Amorim មើលឃើញកីឡាករ Man Utd មួយចំនួន គ្មានជំនឿចិត្តឈ្នះ Liverpool
- ថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ទទួល Manchester United ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី៥ ខែមករា។ Ruben Amorim មើលឃើញថាកីឡាករ Man Utd មួយចំនួន ភ័យខ្លាច និងគ្មានជំនឿចិត្តដណ្តើម៣ពិន្ទុពីគូប្រជែងហង្សក្រហមឡើយ។

លោក Amorim ដែលចាកចេញពី Sporting CP ទៅកាន់ Old Trafford ជំនួសលោក Erik ten Hag នៅមិនទាន់ទទួលបានផលវិជ្ជមានណាមួយនៅឡើយទេ។ ក្រុមបិសាសក្រហមចាញ់ ៤ ប្រកួតជាប់គ្នា និងគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងបរាជ័យ៣ប្រកួតជាប់គ្នានៅ Premier League ។
Man Utd ដែលឈរនៅចំណាត់ថ្នាក់ទី១៤ នឹងត្រូវជួបក្រុមកំពូលតារាង Liverpool នៅកីឡដ្ឋាន Anfield ថែមទៀត សម្រាប់ជំនួបលីគសប្តាហ៍ទី២០ របស់ពួកគេ។ ក្រុមបិសាចក្រហមមិនធ្លាប់ទទួលជ័យជម្នះក្នុងការប្រកួតក្រៅដីក្នុងការប្រកួតលីគកំពូលទល់នឹង Liverpool ឡើយ គិតចាប់តាំងពីឆ្នាំ២០១៦មក។ បច្ចុប្បន្ន ក្រុមលោក Arne Slot មាន៤៥ពិន្ទុ នាំមុខក្រុមលោក Amorim ២៣ពិន្ទុ និងសល់មួយប្រកួតក្នុងដៃថែមទៀត។
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់អះអាងថា៖«កូនក្រុមខ្ញុំ មានភាពភ័យខ្លាច និងគ្មានជំនឿចិត្តក្នុងការយកឈ្នះគូប្រជែង Liverpool។ ខ្ញុំមើលទៅឃើញថាកីឡាករកំពុងព្យាយាម ប៉ុន្តែ ពួកគេដូចជាបារម្ភពេក ខ្លាចពេកក្នុងការលេងបាល់លើទីលាន ព្រោះនេះជាពេលវេលាដ៏លំបាក»។
លោក Amorim ក៏ទទួលស្គាល់ថា នៅពេលនេះខ្លួនមានសម្ភាធច្រើនក្រោយក្រុមនៅតែមានបញ្ហា។ យ៉ាងណាក៏ដោយ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ទទួលខុសត្រូវក្នុងកែលម្អប្រព័ន្ធលេងរបស់កូនក្រុម និងជួយកីឡាករឱ្យមានភាពប្រសើរឡើងវិញ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com