សាស្រ្តាចារ្យ ព្រឿង ឈៀង៖ ធនធានសិល្បៈ១០ភាគរយប៉ុណ្ណោះ រស់រានក្រោយថ្ងៃរំដោះ ៧ មករា
  • ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៧:១៩ នាទី ល្ងាច
សាស្រ្តាចារ្យ ព្រឿង ឈៀង៖ ធនធានសិល្បៈ១០ភាគរយប៉ុណ្ណោះ រស់រានក្រោយថ្ងៃរំដោះ ៧ មករា

ភ្នំពេញ៖ សាស្រ្តាចារ្យ ព្រឿង ឈៀង ជាគ្រូបង្រៀន នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាសិល្បករមួយរូប ក្នុងចំណោមវីរសិល្បករតិចតួច ដែលមានសំណាងរួចផុតពីរបបប្រល័យពូជសាស្ត្រខ្មែរក្រហម។ សាស្រ្តាចារ្យ ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា ក្នុងមហោស្របទូទាំងប្រទេសចុងទសវត្សរ៍ឆ្នាំ៨០ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងចំណោមធនធានសិល្បៈ ដែលមានសក្តានុពលក្នុងសម័យសង្គមរាស្រ្តនិយម ១០០ភាគរយ នៅសល់តែ ១០ភាគរយប៉ុណ្ណោះ ដែលរស់រានមានជីវិតក្រោយថ្ងៃរំដោះ ៧ មករា។
TTN-Free-Banner-In-Article-PC
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសរវាង លោក តុប វណ្ណារ៉ា អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយ សាស្រ្តាចារ្យ ព្រឿង ឈៀង ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចតទៅ៖



សាស្រ្តាចារ្យវ័យ ៧៥ រូបនេះប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ថ្លែងថា ក្នុងចំណោមធនធានសិល្បៈ ដែលនៅមានជីវិត ក្រសួងបែងចែកជា ២ផ្នែក ដោយមួយផ្នែកសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស និងមួយផ្នែកទៀតនៅនាយកដ្ឋានសិល្បៈ។ ការបណ្តុះបណ្តាលជំនាន់នោះ មានត្រឹមកម្រិតមធ្យមសិក្សាប៉ុណ្ណោះ ដោយមានសិស្សសរុបចំនួន ៤៨០នាក់ លើ ៥សាលា មានសាលរបាំ សាលាតូរ្យតន្ត្រី សាលាសូន្យរូប សាលាសៀក និងសាលាល្ខោន។
 
«សិល្បៈខ្មែរបានចាប់ផ្ដើមរស់ឡើងវិញតាមរយៈការចាំក្បាច់របស់អតីតសិល្បករ។ ទីពីរ គឺឯកសារភាពយន្តរបស់សម្ដេចឪ និងទីបី ឯកសារបរទេស ដែលគេថតពីសម័យអាណានិគម»។ នេះបើតាមវីរសិល្បកររបាំព្រះរាជទ្រព្យរូបនេះ។  
 

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅសាលាភូមិន្ទវិចិត្រ សិល្បៈ សាស្រ្តាចារ្យ បានបន្ថែមថា បើគ្មានឆន្ទៈមោះមុត គ្មានព្រឹទ្ធាចារ្យដែលស្រឡាញ់ប្តូរផ្តាច់នោះទេ សិល្បៈក៏មិនអាចរស់ឡើងវិញដែរ។ ព្រឹទ្ធាចារ្យដទៃទៀត ចេញពីរបបខ្មែរក្រហមមក វ័យកាន់តែចាស់ កម្លាំងក៏ខ្សោយ ប៉ុន្តែដោយមានឆន្ទៈរួមគ្នាបន្តិចម្តងៗ និងស្រាវជាវជាបន្តបន្ទាប់ ទើបធ្វើឱ្យសិល្បៈរស់ឡើងវិញ។
 
សូមជម្រាបថា វីរសិល្បករ ព្រឿង ឈៀង មានឈ្មោះដើមថា សេង ឈៀង ជាអតីតសិល្បកររបាំព្រះរាជទ្រព្យ ឯកទេសស្វា ដើរតួហនុមាន។ ដោយមានជីដូនជាគ្រូធំបង្ហាត់របាំព្រះរាជទ្រព្យ តាមដង្ហែព្រះមហាក្សត្រី កុសុមៈនារីរ័ត្ន សេរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិ លោកសាស្ត្រាចារ្យ ព្រឿង ឈៀង ត្រូវបានជីដូននាំមកថ្វាយខ្លួន និងចាប់ផ្ដើមចូលសិល្បៈពេញសិទ្ធិនៅអាយុ៨ឆ្នាំ ព្រមទាំងមានឱកាសចេញសម្ដែងនៅអារ៉ាប់រួម និងប្រទេសយូហ្គូស្លាវី នៅអាយុ៩ឆ្នាំទៀតផង៕


អ្នកសរសេរអត្ថបទ

លោក តុប វណ្ណារ៉ា  (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តុប វណ្ណារ៉ា