«យើងនឹងដេញវាចេញពីសង្កាត់របស់យើងក្នុងរយៈពេលមួយឆ្នាំ»។ លោក Edi Rama នាយករដ្ឋមន្រ្តីអាល់បានីនិយាយបែបនេះក្នុងជំនួបជាមួយគ្រូបង្រៀន ឪពុកម្តាយ និងអ្នកចិត្តសាស្រ្តនៅទីក្រុង Tirana ។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងចាប់ផ្តើមកម្មវិធីមួយដែលជួយដល់ការអប់រំរបស់សិស្ស និងជួយឪពុកម្តាយពួកគេអាចតាមដានដំណើររបស់កូនៗផងដែរ។
ការបិទបណ្តាញទំនាក់ទំនងសង្គមដែលបង្កបញ្ហាដ៏ចម្រូងចម្រាសនៅតាមប្រទេសជាច្រើន កើតឡើងមិនដល់មួយខែទេបន្ទាប់ពីសិស្សអាយុ១៤ឆ្នាំម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការវាយតប់គ្នានៅជិតសាលារៀនមួយក្នុងទីក្រុង Tirana តែម្ដង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រឿងនេះបានកើតចេញពីការទាស់គ្នាលើបណ្ដាញសង្គម។
រឿងរ៉ាវនេះ ក៏នាំឱ្យមានការជជែកដេញដោលនៅក្នុងចំណោមឪពុកម្តាយ អ្នកចិត្តសាស្រ្ត និងស្ថាប័នអប់រំអំពីផលប៉ះពាល់នៃបណ្តាញសង្គមមកលើយុវជនអាល់បានី។
នាយករដ្ឋមន្រ្តី Rama បាននិយាយថា នៅចិន TikTok ផ្សព្វផ្សាយពីរបៀបដែលសិស្សអាចចូលរៀន របៀបការពារធម្មជាតិ របៀបរក្សាប្រពៃណី ប៉ុន្តែនៅលើ TikTok នៅខាងក្រៅចិន គេឃើញតែសំរាមទៅវិញ។
កន្លងមក ប្រទេសជាច្រើនបានចាប់ផ្តើមរឹតបន្តឹងការប្រើប្រាស់ TikTok ដែលជាផ្នែកមួយនៃការជជែកដេញដោលលើឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើក្រុមដែលងាយរងគ្រោះដូចជាកុមារ និងមនុស្សវ័យជំទង់។ ត្រង់នេះ លោក Rama អះអាងថាបញ្ហាមិនមែនជាកុមារទេ ប៉ុន្តែជាសង្គមទាំងមូល។
ប្រទេសជិតខាងរបស់អាល់បានីមានម៉ាសេដ្វានខាងជើង និងស៊ែប៊ី ក៏បានរាយការណ៍ពីផលប៉ះពាល់អវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយនេះដែរ ជាពិសេសលើយុវជន៕
© រក្សាសិទ្ធិដោយ thmeythmey.com