សៀវភៅ«សំឡេងស្វែងរកយុត្តិធម៌ចេញពីផ្នូរសពរួម ដែលមិនមែនជាការសងសឹក» បង្ហាញការពិតនៃរបបខ្មែរក្រហម
- ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

សៀវភៅ«សំឡេងស្វែងរកយុត្តិធម៌ចេញពីផ្នូរសពរួម ដែលមិនមែនជាការសងសឹក» កម្រាស់១៤០០ទំព័រ សរសេរ និងចងក្រងដោយលោក កង ឫទ្ធិគិរី អតីតសាស្រ្តចារ្យ និងជាអតីតមេធាវីការពារក្តីឱ្យមេដឹកនាំខ្មែរក្រហម នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ បើតាមលោក គិរី សៀវភៅមួយក្បាល មានបំណងបង្ហាញការពិតពីរបបខ្មែរក្រហម ដោយមិនលាយឡំជាមួយរឿងនយោបាយឡើយ។

នៅក្នុងសៀវភៅកម្រាស់១៤០០ទំព័រនេះ គឺចង់បង្ហាញពីមូលហេតុកកើតឡើងនៃរបបខ្មែរក្រហម និងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយសាររបបខ្មៅងងឹតនេះ។ ក្នុងសៀវភៅនេះ លោក កង ឫទ្ធិគិរី បានលម្អិតតាំងពីរាជរបស់ព្រះបាទ អង្គ ឌួង រហូតមកដល់របបខ្មែរក្រហម និងការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្រោយរបបផ្ដាច់ការនេះ ដួលរំលំ។
មូលហេតុដែលលោក គិរី សម្រេចចិត្តសរសេរ និងចងក្រងសៀវភៅនេះឡើង ដើម្បីរក្សាផ្ទុកនូវទិន្នន័យពិតប្រាកដ ជាពិសេសស្វែងការពិតនៃយុត្តិធម៌សម្រាប់ជនរងគ្រោះ , ការផ្ដល់នូវចំណេះដឹងនៃប្រវត្តិសាស្រ្ត និងផ្លូវច្បាប់ សម្រាប់ដាក់ទោសអ្នកប្រព្រឹត្តបទឧក្រិដ្ឋប្រវត្តិសាស្រ្ត និងរក្សាការចងចាំពីប្រវត្តិសាស្រ្តជាតិ នៅក្នុងកំណត់ហេតុក្នុងសៀវភៅនេះ។
សូមទស្សនាវីដេអូសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក កងឫទ្ធិគិរី អតីតសាស្រ្តចារ្យ និងជាអតីតមេធាវីការពារក្តីឱ្យមេដឹកនាំខ្មែរក្រហម នៃតុលាការកាត់ក្តីខ្មែរក្រហមដូចតទៅ៖
បើតាមលោក គិរី សៀវភៅមួយក្បាលនេះ នឹងក្លាយជាឯកសាររស់ និងភស្តុតាងជាក់ស្ដែង សម្រាប់យុវជនជំនាន់ក្រោយ យកធ្វើជាឯកសារយោង និងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ត្រង់ចំណុចនេះ អតីតមេធាវីការពារក្តីឱ្យមេដឹកនាំខ្មែរក្រហម បានពន្យល់ថា ក្នុងសៀវភៅនេះ គឺមានភស្តុតាងជាក់ស្ដែង ដោយភ្ជាប់ជាមួយលេខកូដ និងទីតាំងពិតប្រាកដ។
សម្រាប់លោក គិរី សៀវភៅមួយក្បាលនេះ មិនមានភ្ជាប់និន្នការនយោបាយឡើយ ពោលគឺពាក់ព័ន្ធនឹងផ្លូវច្បាប់សុទ្ធសាធ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ សម្រាប់ដាក់ទោសអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: