៥២ឆ្នាំក្រោយមក តារាភាពយន្ត សរ កេសរា ទើបឃើញចំណារដែលអ្នកនិពន្ធផ្ញើជូនខ្លួន
- ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ម៉ោង ៣:០១ នាទី រសៀល

ព្រោះតែជាទំនាក់ទំនងដែលមិនអាចឆ្លើយឆ្លងគ្នាបានភ្លាមៗដូចសម័យកាលឌីជីថល និងជាទំនាក់ទំនងដែលយកលម្អានប្រពៃណីជាធំ យុវជនខ្មែរពីសង្គមមុន មិនអាចរៀបរាប់អស់ពីទំហំចិត្តរបស់ខ្លួនប្រាប់គ្នាទៅវិញទៅមកនោះឡើយ។ ចំណារក្នុងសៀវភៅ ឬក្រដាស គឺជាមធ្យោបាយដ៏ពេញនិយម ប៉ុន្តែពេលខ្លះ ប្រៀបដូចជានារីសូវៀត ហ្គាលីយ៉ា ក្នុងរឿង «លិខិតដែលមិនបានផ្ញើ» របស់អ្នកនិពន្ធ អាដែន គូទូយ ដែលបានត្រឹមតែសរសេរសំបុត្ររៀបរាប់ពីទុក្ខសោករបស់ខ្លួន ប៉ុន្តែលិខិតទាំងនោះ មិនបានធ្លាក់ទៅដល់ដៃ អ៊ីស្កែនឌែ ដែលជាស្វាមីនោះឡើយ។ តើត្រូវរង់ចាំ១០ឆ្នាំប៉ុន្មានដង? ចំណាររបស់អ្នកនិពន្ធប្រលោមលោក ស. ស្រណោះ ត្រូវរង់ចាំ១០ឆ្នាំរហូតដល់ទៅជាង៥ដងឯណោះ ទើបទទួលបានការដឹងឮពីសំណាក់តារាភាពយន្ត សរ កេសរា ដែលគាត់បានផ្ញើជូនជាពិសេស។

«អ្នកនិពន្ធសូមផ្ញើ “ទំនួញវិប្បដិសារី” នេះ ដាច់មុខចំពោះកញ្ញា “ស-កេសរា” តារាថ្មីសម្តែងក្នុងរឿង “ទំនួញបង្គងក្អែក” របស់ផលិតកម្មអង្គរវត្តភាពយន្ត»។ នេះជាចំណារ អ្នកនិពន្ធ ស-ស្រណោះ ដែលសរសេរនៅលើអារម្ភកថាក្នុងសៀវភៅប្រលោមលោករបស់ខ្លួន កាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ១៩៧៣។

«ពិតជារំភើប និងសោកស្តាយជាទីបំផុត ដែលកន្លងផុតទៅ៥២ឆ្នាំហើយ ទើបខ្ញុំទទួលបានដំណឹងនេះ»។ អ្នកស្រី សរ កេសរា បានបង្ហាញពីអារម្មណ៍ចម្រុះយ៉ាងដូច្នេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ តាមរយៈ Messenger។ អ្នកស្រីអរគុណជាពិសេសដល់លោក ហង្ស សុខជា (Sokchea Hang) ដែលបានឱ្យអ្នកស្រីមើលឃើញចំណារដ៏មានអត្ថន័យមួយនេះ ពោលគឺកាលពីថ្ងៃទី៦ ខែមករា ដែលមានគម្លាតពេលកន្លះសតវត្សរ៍ទៅហើយ។
ស្ថិតនៅរដ្ឋ Illinois សហរដ្ឋអាម៉េរិក ដែលកំពុងគ្របដណ្តប់ដោយព្រិល ហើយត្រៀមធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វនីញ៉ានាថ្ងៃបន្ទាប់ តារាភាពយន្តជើងចាស់ សរ កេសរា និយាយស្វាគមន៍យ៉ាងរាក់ទាក់ និងរីករាយចំពោះសំណួរអំពីទំនាក់ទំនងរបស់អ្នកស្រី ជាមួយអ្នកនិពន្ធប្រលោមលោក ស-ស្រណោះ។ «ខ្ញុំចង់រកគាត់ ខ្ញុំពិតជាចង់ដឹងណាស់ តើគាត់នៅរស់ ឬយ៉ាងណា?»។
ជាទំនាក់ទំនងមិនស៊ីជម្រៅនោះឡើយ ដោយអ្នកទាំងពីរ បានស្គាល់គ្នាពេលរៀនថ្នាក់បំប៉នមុខវិជ្ជាគណិតវិទ្យា ខណៈពេលនោះ លោក ស្រណោះ ក្លាយជាអ្នកនិពន្ធរួចទៅហើយ។ អ្នកស្រី កេសរា បានអះអាងថា៖ «ខ្ញុំស្គាល់គាត់តិចទេ។ និយាយឱ្យត្រង់ ជំនាន់ហ្នឹង អ្នកគ្រូអត់សូវបានជិតស្និទ្ធជាមួយគេឡើយ ហើយតែងតែប្រយ័ត្នប្រយែង និងប្រកាន់ខ្លួនណាស់»។

