នយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្រ្ត DIFID របស់សម្ដេច ហ៊ុន សែន
- ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ២:៥៩ នាទី រសៀល

នយោបាយឈ្នះ-ឈ្នះ នេះ ត្រូវបានសម្តេច ហ៊ុន សែន ដាក់ចេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នាពេលនោះ បានឱ្យតម្លៃខ្ពស់លើគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញលើកដំបូង នារយៈពេល៥០០ឆ្នាំ បើគិតចាប់ពីរជ្ជកាលព្រះបាទពញាយ៉ាត (១៤២១-១៤៦៣) បុត្ររបស់ព្រះបាទស្រីសុរិយោវង្សទី១ ។

សារព័ត៌មានឌីជីថលថ្មីៗ សូមមិនលម្អិតពីប្រវត្តិសាស្ត្រក្នុងរជ្ជកាលរបស់ព្រះបាទពញាយ៉ាត និងសម័យកាលបន្តបន្ទាប់ពីរាជរបស់ព្រះអង្គឡើយ។ យើងខ្ញុំសូមលើកយកត្រឹមសម័យកាលនៃការដួលរំលំរបបខ្មែរក្រហមនៃការប្រល័យពូជសាសន៍ និងការដាក់ចេញនយោបាយឈ្នះ-ឈ្នះ មកបកស្រាយក្នុងអត្ថបទនេះប៉ុណ្ណោះ។
មុនការដួលរលំរបបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺមានរណសិរ្សមួយ បានបង្កើតឡើងមានឈ្មោះថា«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ «១១ខ» របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះរួមមានសម្តេច ហេង សំរិន ,សម្តេច ជា ស៊ីម (មរណភាពឆ្នាំ២០១៥) សម្តេច ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ។ រណសិរ្សនេះ រៀបចំឡើងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជម្នះលើរបបនេះជាផ្លូវការ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ក្រោយមក«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»នេះ ត្រូវបានប្ដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា ។

បន្ទាប់ពីរំដោះកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះបានត្រឹមមួយថ្ងៃ ពោលគឺនៅថ្ងៃទី ៨ មករា ១៩៧៩ រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា «ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា» ត្រូវបានបង្កើតឡើង ហើយពេលនោះ សម្ដេច ហ៊ុន សែន ត្រូវបានតែងតាំងជា «រដ្ឋមន្រ្តីការបរទេស» ក្នុងវ័យមិនទាន់គ្រប់អាយុ ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេនៅលើពិភពលោក។ នេះបើតាមការអះអាងជាញឹកញយរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។
១២ឆ្នាំក្រោយមក កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ បានបង្កើតឡើង នៅថ្ងៃទី២៣ តុលា ១៩៩១។ កិច្ចព្រមព្រៀងនេះ មានឈ្មោះថា«សន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស» ដែលមានភាគីជម្លោះចំនួន៤ ចុះហត្ថលេខា ដោយមានវត្តមានសាក្សីពីប្រទេស១៨ទៀត រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ។ ភាគីជម្លោះកម្ពុជាទាំង៤រួមមាន ភាគីរដ្ឋកម្ពុជា ,ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។
ភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជាដឹកនាំរដ្ឋាភិបាល រួមមានលោក ហេង សំរិន, លោក ជា ស៊ីម និងលោក ហ៊ុន សែន ដែលគ្រប់គ្រងទឹកដីជាង ៩០ភាគរយ, ភាគី ហ្វ៊ុន ស៊ិនប៉ិច ដែលពេលនោះ ព្រះរាជដឹកនាំដោយសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោក សឺន សាន និងភាគី កម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត និងខៀវ សំផន។

មុននឹងបង្កើតកិច្ចព្រមព្រៀងនេះ ភាគីខ្មែរដែលសុទ្ធតែមានបំណងចង់បញ្ចប់សង្គ្រាមនៅកម្ពុជា បានបង្កើតជំនួបចរចាលើកទី១ រវាងលោក ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ដែលជំនួបនោះ បានប្រព្រឹត្តទៅលើកដំបូងនៅ Fere-En-TARDENOIS ក្នុងប្រទេសបារាំង នាថ្ងៃទី២ ដល់៤ ធ្នូ ១៩៨៧។ ក្រោយមកក៏មានការចរចារវាង សីហនុ-ហ៊ុន សែន លើកទី២ ប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ មករា ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ក្នុងប្រទេសបារាំងដដែល។
កម្ពុជា ឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ,ដំណាក់កាលច្បាំងផង និងចរចាផង ហើយក៏មានអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់អ៊ុនតាក់ (UNTAC) ដែលមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា ឆ្នាំ១៩៩៣ មកជួយផងដែរ។ ប៉ុន្តែអ៊ុនតាក់ មិនអាចសម្រេចបានទាំងស្រុង ទៅតាមអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងប៉ារីសឡើយ ហើយអ៊ុនតាក់ ដកខ្លួនចេញពីកម្ពុជា ក៏បានបន្សល់ទុកឱ្យកម្ពុជា នូវតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរទៀតផង ដោយខ្មែរក្រហម នៅតែគ្រប់គ្រងកាន់កាប់ទឹកដីមួយផ្នែក នៅប៉ែកខាងលិចប្រទេស។ ព្រឹត្តិការណ៍ធំៗទាំងនេះ មិនទាន់អាចបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាឡើយ ។
ដូច្នេះដើម្បីស្វែងរកសន្តិភាពទាំងស្រុងនៅកម្ពុជានោះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញ និងអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ពីឆ្នាំ១៩៩៦-១៩៩៨។ នយោបាយឈ្នះ- ឈ្នះ មានចំណុចសំខាន់ៗចំនួន៣ គឺទី១ ការធានាដល់អាយុជីវិត និងសុវត្ថិភាពរបស់អតីតគូបដិបក្ស ,ទី២ ការផ្តល់ការងារ និងអាជីពដល់អ្នកដែលបានដាក់អាវុធ និងទី៣ ការទទួលស្គាល់កម្មសិទ្ធិលើទ្រព្យ ជាពិសេសដី និងអគារដែលពួកគេកាន់កាប់។
ហេតុផលមួយទៀត ដែលនាំឱ្យគោលនយោបាយឈ្នះ-ឈ្នះនេះ ទទួលបានផ្លែផ្កា និងបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនោះ ក៏ដោយសារការដាក់ចេញនូវយុទ្ធសាស្រ្ត DIFID ដែរ។ យុទ្ធសាស្រ្ត DIFID មិនមែនជាគោលនយោបាយនោះទេ ប៉ុន្តែជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តផ្សេងទៀត នៃនយោបាយឈ្នះ-ឈ្នះនេះ។

តើអ្វីទៅជាយុទ្ធសាស្រ្ត DIFID ? ហេតុអ្វីបានជាចាំបាច់ប្រើប្រាស់យុទ្ធសាស្រ្ត DIFIDនេះ?
យុទ្ធសាស្រ្ត DIFID គឺមានគោលបំណងដ៏ធំមួយ ក្នុងការកម្ចាត់អង្គការចាត់តាំងនយោបាយ និងក្រុមយោធាខ្មែរក្រហម។ យុទ្ធសាស្រ្ត DIFID នេះ មកពីអក្សរអង់គ្លេសចំនួន៥ ដោយមានន័យដូចតទៅ៖
D=Divide មានន័យថា «បំបែក» គឺសំដៅដល់ការបំបែកកម្លាំងខ្មែរក្រហម និងគូបដិបក្ខជាផ្នែកៗ ជាកង់ៗ ឱ្យដាច់ពីគ្នា ដើម្បីឱ្យបាត់បង់ការឯកភាព និងការគ្រប់គ្រងដឹកនាំ។
I=Isolate មានន័យថា «ដាក់ឱ្យនៅដាច់ដោយឡែក ឬឱ្យនៅឯកោ» គឺសំដៅលើការបំបែកកម្លាំងទាំងនោះឱ្យនៅឯកោ និងចុះទន់ខ្សោយ ហើយបាត់បង់មូលដ្ឋានគាំទ្រទាំងនយោបាយសេដ្ឋកិច្ច និងកម្លាំងប្រជាជន ដោយនឹងស្វែងរកកម្លាំងបង្អែកថ្មី។
F=Finish មានន័យថា «បិទបញ្ចប់» គឺសំដៅដល់ការធ្វើឱ្យកម្លាំងសត្រូវចុះខ្សោយ ការផ្ដល់ជម្រកតាមគោលនយោបាយ ដើម្បីឱ្យកម្លាំងសត្រូវទាំងនោះ បញ្ចប់សកម្មភាពប្រយុទ្ធ និងប្រឆាំងតាមយុទ្ធនាការផ្សេងៗ។
I=Integrate មានន័យថា «ការធ្វើសមាហរណកម្ម» គឺសំដៅដល់ការជំរុញគ្រប់មធ្យោបាយ ឱ្យដល់ការធ្វើសមាហរណកម្មទៅវិញទៅមក មានន័យថា កម្លាំងរដ្ឋាភិបាល បានចុះផ្ទាល់ដល់មូលដ្ឋាន ដែលធ្លាប់គ្រប់គ្រងដោយខ្មែរក្រហម ហើយបង្កលក្ខខណ្ឌធានាសព្វយ៉ាង ដើម្បីឱ្យកម្លាំងខ្មែរក្រហមធ្វើសមាហរណកម្មមកក្នុងកម្លាំងរដ្ឋាភិបាល ដោយឥតលក្ខខណ្ឌ។
D=Develop មានន័យថា «អភិវឌ្ឍន៍» គឺសំដៅដល់ការអភិវឌ្ឍតំបន់ និងមូលដ្ឋាននានាទាំងមូល ដើម្បីរក្សាបាននូវប្រសិទ្ធភាពគ្រប់គ្រងដឹកនាំបញ្ជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាបន្ទាន់ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម ដើម្បីបម្រើឱ្យសមាហរណកម្មផ្ទៃក្នុង។
ដូច្នេះហើយទើបសម្ដេច ហ៊ុន សែន សម្រេចដាក់ចេញយុទ្ធសាស្រ្ត DIFID នេះ ដើម្បីកម្ចាត់អង្គការចាត់តាំងនយោបាយ និងកម្លាំងយោធាខ្មែរក្រហម។ នោះក៏ព្រោះតែមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមនេះ មិនព្រមអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយរក្សាកម្លាំងមូលដ្ឋានទ័ពនៅតាមព្រំដែន និងមានការផ្ទុះអាវុធជាញឹកញយជាមួយកម្លាំងរដ្ឋាភិបាល ហើយនៅតែបង្កការភិតភ័យដល់ពលរដ្ឋក្នុងតំបន់ និងហានិភ័យនៃការវិលត្រឡប់មកវិញ នៃសង្គ្រាមស៊ីវិលទូទាំងប្រទេស។
ដោយសារមើលឃើញពីបញ្ហាទាំងនេះ ទើបសម្ដេច ហ៊ុន សែន ឈ្វេងយល់ឃើញថា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញបាន គឺមានតែរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមឱ្យខាងតែបាន។ ព្រោះថា បើអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមមួយនេះ មិនរលាយទេ សន្តិភាពក៏មិនអាចកើតឡើងបានដែរ ដូច្នេះសម្ដេច ហ៊ុន សែន ក៏បានដាក់ចេញគោលដៅមួយច្បាស់លាស់ក្នុងការរំលាយអង្គការ និងយោធាខ្មែរក្រហមនេះ តាមរយៈយុទ្ធសាស្រ្ត DIFID។ យុទ្ធសាស្រ្តនេះ គឺដើម្បីយកឈ្នះលើគ្រប់ភាគីដោយសន្តិវិធី និងមិនឱ្យខ្មែរបង្ហូរឈាមដាក់គ្នា តាមរយៈភ្លើងសង្គ្រាមទៀតឡើយ។

