TEMPLE ហាងកាហ្វេដែលប្រើប៉ាន់តែ កំសៀវចាស់ៗ និងសម្ភារប្រើប្រាស់ផ្សេងទៀតជាវត្ថុលម្អ
- ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី ព្រឹក

ភ្នំពេញ៖ ក្រៅពីឧបករណ៍សោតទស្សន៍ ភាជនៈ ជញ្ជីង កេស បាវ និងបំពង់ទឹករក្សាកម្តៅបុរាណ នៅជាន់ក្រោម និងជាន់លើ នៃហាងកាហ្វេ TEMPLE ដែលស្ថិតនៅវិថីឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គេដាក់តាំងលម្អប៉ាន់តែ និងកំសៀវចាស់ៗមួយចំនួន។ យើងពិបាកដឹងថា វាមានអាយុកាលប៉ុន្មានឆ្នាំ ខណៈសតវត្សទី២០ គេនៅតែបន្តផលិតឧបករណ៍ដែលប្រើប្រាស់សម្រាប់ដាំទឹក និងឆុងតែ រហូតដល់បច្ចុប្បន្ន។ ក្នុងចំណោមប៉ានតែ និងកំសៀវទាំងនោះ មានប៉ាន់តែពណ៌ស រូបចិន រាងស៊ីឡាំង ធ្វើអំពីសេរ៉ាមិក ៧គ្រឿង។ កាលពីពេលមុន ប៉ាន់តែប្រភេទនេះ វាពេញនិយម នៅចុងបូព៌ា ហើយរហូតដល់សព្វថ្ងៃនេះ នៅសេសសល់ច្រើនដែរ។ មានប៉ាន់តែពណ៌ដែក រូបឆ្លាក់បែបថៃ រាងស៊ីឡាំង ធ្វើអំពីលោហធាតុ ១គ្រឿង។ ប៉ាន់តែប្រភេទនេះ កម្រមាន។ មានកំសៀវពណ៌ដែក ឥតរូបរាងមូល ធ្វើអំពីលោហធាតុ ៣គ្រឿង។ វាមានបង្កាន់ដៃ ធ្វើអំពីឈើខាងលើ។ ដោយសារគេបានប្រើវារយៈពេលច្រើនឆ្នាំណាស់ វាខ្មៅអស់រលីង ! កំសៀវប្រភេទនេះ ពេញនិយមនៅចុងបូព៌ា ហើយរហូតដល់សព្វថ្ងៃនេះ នៅសេសសល់ច្រើនដែរ។ ប៉ានតែ និងកំសៀវ ស្ទើរតែទាំងអស់នោះ នៅតែបំពាក់គម្រប។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
តែ គឺជាភេស្ជៈមួយប្រភេទ ដែលនិយមណាស់នៅទ្វីបអាស៊ី ពីព្រោះកាលពីសម័យបុរាណ នៅតំបន់នេះមានដាំតែ ដែលបច្ចុប្បន្នជាប្រទេសមីយ៉ាន់ម៉ា ឬប្រទេសថៃ ភាគខាងជើង។ គេបានដាំដើមតែមុនគេបង្អស់ នៅបច្ចុប្បន្នប្រទេសចិនខាងត្បូង។ នៅឯប្រទេសចិន ប្រាកដថា គេឆុងស្លឹកតែតាំងពីជិត ៥០០០ឆ្នាំមកហើយ។ ទន្ទឹមនឹងនេះពាក្យខ្មែរថា តែ ជាពាក្យកម្ចីពីភាសាចិន។ ក្រៅពីទ្វីបអាស៊ីវិញ គេទទួលទានតែនាំចូល តាំងពីសតវត្យទី១៧។
ហាង TEMPLE ជាអាហារដ្ឋាន ហាងកាហ្វេ និងឌីស្កូទែក ដែលតុបតែងជាមួយវត្ថុបុរាណ។ Temple គឺជាពាក្យបារាំង ដែលបកប្រែជាភាសាខ្មែរថា ប្រាសាទ។ ពីដំបូងត្រូវបានបង្កើតយីហោនេះ នៅក្រុងសៀមរាប ពីព្រោះវត្ថុបុរាណសមនឹងប្រាសាទបុរាណ ដែលមានចំនួន២០០ នៅឯអង្គរ។ ហើយតាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើង ក៏មានហាង TEMPLE នៅរាជធានីភ្នំពេញដែរ៕
អត្ថបទទាក់ទង
:


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: