និយាយអង់គ្លេស៖ មោទនភាព ឬក្តីបារម្ភសម្រាប់ភាសាជាតិ?
- ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ម៉ោង ១១:០៩ នាទី ព្រឹក

ឈានជើងចូលទៅក្នុងផ្សារទំនើបដ៏មមាញឹកមួយក្នុងរាជធានីភ្នំពេញ យើងសង្កេតឃើញថា កុមារកម្ពុជាមួយក្រុមទំនាក់ទំនងគ្នាភាគច្រើន ជាភាសាអង់គ្លេស ជាមួយនឹងការប្រើប្រាស់គ្រាមភាសា ពាក្យកាត់ ឬអាចហៅបានម្យ៉ាងថា «ភាសារបស់យុវជនជំនាន់ឌីជីថល Gen Z»។

តើយើងគួរតែអបអរសាទរ យុវជនកម្ពុជា ដោយបច្ចុប្បន្ន អាចប្រើប្រាស់ភាសាបរទេស ឬក៏មានកង្វល់អំពីប្រឈមចំពោះការបាត់បង់ភាសាខ្មែរ ដែលជាភាសាកំណើត?
ភាសាអង់គ្លេស ត្រូវបានបញ្ចូលក្នុងប្រព័ន្ធអប់រំជាតិ ចាប់ពីឆ្នាំ១៩៨៩ បន្ទាប់ពីសម័យខ្មែរក្រហមត្រូវបានបញ្ចប់។ ភាសានេះ មានវត្តមានជាមួយភាសាបារាំង ជាភាសាបរទេសផ្លូវការ ដែលស្ថិតក្នុងកម្មវិធីសិក្សានាអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០។
ជាមួយនឹងកំណើនចំនួននៃសាលាភាសាអន្តរជាតិ ដូចដែលបានឃើញនៅក្នុងក្រុង កុមារខ្មែរនាពេលបច្ចុប្បន្ននេះ កាន់តែមានភាពងាយស្រួលក្នុងការក្រេបយកចំណេះដឹងភាសា និងវប្បធម៌បរទេស ដែលមាតាបិតារបស់ពួកគេយល់ឃើញថា ជាការបើកទូលាយចំពោះឱកាសនានានាពេលអនាគត។
លោក វង្ស សេរីវឌ្ឍនៈ ឪពុកនៃកូនពីរនាក់ បានបញ្ជូនកូនឱ្យចូលរៀនកម្មវិធីភាសាខ្មែរ និងអង់គ្លេសក្នុងពេលតែមួយ ដោយលោក ជឿជាក់ថា ភាពស្ទាត់ជំនាញ ពិសេសក្នុងការនិយាយភាសាអន្តរជាតិ ជាវិថីដ៏បើកចំហរសម្រាប់ច្រកអនាគតរបស់កូនៗរបស់លោក។
នៅផ្ទះ គាត់និយាយពីរភាសាជាមួយពួកគេ។ លោកបញ្ជាក់ថា កូនប្រុសអាយុ៧ឆ្នាំរបស់គាត់ ចូលចិត្តនិយាយភាសាអង់គ្លេស ប៉ុន្តែនៅកម្រិតដែលត្រូវអភិវឌ្ឍបន្ថែម។
«ខ្ញុំមិនប្រាកដថា តើខ្ញុំគួរព្រួយបារម្ភថាពួកគេអាចបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរ ឬយ៉ាងណានោះឡើយ ព្រោះខ្ញុំនិយាយភាសាទាំងពីរទៅកាន់ពួកគេ»។ លោក វឌ្ឍនៈ ពន្យល់យ៉ាងដូច្នេះ ដោយបន្ថែមថា៖ «នៅសាលារៀន ពួកគេនិយាយភាសាអង់គ្លេសច្រើន។ ពេលខ្លះ ខ្ញុំត្រូវដាក់កំហិត និងគ្រប់គ្រងការនិយាយភាសាអង់គ្លេសរបស់ពួកគេនៅទីសាធារណៈ ពោលគឺនៅពេលដែលខ្ញុំមិនពិនិត្យឃើញថា មិនសូវសម។
កញ្ញា គាំ ម៉ាកសី ដែលមានក្មួយស្រីអាយុ៧ឆ្នាំម្នាក់កំពុងរៀនភាសាខ្មែរ អង់គ្លេស និងចិន កត់សម្គាល់ឃើញថា ក្មួយស្រីខ្លួនប្រើអង់គ្លេសច្រើនជាងខ្មែរ ដោយសារតែទម្លាប់មើលខ្លឹមសារជាភាសាអង់គ្លេស។ កញ្ញាបន្ថែមថា ការឱ្យក្មួយស្រីចូលរៀនភាសាច្រើន ទាំងវ័យក្មេង អាចបើកចំហរឱកាសច្រើនសម្រាប់នាង ខណៈប្រទេសជាតិមានការអភិវឌ្ឍន៍យ៉ាងលឿន ដោយនឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយអាចបន្តទៅជាប្រទេសចំណូលខ្ពស់។
កញ្ញា លើកឡើងថា៖ «ខ្ញុំទទួលស្គាល់ថា ក្មួយស្រីខ្ញុំប្រើភាសាអង់គ្លេសច្រើន។ ពេលខ្លះ យើងត្រូវពន្យល់នាងជាភាសាអង់គ្លេសសម្រាប់ពាក្យខ្មែរមួយចំនួន។ តែទោះបីជាយ៉ាងណាក៏ដោយ យើងក៏បង្រៀនភាសាខ្មែរនាងបន្ទាប់ពីសាលាផងដែរ ហើយថែមទាំងព្យាយាមនិយាយទៅកាន់នាងទាំងពីរភាសា»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញពីក្តីកង្វល់របស់ខ្លួនចំពោះការធ្លាក់ចុះនៃការប្រើប្រាស់ភាសាខ្មែរក្នុងចំណោមយុវជនកម្ពុជា ដោយសម្តេចបានបង្ហើបឱ្យដឹងថា មន្តី្រមួយចំនួនរបស់រដ្ឋាភិបាល ពិបាកសរសេរប្រយោគឱ្យបានត្រឹមត្រូវ។
ម្តងហើយម្តងទៀត សម្តេចបានអះអាងពីអាទិភាពនៃជំនាញភាសាខ្មែរ ដែលផ្តោតនៅតាមសាលារៀន ជាពិសេសនៅកម្រិតបឋមសិក្សា ដើម្បីប្រើប្រាស់ភាសាផ្លូវការឱ្យត្រឹមត្រូវ ដោយសារកត់សម្គាល់ថា សូម្បីតែកុមារដើមកំណើតភាសាអង់គ្លេស នាពេលបច្ចុប្បន្ន ក៏ចាប់ផ្តើមប្រើប្រាស់ភាសាមិនផ្លូវការកាន់តែច្រើន ដែលនេះ គឺជាកង្វល់សម្រាប់ពិភពលោកទាំងមូល។
ក្នុងកម្មវិធីមួយ កាលពីថ្ងៃទី២៣ ខែធ្នូ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការសិក្សាពង្រឹងភាសាខ្មែរ និងគណិតវិទ្យា គឺជាមូលដ្ឋានដ៏រឹងមាំ ឈានទៅរកការរីកចម្រើន ដោយបង្រៀនមនុស្សឱ្យចេះសរសេរ និងអានលើក្រដាស និងសៀវភៅ មុននឹងឈោងចាប់យកឧបករណ៍ឌីជីថល។
ភាសាខ្មែរមួយមុខ មិនគ្រប់គ្រាន់ឡើយ
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ការរៀនភាសាបរទេស មានសារសំខាន់ក្នុងការតាមឱ្យទាន់សាកលវភារូបនីយកម្ម និងការវិវត្តយ៉ាងឆាប់រហ័សនៅលើពិភពលោក។ តែអ្នកតាមដានសង្គមរូបនេះ អះអាងថា លោកមិនមែនជំរុញការរៀនភាសាបរទេស ដោយបំភ្លេចភាសាខ្មែរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជាតិ និងការអភិវឌ្ឍខ្លួនឯងនោះឡើយ។
«ប្រព័ន្ធអប់រំ ត្រូវតែមានការបែងចែកច្បាស់លាស់ក្នុងការសិក្សាភាសាជាតិ រួមជាមួយភាសាបរទេស ដោយធានាថា សិស្សមានមូលដ្ឋានគ្រឹះដ៏រឹងមាំលើភាសាកំណើតរបស់ខ្លួន»។ លោក ចន្ទរឿន បានលើកឡើងយ៉ាងដូច្នេះ ដោយបន្ថែមថា ឪពុកម្តាយត្រូវតែបង្កើតទម្លាប់និយាយភាសាខ្មែរជាមួយកូនៗ ដើម្បីឱ្យពួកគេចេះស្ទាត់ជំនាញទាំងពីរភាសា។
លោក វង្ស សេរីវឌ្ឍនៈ ដែលជាអ្នកជំនាញអប់រំមួយរូប ហើយបានប្រឡូកក្នុងវិស័យនេះ អស់រយៈពេលជាង១០ឆ្នាំមកហើយនោះ បានសង្កេតឃើញថា សិស្សដែលរៀននៅសាលាអន្តរជាតិ ចូលចិត្តប្រើប្រាស់ភាសាបរទេសជាងភាសាកំណើតរបស់ខ្លួន ដោយសារបរិយាកាសជុំវិញ និងការយល់ឃើញពីទីផ្សារការងារធំទូលាយ។
លោកថា ឪពុកម្តាយមួយចំនួន ចង់ឱ្យកូនៗ រៀនភាសាបរទេស ជាភាសាចម្បង ហើយអក្ខរក្រមភាសាអង់គ្លេស មានភាពងាយស្រួលរៀនជាង ដោយសារតែក្មេងៗ បានរៀនជាមួយគ្រូដែលជាជនជាតិដើម។ «ខ្ញុំយល់ស្របដែលថា ក្មេងៗសព្វថ្ងៃនេះ និយាយភាសាអង់គ្លេសប្រសើរជាងភាសាកំណើតរបស់ខ្លួន ដោយសារតែពួកគេបានជ្រួតជ្រាបក្នុងរឿងជាច្រើន ជាពិសេសក្នុងយុគសម័យបណ្តាញសង្គម»។
លោក វឌ្ឍនៈ បានបង្ហាញពីកង្វល់ទាក់ទងនឹងក្មេងៗដែលនិយាយភាសាបរទេសនៅទីសាធារណៈ ដោយគូសបញ្ជាក់ថា ចេតនារបស់ពួកគេអាចខុសៗគ្នា ព្រោះមនុស្សជាញឹកញាប់ ចូលចិត្តធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍។ ទោះបីជាយ៉ាងណាក៏ដោយ លោកលើកឡើងថា ការប្រើប្រាស់ភាសាបរទេស មិនមែនជាហេតុចម្បងនាំឱ្យបាត់បង់ភាសាកំណើតនោះឡើយ ដូចបានឃើញនៅសិង្ហបុរី និងហុងកុង ដែលអង់គ្លេសជាភាសាពិធីការអន្តរជាតិ ប៉ុន្តែចិនកាតាំងនៅតែជាភាសាកំណើត។
លោកបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋនិយមជាងចំពោះការប្រើប្រាស់ភាសាបរទេស ព្រោះវាជួយជំរុញសេដ្ឋកិច្ចរបស់យើង។ ទោះយ៉ាងណា ការលើកកម្ពស់សីលធម៌ បទដ្ឋានសង្គម និងការការពារភាសាកំណើត មិនមែនតែជាការងាររបស់យើងទូទៅប៉ុណ្ណោះទេ តែវាជាក៏ស្ថិតក្នុងក្រោមគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ»។
ដូចលោក វឌ្ឍនៈដែរ លោក ចន្ទរឿន មានសុទិដ្ឋនិយមអំពីការអភិវឌ្ឍ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ប្រសិនបើពលរដ្ឋខ្មែរកាន់តែច្រើនអាចទំនាក់ទំនងជាភាសាអង់គ្លេស និងភាសាសាកលផ្សេងៗទៀត។
បើតាមអ្នកតាមដានសង្គមរូបនេះ វាបង្ហាញពីតុល្យភាព។ លោកលើកឡើងថា៖ «ក្មេងៗរៀនកាន់តែប្រសើរនៅពេលពួកគេមានឧបករណ៍សម្ភារៈ ដែលអាចជួយឱ្យពួកគេទទួលបានមាតិកាទាំងនេះ។ ដូច្នេះ ការពិចារណាលើយុទ្ធសាស្ត្រជំរុញយុវជនឱ្យធាន និងសរសេរភាសាខ្មែរឱ្យបានច្រើន គឺជាកត្តាចាំបាច់បំផុត»។
លោក វង្ស សេរីវឌ្ឍនៈ សង្កេតឃើញថា ភាគច្រើន ប៉ុន្តែមិនទាំងអស់នោះទេ គឺសាលាអន្តរជាតិ ផ្តោតខ្លាំងលើភាសាបរទេស ខណៈរដ្ឋាភិបាលចង់ឱ្យភាសាខ្មែរ ជាភាសាអាទិភាពកំពូល។ លោកថា៖ «ការពង្រឹងភាសាខ្មែរនៅតាមសាលា គឺជារឿងល្អ ប៉ុន្តែរដ្ឋាភិបាលក៏គួរតែមានការលើកទឹកចិត្តដល់អ្នកដែលអាចនិយាយភាសាខ្មែរបានល្អ ក្នុងការលើកស្ទួយវប្បធម៌ខ្មែរ និងលើកកម្ពស់សហគ្រិនភាព»។
លោកជឿថា ការធ្វើបែបនេះ នឹងជួយពលរដ្ឋខ្មែរស្រួលរកការងារធ្វើ ដូចជានៅប្រទេសមួយចំនួន ឱកាសការងារភាគច្រើន គឺសម្រាប់អ្នកដែលចេះនិយាយភាសាជាតិរបស់ខ្លួន។ ឱកាសសេដ្ឋកិច្ច គឺជាហេតុផលចម្បងសម្រាប់ការផ្តល់តម្លៃភាសាកំណើត។
គម្លាតនៃចំណេះភាសាអង់គ្លេសនៅក្រុង និងជនបទ
នៅក្នុងទីក្រុង យើងឃើញភាសាអង់គ្លេស មានការនិយាយយ៉ាងទូលំទូលាយ ប៉ុន្តែវាមិនដូចគ្នានោះឡើយសម្រាប់កុមារដែលរស់នៅតំបន់ជនបទ។
តំបន់ទីក្រុង មានកម្រិតអក្ខរកម្មខ្ពស់ជាងកុមារ និងយុវជន លើគ្រប់ភាសា ដែលបង្ហាញឱ្យឃើញពីភាពខុសគ្នាលើកម្រិតអភិវឌ្ឍន៍ជាទូទៅរវាងទីក្រុង និងជនបទ។ របាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ២០២២នេះ ប្រើបាស់ទិន្នន័យពីជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។
គោលនយោបាយសម្រាប់ការអប់រំ និងអនក្ខរកម្មជាសាកល បានកាត់បន្ថយអត្រាគម្លាតអត្រាអក្ខរកម្មរវាងទីក្រុង និងជនបទ ជាមួយនឹងគម្លាត ១,៩ភាគរយសម្រាប់កុមារអាយុពី៧ ដល់១៤ឆ្នាំ និង៤,៣ភាគរយសម្រាប់យុវជនអាយុពី១៥ ដល់២៤ឆ្នាំ។
ការសិក្សាដដែលបានបង្ហាញថា ៩៣,៨ភាគរយនៃកុមារអាយុពី៧ ដល់១៤ឆ្នាំ និង ៨៧,៦ភាគរយនៃយុវជនអាយុពី១៥ទៅ២៤ឆ្នាំ មានចំណេះដឹងលើភាសាខ្មែរ ជាមួយនឹង ៣,៤ភាគរយ ចេះភាសាខ្មែរ និងអង់គ្លេស ហើយ ២,២ភាគរយ ចេះភាសាខ្មែរ និងភាសាផ្សេងទៀតក្រៅពីអង់គ្លេស។
លោក ប៉ា ចន្ទរឿន បានលើកឡើងថា កុមារនៅជនបទ មានកម្រិតនៃការទទួលបាននូវសម្ភារ ដូចជាសៀវភៅ ឬឧបករណ៍នានា ដែលអាចប្រើប្រាស់ដើម្បីរៀនភាសាអង់គ្លេស ហើយបង្កើតបានទៅជាគម្លាតនៃការអប់រំផ្នែកភាសា។
លោកកត់សម្គាល់ថា៖ «សម្ភារឧបទេសបង្រៀនភាសាអង់គ្លេស មានសម្បូរបែបនៅសាលា និងសម្រាប់កុមារនៅទីក្រុង។ ខ្ញុំអាចនិយាយបានថា សម្ភារឧបទេសជាភាសាអង់គ្លេស មានច្រើនជាងភាសាខ្មែរ។ ខ្ញុំមិនមែនរិះគន់ឡើយ ប៉ុន្តែយើងត្រូវដៅឱ្យចំបញ្ហា និងរកដំណោះស្រាយទាំងអស់គ្នា»។
លោក វង្ស សេរីវឌ្ឍនៈ ក៏មើលឃើញដូចគ្នាផងដែរចំពោះគម្លាតអប់រំភាសាអង់គ្លេសនៅទីក្រុង និងជនបទ។ ទោះជាយ៉ាងនេះក្តី តំបន់ទាក់ទាញទេសចរ ដូចជា សៀមរាប និងខេត្តព្រះសីហនុ ផ្តល់ឱកាសសម្រាប់កុមារក្នុងការអភិវឌ្ឍជំនាញភាសាអង់គ្លេសរបស់ពួកគេ ខណៈសាលាភាសាបំពេញតម្រូវការការងារនៅក្រុងដែលមានជនបរទេសច្រើន ដូចជាភ្នំពេញ ជាដើម។
លោកថា៖ «ខ្ញុំមានចម្ងល់ថា ហេតុអ្វីរដ្ឋាភិបាលមានកង្វល់ទាក់ទងនឹងការប្រើប្រាស់ភាសាបរទេស ខណៈវាពិតជាមានផលប្រយោជន៍ក្នុងចរន្តសកលភាវូបនីយកម្ម។ បញ្ញាសិប្បនិម្មិត (AI) ទាមទារឱ្យមានចំណេះដឹងភាសាអង់គ្លេស។ យើងចង់ប្រកាន់យកជាតិនិយម និងសីលធម៌សង្គម ដូច្នេះគួរតែមានគោលនយោបាយច្បាស់លាស់ក្នុងការលើកកម្ពស់ភាសាជាតិ»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: