ទីងមោងចំនួន៤៥ពីក្រុងឧត្ដុងម៉ែជ័យ ត្រៀមចេញ «សាទរកម្ពុជា»
- ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៩:០២ នាទី ព្រឹក

ដោយ៖ ផាត ដាណេ និងមឿន ម៉ាក់ថុង
កំពង់ស្ពឺ៖ ទីងមោងមុខយក្ស ទីងមោងមុខទេវតា ទីងមោងមុខមនុស្សាស្រីប្រុស ចំនួន៤៥ទីង ពីក្រុងឧត្ដុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានធ្វើហើយរួចរាល់ ត្រៀមសម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា។ ទីងមោងទាំង៤៥នេះ នឹងត្រូវចូលរួមក្នុងក្បួនដង្ហែទីងមោងជាមួយទីងមោងខ្នាតយក្សចំនួន៤០ផ្សេងទៀត នាព្រឹត្តិការណ៍សាទរកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង។

លោក ម៉ុយ ប៊ុនលាប ម្ចាស់សិប្បកម្មម៉ាចម៉ុយសាខាទី២ ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ថាទីងមោងទាំង៤៥នេះ លោកចំណាយពេលធ្វើជាង៣ខែ រាប់តាំងពីការផ្សាដែកឆ្អឹងខ្លួនទីងមោង ចាក់ពុម្ពក្បាល គូរមុខ និងកាត់ដេរសម្លៀកបំពាក់ជាដើម។
ក្រៅពីវត្តមានទីងមោង ព្រឹត្តិការណ៍សាទរកម្ពុជា ក៏មានកម្មវិធីជាច្រើនផ្សេងទៀត ដូចជាគោមយក្សដ៏ធំ ពោងយក្ស ការបង្ហូតទង់ជាតិដ៏ធំនៅមុខព្រះបរមរាជវាំង និងទស្សនីយភាពជាច្រើនទៀតនាព្រឹត្តិការណ៍សាទរកម្ពុជាផង។ ក្បួនដង្ហែបែបវប្បធម៌ប្រពៃណីជាង១០ក្បួន,ផែនតន្រ្តីប្រជាប្រិយប្រមាណ១០ផែន និងក្បួនដង្ហែសាទរកម្ពុជាប្រមាណ១០ក្បួនទៀត រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតផង។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