អ្នកស្រី សរ កេសរា ថតជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា
តើអ្នកនិពន្ធរូបនោះ គិតយ៉ាងណាទៅលើអ្នកស្រី? តារាភាពយន្តជើងចាស់រូបនេះ មិនផ្តល់សេចក្តីសន្និដ្ឋានណាមួយឡើយ ដោយគ្រាន់តែបញ្ជាក់ថា ពេលរៀន លោក ស្រណោះ តែងតែសម្លឹងមើលខ្លួន ហើយចូលចិត្តផ្ញើសៀវភៅឱ្យខ្លួនមើល។
អ្នកស្រីរៀបរាប់ថា៖ «ភាគច្រើន ខ្ញុំមិនមើលមុខគាត់ឡើយ តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា គាត់មានសម្បុរស្រអែម សក់រួញ ដែលស្រដៀងនឹងគំនូរលើក្របសៀវភៅប្រលោមលោក [ទំនួញវិប្បដិសារី]។ គាត់ស្រស់ណាស់ ហើយភាគច្រើន ស្រីៗស្រឡាញ់គាត់ ប៉ុន្តែខ្ញុំមិនដឹងច្រើនទៀតឡើយអំពីគាត់»។
លោក ស- ស្រណោះ ជាអ្នកណា?
អ្នកស្រី សរ កេសរា មិនដឹងព័ត៌មានស៊ីជម្រៅអំពីជីវិត និងស្នាដៃរបស់អ្នកនិពន្ធប្រលោមលោកបែបមនោសញ្ចេតនារូបនេះឡើយ។ «យើងជួបគ្នាចុងក្រោយនៅដើមឆ្នាំ១៩៧៤ ឬចុងឆ្នាំ១៩៧៣ ខ្ញុំភ្លេចទៅ គាត់បានយកសៀវភៅរឿងមួយមកឱ្យ តែខ្ញុំមិនដែលយកចិត្តទុកដាក់អានទេ ព្រោះជំនាន់នោះ មិនចូលចិត្តអាន និយាយឱ្យត្រង់ ខ្ជិល»។ អ្នកស្រីបានរំលឹកយ៉ាងដូច្នេះ ប៉ុន្តែទទួលស្គាល់ថា លោក ស- ស្រណោះ ក៏ទទួលបានការជ្រោមជ្រែងខ្លាំងពីសមាគមអ្នកនិពន្ធនាសម័យនោះផងដែរ។

អ្នកស្រី សរ កេសរា បញ្ជាក់ថា អ្នកនិពន្ធ ស-ស្រណោះ មានរូបរាងភិនភាគ ដូចទៅនឹងគំនូរលើក្របសៀវភៅប្រលោមលោករបស់លោកផ្ទាល់
«ស្រណោះ» ពិតជាឈ្មោះរបស់គាត់ ប៉ុន្តែត្រកូល «ស-» មិនមែននោះឡើយ។ អ្នកស្រី កេសរា បានបញ្ជាក់យ៉ាងដូច្នេះ ដោយសន្និដ្ឋានថាឈ្មោះ ស- នោះ គឺយកតាមត្រកូល «សរ» របស់អ្នកស្រីតែម្តង។
បើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកចៅកម្ពុជា/Chao Kampuchea ប្រលោមលោករឿង «ទំនួញវិប្បដិសារី» របស់លោក ស-ស្រណោះ បានបង្កប់នូវទ្រឹស្តីថា « ស្នេហា កាយគឺជាអារម្មណ៍ ចិត្តគឺជាមនោសញ្ចេតនា..!»។
ម្ចាស់គណនីឈ្មោះ By Bun Thourk បានសរសេររៀបរាប់នៅលើសារបញ្ចេញមតិយ៉ាងដូច្នេះថា៖ «ស. ស្រណោះ គឺជាអ្នកនិពន្ធដែលចូលចិត្តសរសេររឿងក្នុងសង្គមពិតៗ គឺជាអ្នកនិពន្ធវ័យក្មេងដែលល្បីជាងគេចុងក្រោយបង្អស់នៃរបបសាធារណរដ្ឋ»។
តាមព័ត៌មានបន្ថែមដែលបង្ហាញដោយ លោក ហង្ស សុខជា, លោក ស. ស្រណោះ ជាអ្នកនិពន្ធមួយរូបដែលមានឈ្មោះបោះសំឡេង តាមរយៈស្នាដៃរឿង «ទំនួញវិប្បដិសារី», «ជនអាវាសែ»។ កន្លងទៅ លោកបានអានស្នាដៃរឿង «ទំនួញវិប្បដិសារី» ហើយក៏បានឃើញអារម្ភកថា ដែលអ្នកនិពន្ធផ្ញើជូនអ្នកស្រី សរ កេសរា ជាពិសេស។
អត្ថន័យនៃសាច់រឿង «ទំនួញវិប្បដិសារី» មិនដឹងជាស៊ីជម្រៅដល់ណានោះឡើយ តែសារព័ត៌មានឌីជីថលថ្មីៗ សូមមិនលម្អិតនោះទេ ដោយសារតែមិនទាន់បានអាន។ ទោះយ៉ាងណា បើផ្អែកតាមអារម្ភកថា រឿងនេះ និយាយពីយុវជនមួយរូបឈ្មោះ រដ្ឋ។ តើរដ្ឋជាយុវជនបែបណា? លោក ស-ស្រណោះ ឱ្យមិត្តអ្នកអានជួយវិនិច្ឆ័យ។ «គេសមជាមនុស្សស្អីទៅ ឆ្កួតឡប់ៗ ហ្អេះ។ គ្រប់យ៉ាងទាំងអស់នេះ មិនមែនជាលក្ខណៈធម្មជាតិរបស់ខ្ញុំដែលជាអ្នកនិពន្ធឡើយ.. ហើយក៏គ្រាន់តែជាការល្បងរកការពិត ពីចិត្តស្នេហាអក្សរសាស្ត្រនៃខ្ញុំប៉ុណ្ណោះ»។ លោក ស-ស្រណោះ បានសរសេរយ៉ាងដូច្នេះ ក្នុងស្នាដៃរបស់ខ្លួន មុនផ្ញើស្នាដៃ ដាច់មុខចំពោះកញ្ញា «ស-កេសរា»។
អ្នកស្រី សរ កេសរា៖ ខ្ញុំជាតារាភាពយន្តម្នាក់ដែលមិនសូវមានសំណាង
ធ្លាប់ជាដៃគូសម្តែងជាមួយលោក គង់ សំអឿន ជាពិសេសការចាប់ផ្តើមអាជីពក្នុងរឿង «ទំនួញបង្គងក្អែក» នៃផលិតកម្ម អង្គរវត្តភាពយន្ត របស់លោក គង់ សំអឿន ផ្ទាល់ អ្នកស្រី សរ កេសរា បានចាត់ទុកខ្លួនឯង ជាតារាភាពយន្តម្នាក់ដែលគ្មានសំណាង។


អ្នកស្រី សរ កេសរា ថតជាមួយតារាភាពយន្តដ៏ល្បីល្បាញជំនាន់ក្រោយ លោក ទេព រិន្ទដារ៉ូ និងតារាជំនាន់មុន គឺអ្នកស្រី វីរៈ តារា
យុវតី សរ កេសរា បានប្រឡូកក្នុងវិស័យភាពយន្តនាអំឡុងឆ្នាំ១៩៧២ ទាំងវ័យក្មេងខ្ចីក្នុងខ្ទង់ប្រមាណ១៧ឆ្នាំប៉ុណ្ណោះ។ អ្នកស្រីបានអះអាងពេលនោះ អ្នកស្រី មានរូបរាងដូចជាមនុស្សពេញវ័យ ដោយសារមាឌ «ត្រឡោក» ហើយវត្តមាននៅក្នុងរឿង «ទំនួញបង្គងក្អែក» ក៏កាន់តែទទួលបាននូវការចាប់អារម្មណ៍ជាពិសេសពីសំណាក់អ្នកនិពន្ធ ស-ស្រណោះ។
ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបជាមួយនឹងតារាជំនាន់មុនដូចគ្នា អ្នកស្រីជាតារាម្នាក់ដែលអត់សំណាង។ «ពេលចាប់ចាក់បញ្ចាំងរឿងដែលខ្ញុំសម្តែង គ្រាប់បែកត្រូវបំផ្ទុះនៅតាមរោងកុន។ អ៊ីចឹង អត់មានអ្នកណាស្គាល់ខ្ញុំទេ។ អភ័ព្វជាងនេះទៅទៀត កុនដែលខ្ញុំថតប៉ុន្មានរឿង ត្រូវខ្មែរក្រហមយកទៅបំផ្លាញអស់ទៅហើយ។ លោក គង់ សូភី [ប្អូនប្រុស លោក គង់ សំអឿន] ក៏បានប្រាប់ខ្ញុំអ៊ីចឹងដែរ»។

អ្នកស្រី សរ កេសរា ថតជាមួយអ្នកស្រី ឌី សាវ៉េត ដែលត្រូវបានគេស្គាល់ជាទូទៅ
កាន់តែមិនមានសំណាងទៀតនោះ គឺអ្នកស្រី សរ កេសរា បានបញ្ជាក់ថា សូម្បីតែពេលទៅដល់សហរដ្ឋអាម៉េរិក អ្នកស្រីថតបានមួយរឿងនៅឆ្នាំ១៩៨៩ ប៉ុន្តែក្រោយការចាក់បញ្ចាំងបាន២លើក អ្នកស្រីមិនដឹងថា ថៅកែយកកុននោះទៅទុកនៅឯណានោះឡើយ។ «មិនដែលមានសំណាងទេក្មួយ គេស្គាល់តិចណាស់!»។ អ្នកស្រី បានលើកឡើងយ៉ាងដូច្នេះ។
កាន់តែមិនមានសំណាងទៀតនោះ គឺអ្នកស្រី សរ កេសរា បានបញ្ជាក់ថា សូម្បីតែពេលទៅដល់សហរដ្ឋអាម៉េរិក អ្នកស្រីថតបានមួយរឿងនៅឆ្នាំ១៩៨៩ ប៉ុន្តែក្រោយការចាក់បញ្ចាំងបាន២លើក អ្នកស្រីមិនដឹងថា ថៅកែយកកុននោះទៅទុកនៅឯណានោះឡើយ។ «មិនដែលមានសំណាងទេក្មួយ គេស្គាល់តិចណាស់!»។ អ្នកស្រី បានលើកឡើងយ៉ាងដូច្នេះ។
បើតាមការស្រាវជ្រាវរបស់ក្រុមដំណើរខ្មែរ អ្នកស្រី សរ កេសរា ស្ថិតក្នុងចំណោមតារាភាពយន្តជាច្រើនក្នុងសម័យយុគមាសនៅចុងសម័យសាធារណរដ្ឋ។ អ្នកស្រីក៏បានចូលរួមសម្តែងជាតួបង្អូនតួឯក គឹម ណូវ៉ា ក្នុងរឿង «សំនៀងស្នេហ៍កម្ម» របស់ផលិតកម្មកេន្នរភាពយន្តនៅឆ្នាំ១៩៧៣ ផងដែរ ដោយពេលនោះ គាត់កំពុងសិក្សាថ្នាក់ទី៣ទំនើបនៅវិទ្យាល័យ១៨មីនា។
ក្រោយមក អ្នកស្រីបានទទួលថតភាពយន្តជាបន្តបន្ទាប់ រហូតបានសម្តែងជាតួឯកក្នុងខ្សែភាពយន្តរឿងស្រអែមផល្លា របស់ផលិតកម្មម្ទេសខ្មាំងភាពយន្ត។ ឆ្នាំ១៩៧៥ មុនការមកដល់របបកម្ពុជាប្រជាធិបតេយ្យ អ្នកស្រី មានសំណាងចាកចេញទៅកាន់ប្រទេសបារាំង ហើយបន្តរស់នៅសហរដ្ឋអាម៉េរិករហូតដល់បច្ចុប្បន្ន។
ទោះបីជាយ៉ាងណាក៏ដោយ អតីតតារាភាពយន្តរូបនោះ នៅតែបន្តប្រឹងប្រែងលើកកម្ពស់វិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ន តាមរយៈការបង្កើតផលិតកម្ម កេសារា (KSR Production)។ ជាមួយនឹងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមសិល្បករក្នុងស្រុក ផលិតកម្មរបស់អ្នកស្រី ក៏បានផលិត ក៏ដូចជានាំយកភាពយន្តខ្មែរទៅចាក់បញ្ចាំងនៅសហរដ្ឋអាម៉េរិកផងដែរ៕

អ្នកស្រី សរ កេសរា ពេលជួបជាមួយលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី
អ្នកសរសេរអត្ថបទ
លោក អ៊ឹង ចំរើន (Ung Chamroeun) មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com