សៀមរាបគ្រោងរៀបចំព្រឹត្តិការណ៍ខ្លែងឯកប្រចាំឆ្នាំ ជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរ
- ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ល្ងាច

ខ្លែងឯករបស់រដ្ឋបាលខេត្តសៀមរាប បង្ហើរជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី នាថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤។
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី ទ្រង់ទ្រាយធំជាលើកដំបូង និងបានទាក់ទាញសាធារណជន ចូលរួមច្រើនកុះករ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត គ្រោងរៀបចំជាព្រឹត្តិការណ៍នេះប្រចាំឆ្នាំ ក្នុងគោលដៅផ្សព្វផ្សាយខ្លែងខ្មែរ និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក មួន សុភាព បានឱ្យដឹងថា សន្ទុះនៃការចូលរួមលើសពីការរំពឹងទុក ស្របពេលនេះជាលើកទី១នៃព្រឹត្តិការណ៍បង្ហើរខ្លែង នៅក្នុងខេត្តសៀមរាប។ លោក សុភាព បន្តថា ព្រឹត្តិការណ៍នេះមានសារសំខាន់ណាស់ ក្នុងបំណងផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឱ្យស្វែងយល់ពីខ្លែងឯកខ្មែរ និងយល់ពីសារសំខាន់ ក៏ដូចជាដើមទងដែលដូនតាខ្មែរនិយមលេងខ្លែង ដែលមានប្រវត្តិយូរលង់មកហើយ។
ព្រឹត្តិការណ៍នេះដែរ ក៏ជាផ្នែកមួយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ហើយពីដើមមក ខ្មែរឋតែងមានពិធីបុណ្យខ្លែង ដែលជាប្រពៃណីនិងទំនៀមទម្លាប់មួយក្នុងសង្គមខ្មែរ ដែលតែងប្រារព្ធធ្វើនៅចន្លោះខែធ្នូ ដល់កុម្ភៈ។ លោក មួន សុភាព លើកឡើងដោយក្តីមោទកដូច្នេះថា៖« នេះជាលើកទី១ដែលខេត្តសៀមរាប ចាប់ផ្តើមហើយធ្វើកម្មវិធីនេះរស់ឡើងវិញ ដើម្បីឱ្យកូនខ្មែរយើងចងចាំ ហើយជួយថែរក្សាមរតកនេះ ឱ្យបានគង់វង្ស»។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។
លោក មួន សុភាព បានពន្យល់ថា បុណ្យខ្លែង ធ្វើឡើងដើម្បីអរគុណដល់ព្រះពាយ (ខ្យល់) ជាអ្នកនាំភ្លៀងបម្រើដល់វិស័យកសិកម្មរបស់ប្រជាកសិករ ហើយក៏ជាការបួងសួងសុំកុំឱ្យមានភ្លៀងធ្លាក់នារដូវប្រមូលផលផងដែរ ជៀសវាងខូចខាតដល់ផលកសិកម្ម។
ព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរីលើកទី១ នៅក្នុងខេត្តសៀមរាប មានខ្លែងឯកចូលរួមសរុប ១២៥ ខ្លែងសេរី៨១ និងខ្លែងធម្មតាចំនួន៣០០។ លោក មួន សុភាព បញ្ជាក់ថា អ្នកលេងខ្លែងទាំងនោះ មកពីបណ្ដាស្ថាប័នរដ្ឋ និងឯកជនក្នុងខេត្តសៀមរាប ក្រៅពីនោះមកពីខេត្តកណ្ដាល កំពង់ស្ពឺ ស្ទឹងត្រែង ស្វាយរៀង ពោធិ៍សាត់ និងរាជធានីភ្នំពេញ។
កន្លងមកអ្នកលេងខ្លែងឯកភាគច្រើនមានវ័យចាស់ៗ និងមានយុវជនភាគតិច។ ចំណុចនេះលោក មួន សុភាព ក៏កត់សម្គាល់ផងដែរ ប៉ុន្តែលោកបញ្ជាក់ថា បច្ចុប្បន្នយុវជនមួយចំនួនបានចាប់ផ្តើមយល់ និងស្រឡាញ់វិស័យខ្លែងឯកនេះ ហើយមានការបណ្ដុះបណ្ដាលអ្នកបន្តវេនផងដែរ ដូចជាសមាគមយុវជនៅខេត្តកណ្ដាល និងរាជធានីភ្នំពេញជាដើម។ តាមរយៈព្រឹត្តិការណ៍ខាងលើនេះ លោក មួន សុភាព ជឿជាក់ថានឹងមានយុវជនជាច្រើននៅខេត្តសៀមរាប ចាប់ផ្តើមស្រឡាញ់ និងចង់បន្តវេនពីចាស់ព្រឹទ្ធាចារ្យខ្លែងឯក ដើម្បីថែរក្សាមរតកអរូបីមួយនេះឱ្យបានគង់វង្ស។
ក្នុងនោះដែរ តាមរយៈការផ្សព្វផ្សាយនានា លោកប្រធានមន្ទីរវប្បធម៌ រំពឹងថា ពលរដ្ឋខ្មែរនឹងលែងយល់ខុសពីកីឡាខ្លែងឯកនេះ ថាសំឡេងវានាំចង្រៃ ឬអពមង្គលបន្តទៀត ដែលនេះជាការយល់ខុសទាំងស្រុង។ លោក មួន សុភាព បញ្ជាក់ដូច្នេះថា៖«សូមឱ្យយល់ថា ខ្លែងនាំមកនូវសេចក្តីសុខចម្រើន សេរីភាព និងសុភមង្គល»។

សាធារណជន និងទេសចរចូលរួមទស្សនាព្រឹត្តិការណ៍បង្ហើយខ្លែងឯក និងខ្លែងសេរី នាថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤។
ក្នុងពិធីបើកព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី នាថ្ងៃទី២៧ ធ្នូ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប (ចាស់) អភិបាលរងខេត្តសៀមរាប លោក លី សារី បង្ហាញពីមោទកភាព ដែលព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំនៅខេត្តទេសចរណ៍មួយនេះ។ លោក បានចាត់ទុកការចូលរួមរបស់សាធារណជនទាំងកម្លាំង និងធនធាន ថាកំពុងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងជ្រោមជ្រែងការងារអភិរក្សខ្លែងរបស់ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។
បើតាមការបញ្ជាក់ពី លោក មួន សុភាព ក្រសួងវប្បធម៌ គ្រោងរៀបចំឯកសារពាក់ព័ន្ធនានា ដើម្បីស្នើសុំចុះបញ្ជីខ្លែងឯក ចូលជាសម្បត្តិបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូផងដែរ។ ដូច្នេះហើយ តាមរយៈព្រឹត្តិការណ៍នានា ធ្វើឡើងក្នុងស្មារតីបំផុសចលនាមហាជន ឱ្យចាប់អារម្មណ៍ និងលេងកម្សាន្តកីឡានេះឱ្យបានច្រើន ដើម្បីជាដើមទុនសំខាន់ក្នុងការរៀបចំឯកសារនាពេលអនាគត៕

ខ្លែងឯកដែលចូលរួមក្នុងព្រឹត្តិការណ៍នៅខេត្តសៀមរាប។

ការចូលរួមពីស្ថាប័ននានាក្នុងខេត្តសៀមរាបក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី។

ខ្លែងឯករបស់វិស័យឯក
អ្នកសរសេរអត្ថបទ
អ៊ីសា រ៉ហានី (Isa Rohany) មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាងបានចូលធ្វើការជាអ្នកសារព័ត៌មាននៅគេហទំព័រសារព័ត៌មានថ្មីៗនៅដើមឆ្នាំ២០១៣ ក្រោយទទួលការបណ្តុះបណ្តាលវគ្គខ្លីលើជំនាញសារព័ត៌មានពីអ្នកកាសែតជើងចាស់។ ចាប់ពីឆ្នាំ២០១៤មក អ៊ីសា រ៉ហានី គឺជាសហការីរបស់សារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ដោយផ្តោតលើព័ត៌មានចម្រុះ។ អ៊ីសា រ៉ហានី បញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញ សេដ្ឋកិច្ច នៅឆ្នាំ២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: