​បាវចាស់ៗធ្វើពីក្រចៅ​ជាច្រើន មានតាំងលម្អនៅ​ហាង​កាហ្វេទំនើប
  • ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣០ នាទី ព្រឹក
​បាវចាស់ៗធ្វើពីក្រចៅ​ជាច្រើន មានតាំងលម្អនៅ​ហាង​កាហ្វេទំនើប

ភ្នំពេញ៖ ក្រៅ​ពី​ឧបករណ៍​សោតទស្ស ភាជនៈ​​​​ ​ជញ្ជីង កេស និងបំពង់ទឹករក្សាកម្តៅ​បុរាណ​​ នៅ​ជាន់​ក្រោម​ និង​ជាន់​លើ​សាខា​ហាង​កាហ្វេ TEMPLE នៃ​វិថី​ឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២​៩៤) សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ គេ​ដាក់​តាំង​លម្អបាវធ្វើ​ពី​ខ្សែ​ក្រចៅ​ច្រើន​ណាស់​។ ពិបាក​ដឹង​ថា​ វា​មាន​អាយុ​កាល​ប៉ុន្មាន​ឆ្នាំ ខណៈគេ​ធ្វើ​បាវ​អំពី​ក្រចៅ​តាំង​ពី​យូរ​មក​ហើយ ហើយ​គេ​ផលិត​បាវ​បែប​នេះ ​សភាព​ដូចគ្នា ​រហូត​ដល់​ចុង​សតវត្ស​ទី២០។ ម្យ៉ាង​ទៀត​មាន​បាវ​ធំ បាវ​តូច គ្រប់​ខ្នាត។​​ខ្លះ ​ក៏​មាន​ពណ៌ ដែល​ត្រូវ​បាន​បោះ​ពុម្ព​ទៀត។ គេ​ដាក់តាំង​បាវ​ទាំង​អស់​នោះ ដោយ​ដាក់​ស្រូវបំពេញ​វា ហើយ​ត្រួត​លើ​ពី​គ្នា នៅ​កន្លែង​ផ្សេងៗ​។
TTN-Free-Banner-In-Article-PC
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ពី​ដើមមក មនុស្ស​យើង​ធ្វើ​ខ្សែ​ពី​ធាតុដើម​ធម្មជាតិ​ប៉ុណ្ណោះ ឧទាហរណ៍អំពី​រោម​សត្វ ដូចជា​សត្វចៀម ឬ​ពីសរសៃសត្វ ដូចជា​ដង្កូវ​នាង និង​អំពី​រុក្ខជាតិ ដូច​ជា​ដើមអំបោះ ឬដើម​ក្រចៅ​។ សម័យ​ឥឡូវនេះ គេ​ធ្វើខ្សែ​ពីលោហធាតុ និង​ប្រេងឥន្ទនៈ។ យ៉ាងណា​ក៏​ដោយ ក៏​គេ​មិន​បាន​បោះបង់​ការ​ផលិត​ខ្សែ​ពី​ធាតុធម្មជាតិនៅឡើយ។ បើទោះមានតម្លៃ​ថ្លៃ​ជាងក៏ដោយ ​វា​មិន​ប៉ះពាល់​ដល់បរិស្ថាន (លើក​លែង​តែ​ប្រើ​ជាតិគីមី)។ ម្យ៉ាងក្រចៅ ​ជា​ធនធាន​ដែល​កើត​ឡើង​វិញ ហើយ​វា​ស្អាត​ជាង។ កាល​ពី​មុន​ នៅ​ប្រទេស​កម្ពុជា គេ​ដាំ​ដើមក្រចៅ​ច្រើន ដើម្បី​យក​ទៅ​ធ្វើ​ខ្សែ។ នា​ពេល​ឥឡូវ​នេះ នៅ​សល់​ចំការ​ក្រចៅ​​ច្រើន ​នៅ​ខេត្ត​បាត់ដំបង ហើយ​នៅ​ខេត្ត​ផ្សេងៗក៏នៅសល់​ខ្លះ​ដែរ ជាពិសេសនៅ​ខេត្ត​កំពង់ចាម និងខេត្តកណ្ដាល។ ការ​ថយចុះ​នេះ មក​ពី​ទី​ផ្សារ​ធ្លាក់ចុះ។
 

ដើម​ក្រចៅ ​គឺ​ជា​ដើម​ផ្កា។ វា​មាន​កម្ពស់​ប្រហែល ​២ម៉ែត្រ។ ស្លឹក​របស់វា​ស្រួច​ណាស់។ រុក្ខជាតិ​នេះ ​មាន​ពណ៌​បៃតង។ ដើម​វា​ត្រង់​ល្អ ទទឹង​ប្រហែលមួយ ទៅពីរ​សង់ទីម៉ែត្រ។ កាប់​ហើយ គេ​ដក​ស្លឹក​ចេញ។ ចាស់ៗ​ យក​ធ្វើ​ជា​ថ្នាំ​ជក់។ រីឯដើម​វិញ គេ​យក​ទៅ​ទាក់បំបែក​ដក​សំបក​ចេញ ព្រោះ​វា​រឹង​ពេក។ រួចហើយ​គេ​យកសរសៃទៅ​ហាល​ថ្ងៃរហូត​ដល់វា​ក្រៀម។ នោះ​ទើប​​អាច​យក​សរសៃ ដែលមាន​រាប់រយ​ក្នុង​មួយ​ដើម។ បន្ទាប់​មក​គេ​ប្រើ​ម៉ាស៊ីន ដើម្បី​ត​សរសៃ​ ធ្វើ​ជា​ខ្សែទទឹង​ប្រហែល ២​មីលីម៉ែត្រ។ ជា​ចុង​ក្រោយ​គេ​ប្រើម៉ាស៊ីនរុំវា​​ជា​ដុំៗ។
 
ហាង​ TEMPLE ជា​អាហារដ្ឋាន ហាង​កាហ្វេ និង​ឌីស្កូទែក ​ដែល​តុបតែង​ជាមួយ​វត្ថុ​បុរាណ។ Temple គឺជា​ពាក្យ​បារាំង ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ប្រាសាទ។ ពី​ដំបូង​ត្រូវ​បាន​បង្កើត​យីហោ​នេះ ​នៅ​ក្រុង​សៀមរាប ពីព្រោះវត្ថុ​បុរាណ​សម​នឹង​ប្រាសាទ​បុរាណ ដែល​មាន​ចំនួន​២០០ នៅ​ឯ​អង្គរ។ ហើយ​តាំង​ពី​ជំងឺ​កូវីដ​បាន​ផ្ទុះ​ឡើង ក៏​មាន​ហាង TEMPLE នៅ​រាជធានី​ភ្នំ​ពេញ​ផង​ដែរ​​៕
 
Relate:  
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

នាយយ៉ាន