នៅត្រង់ចំណុចនេះ ប្រាកដជាមានមតិផ្ទុយគ្នាលើកឡើងថា គោលនយោបាយឈ្នះ-ឈ្នះ កើតឡើងក្រោយថ្ងៃទី៧ មករា ១៩៧៩ ដែលចាត់ទុកជាថ្ងៃកំណើតទីពីរ និងថ្ងៃទី២៣ តុលា ១៩៩១ នៃសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មតិផ្ទុយនេះ ហាក់មិនសូវឱ្យតម្លៃលើនយោបាយឈ្នះ-ឈ្នះ របស់រដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ឡើយ។
ផ្ទុយពីការយល់ឃើញទាំងនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានពន្យល់ច្រើនដងហើយថា ក្រោយរំដោះប្រទេសជាតិ ថ្ងៃទី៧ មករា ១៩៧៩ មិនបានធ្វើឱ្យប្រទេសជាតិបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងឡើយ ខណៈកម្លាំងទ័ពខ្មែរក្រហមនៅតាមតំបន់ព្រំដែន និងកម្លាំងគ្រប់ភាគីនៅបន្តប្រឈមមុខដាក់គ្នា។
ដ្បិតលេចចេញកិច្ចព្រៀមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១ ហើយក្តី ក៏មិនអាចអូសទាញអ្នកនយោបាយខ្មែរ និងអ្នកជាតិនិយម មកធ្វើការជាមួយគ្នាបាន ខណៈស្ថានភាពផ្ទុះសង្គ្រាមស៊ីវិលឡើងវិញ ងាយនឹងកើតឡើងជាថ្មី។ ចំណែកអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់អ៊ុនតាក់ (UNTAC) ដែលមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជា ឆ្នាំ១៩៩៣ និងចំណាយថវិកា ២០០០លានដុល្លារនោះ ក៏មិនអាចធានាពីនិរន្តរភាពសន្តិសុខ នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានស្ថានភាពផ្ទុះអាវុធ ថ្ងៃទី៥-៦កក្កដា ១៩៩៧ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ចោទគ្នាទៅវិញទៅមក ថាជាការធ្វើរដ្ឋប្រហារគ្នាផង។
ចំណុចទាំងនេះហើយ ទើបមេដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់រូប ឱ្យតម្លៃលើគោលនយោបាយឈ្នះ-ឈ្នះ។ តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងថ្នាក់ដឹកនាំ មន្ត្រីបក្ស ដែលដឹកនាំរដ្ឋាភិបាល ចាត់ទុកជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់នូវដំណាក់កាលសង្គ្រាម, ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងដំណាក់កាលសង្គ្រាមផង-ចរចាផង រហូតឈានដល់ការបង្រួបបង្រួមជាតិ។
គិតមកដល់ពេលនេះ គឺរយៈពេល២៦ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសន្តិសុខ សុវត្ថិភាព សុខសន្តិភាពពេញលេញ និងឈានទៅរកការអភិវឌ្ឍប្រទេសជាតិ ក្រោយបញ្ចប់សង្គ្រាមទាំងស្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: