ទិញស្រាឱ្យឪ! ទាំងអ្នកប្រើ និងអ្នកលក់ ត្រូវចេះគិតផងចំពោះក្មេងអាយុក្រោម១៨ឆ្នាំ!
- ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១:៥៩ នាទី រសៀល

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដាច់ណាត់ថា មិនផ្ដល់អាជ្ញាបណ្ណដល់រោងចក្រផលិតស្រាបៀរក្នុងស្រុកថ្មីនោះទេ ប៉ុន្តែបើផលិតសម្រាប់នាំចេញ គឺរដ្ឋាភិបាលអនុញ្ញាត។

ការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ទទួលបានការគាំទ្រពីអង្គការសង្គមស៊ីវិល និងមហាជន។ ប៉ុន្តែអ្វីដែលគេ នៅតែបន្តជជែកគ្នាទៀតនោះ គឺការលក់«ស្រា ឬស្រាបៀរ និងសារធាតុស្រវឹង» ផ្សេងៗទៀត ដល់កុមារ និងយុវជនអាយុក្រោម១៨ឆ្នាំ។ បញ្ហានេះ នៅបន្តកើតមាននៅតាមអាជីវកម្មលក់ទំនិញ ភេសជ្ជៈ និងគ្រឿងស្រវឹង តាមមូលដ្ឋាន។ ជាពិសេសនៅតាមកន្លែងកម្សាន្តនានា ដូចជា រមណីយដ្ឋាន ភោជនីយដ្ឋាន ក្លិបកម្សាន្តរាត្រី និងខារ៉ាអូខេ (KTV) ជាដើម។
អាជីវករ ឬអ្នកលក់ភេសជ្ជៈនិងគ្រឿងស្រវឹង មួយចំនួនមិនបានគិតពីផលប៉ះពាល់ដល់កុមារ ឬយុវជនអាយុក្រោម១៨ឆ្នាំនោះទេ ។ ពួកគេទាំងនោះ តែងតែលក់គ្រឿងស្រវឹង ដល់កុមារ ឬយុវជនអាយុក្រោម១៨ឆ្នាំ ដែលទទួលបញ្ជាពីឪពុកម្ដាយ ឬសាច់ញាតិ ឱ្យទៅទិញគ្រឿងស្រវឹងទាំងនេះ។ អាជីវករទាំងនោះ បានត្រឹមតែសួរទៅកាន់កុមារ ឬយុវជនថា តើទិញស្រា ឬស្រាបៀរ ឱ្យអ្នកណាគេ? ទិញឱ្យឪពុកម្ដាយ ឬពូមីង? ហើយបន្តលក់ដូរឱ្យកុមារ ឬយុវជនទាំងនោះ ធម្មតា។ ចំណែកម្ចាស់ទីតាំងកម្សាន្តភាគច្រើន ក៏មិនបានកំណត់អាយុចូលកន្លែងសប្បាយផឹកស៊ីនោះដែរ។ នោះក៏ព្រោះតែផលចំណេញនៃអាជីវកម្ម។
អាជីវករ និងឪពុកម្ដាយខ្លះ សុទ្ធតែចូលរួមប្រព្រឹត្តកំហុសដូចគ្នា ដោយមិនដឹងខ្លួន។ កំហុសនោះត្រង់ថា ឪពុកម្ដាយ ជាអ្នកញៀនស្រាទេ ប៉ុន្តែឱ្យកូនៗរ៉ាប់រងទទួលបន្ទុកទិញស្រា ដើម្បីយកទៅបំពេញចំណង់របស់ខ្លួន ខណៈពេលកុមារ និងយុវជនទាំងនោះ ស្ថិតនៅក្នុងវ័យសិក្សា។ ឪពុកម្ដាយខ្លះទៀត ឱ្យកូនៗ ដែលទើបមានអាយុក្រោម១៨ឆ្នាំនោះ ធ្វើម្ហូប ទិញម្ហូប ឬចំណីមកឱ្យពួកគេ ក្លែមស្រាទៀតផង។ ការណ៍នេះ វាបង្កើតជាគំរូមិនល្អ ដល់ក្រុមទំពាំងស្នងឫស្សី ដែលជាសសរទ្រូងប្រទេសជាតិ។
ទង្វើរបស់ឪពុកម្ដាយ ឬក្រុមសាច់ញាតិបែបនេះ នឹងអាចជះឥទ្ធពលអាក្រក់ដល់កូនៗរបស់ពួកគេ។ ក្នុងនោះរួមមាន៖ ទាញអារម្មណ៍ និងចំណង់កុមារ និងយុវជនខ្លះ ឱ្យក្លាយជាមនុស្សញៀនស្រា នៅថ្ងៃអនាគត, ប៉ះពាល់ដល់ការសិក្សា និងអនាគតពួកគេ ឬឈានទៅផុងខ្លួន ចូលទៅប្រព្រឹត្តអបាយមុខផ្សេងៗទៀត។ ដោយឡែកយុវជនអាយុក្រោម១៨ឆ្នាំខ្លះទៀត ចេញ-ចូលទីតាំងកម្សាន្ត ហើយកុម្ម៉ង់ស្រាបៀរ និងគ្រឿងស្រវឹងផឹកស៊ីដោយសេរី នាពេលបច្ចុប្បន្ននេះ។ រូបភាពទាំងនេះ បានលេចឡើងនៅលើបណ្ដាញសង្គមជាច្រើន នាពេលកន្លងមក។

យុវជន យុវនារី និងជាសិស្សសាលា ជួបគ្នាផឹកស្រា ហើយបង្ហោះលើហ្វេសប៊ុកកន្លងមក
ការសិក្សាហានិភ័យនៃជំងឺមិនឆ្លងឆ្នាំ២០២៣ នៅកម្ពុជា បានបង្ហាញថា ៥០ភាគរយនៃប្រជាជនអាយុពី ១៨ ទៅ ៦៩ឆ្នាំ ទទួលទានគ្រឿងស្រវឹង រយៈពេល ៣០ថ្ងៃ មុនធ្វើការអង្កេត ដោយបុរសមានចំនួន៧១,២ភាគរយ ស្ដ្រី២៦,៥ភាគរយ និង៣០,៦ភាគរយ ជាយុវវ័យ អាយុពី ១៥ទៅ ១៨ឆ្នាំ។ គ្រឿងស្រវឹងត្រូវបានចាត់ទុកជាប្រភេទជំងឺមិនឆ្លង ក្នុងនោះមានរបបអាហារមិនមានសុខភាព, កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ។
ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បានបង្កបញ្ហាសុខភាព និងជំងឺមិនឆ្លងច្រើនជាង២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម, មហារីក, បេះដូងសរសៃឈាម, ទឹកនោមផ្អែម និងលើសសម្ពាធឈាម ជាដើម។ ទន្ទឹមនេះ វាក៏ប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាលយុជន នាំឱ្យកើតបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ផងដែរ។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជា។
កន្លងមកសង្គមស៊ីវិល ក៏បានស្នើឱ្យរដ្ឋាភិបាលហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលទៅលើកុមារ និងយុវជន។ កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង ។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតនៅទីកន្លែងដែលមិនទាក់ទាញឱ្យមានការចាប់អារម្មណ៍របស់កុមារ និងឆ្ងាយពីកន្លែងប្រមូលផ្ដុំរបស់កុមារ។ ត្រង់ចំណុចនេះ រដ្ឋាភិបាល បានចេញចំណាត់ការទប់ស្កាត់សកម្មភាពផ្សព្វផ្សាយទាំងនេះហើយ កាលពីខែមករា ឆ្នាំ២០២៤។
ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងម្ចាស់អាជីកម្មនានា ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។
មិនតែប៉ុណ្ណោះហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ ជាមួយគ្នានេះ រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាម ប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន “ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។
ប៉ុន្តែក្រសួងមិនបានហាមពីការកំណត់អាយុស្របច្បាប់នៃការទិញលក់ និងសេពគ្រឿងស្រវឹងឡើយ។ ការកំណត់អាយុសេពគ្រឿងស្រវឹងនេះ គឺជាកត្តាចាំបាច់បំផុតក្នុងការទប់ស្កាត់កុមារ និងយុវជនកម្ពុជា កុំឱ្យឈ្លក់វង្វេងនឹងគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ជាពិសេសប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងជាតិ។

រូបពីហ្វេសប៊ុកលោក Sou khemrin
នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ សិង្ហបុរី និងម៉ាឡេស៊ី សុទ្ធតែបានកំណត់អាយុស្របច្បាប់ដល់យុវជន ចន្លោះពី១៨ឆ្នាំ ដល់២១ឆ្នាំឡើងទៅ ទើបអាចមានសិទ្ធិទិញសារធាតុស្រវឹង និងទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទបាន ជាមួយវិធានការពិន័យយ៉ាងតឹងរឹងដល់យុវជន និងអ្នកលក់ដូរ ដែលមិនគោរពច្បាប់។ នៅឯប្រទេសកម្ពុជាយើងវិញ ក៏មានសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនេះដែរ ប៉ុន្តែមិនទាន់បានអនុវត្តជាផ្លូវការនៅឡើយទេ។
ក្នុងសេចក្តីព្រាងច្បាប់ កាលពីឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ចែងពីការចែកចាយ ការលក់ ការប្រើប្រាស់ និងទីកន្លែងលក់ផលិតផលគ្រឿងស្រវឹង ដោយក្នុងនោះមាត្រា១២ បានបញ្ជាក់ថា ហាមលក់ ឬចែកចាយផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទដល់៖ ជនដែលមានអាយុក្រោម២១ ឆ្នាំ, ស្រ្តីមានគភ៌ កាលបើគត៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើខ្លួនបាន, ជនស្ថិតក្នុងស្ថានភាពស្រវឹង ដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ប៉ុន្តែក្រោយមកក្រសួងពាណិជ្ជកម្ម បានកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់នេះ ដោយហាមមិនឱ្យលក់ និងទិញគ្រឿងស្រវឹង ដល់យុវជនអាយុក្រោម១៨ឆ្នាំវិញ ។
នៅក្នុងសេចក្តីព្រាងច្បាប់ដដែលនេះ ក៏បានចែងពីទោសបញ្ញត្តិដល់អ្នកលក់ និងអ្នកចែកចាយ ដែលមិនអនុវត្តតាមបទបញ្ញត្តិដូចមានចែកក្នុងមាត្រា១២នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃដល់១ខែ និងពិន័យជាប្រាក់ពី១សែនរៀល ដល់១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសទ្វេដង។ តែយ៉ាងណាមកដល់ពេលនេះ សេចក្តីព្រាងច្បាប់មួយនេះ មិនទាន់ចូលជាធរមាននៅឡើយទេ។

រូបជួបជុំផឹកស្រា
សរុបមកវិញ កុមារ និងយុវជនទាំងនោះ ស្ថិតនៅក្នុងវ័យសិក្សា ដែលត្រូវការអប់រំ និងតម្រង់ទិសទៅរកមាគ៌ាល្អ ដើម្បីចៀសផុតពីអបាយមុខអាក្រក់នានា។ ដូច្នេះទាំងឪពុកម្ដាយ ទាំងអាជីវករ ឬអ្នកលក់របរចាប់ហួយ គប្បីគិតគូរដល់កុមារ ឬយុវជនទាំងនោះ ដោយមិនត្រូវឱ្យពួកគេទិញ ឬលក់ស្រាឱ្យនោះទេ ដើម្បីរារាំងកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹង ក្នុងវ័យកុមារ និងមិនទាន់គ្រប់អាយុពេញវ័យ ជាពិសេសកាត់បន្ថយហានិភ័យលើកុមារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងរបស់មនុស្សពេញវ័យ។ ចំណែកម្ចាស់ទីតាំងកម្សាន្តផ្សេងៗ គួរតែកំណត់អាយុយុវជន ដែលអាចចូលកម្សាន្ត និងទទួលទានគ្រឿងស្រវឹងឱ្យបានត្រឹមត្រូវ ។
ដោយឡែកក្រសួង និងស្ថាប័នទទួលបន្ទុក គួរតែពិចារណា និងដាក់ចេញនូវវិធានការឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់កុមារ និងយុវជន ដើម្បីបង្ការកុមារមិនទាន់ពេញវ័យកុំឱ្យទទួលរងនូវផលប៉ះពាល់ ដែលបង្កដោយគ្រឿងស្រវឹង៕
អ្នកសរសេរអត្ថបទ
រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញសរសេរព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយកការណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: